រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម ២៣ឆ្នាំ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុម U23 អូម៉ង់ ក្រោយបញ្ចប់ការប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC U23 Asian Cup Saudi Arabia 2026) ប្រចាំពូល G ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផលគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា ខណៈ១គូទៀតក្នុងពូលជាមួយគ្នា ក្រុម U23 អ៊ីរ៉ាក់ បានបំបាក់ក្រុម U23 ប៉ាគីស្ថាន ដោយលទ្ធផល ៨-១។
តាមរយៈលទ្ធផលកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៥ អ៊ីរ៉ាក់ឡើងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយកម្ពុជា អូម៉ង់ ចំណែកប៉ាគីស្ថាននៅបាតតារាង។ ការប្រកួតបន្ទាប់ ធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអូម៉ង់ ត្រូវប៉ះ អ៊ីរ៉ាក់ វេលាម៉ោង ៤នាទីរសៀល មុនពេលប៉ាគីស្ថាន ប៉ះ កម្ពុជា នៅម៉ោង ៧នាទីយប់។
សូមជម្រាបថា កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះទាំងអស់ប្រចាំពូល G រួមជាមួយក្រុម U23 អ៊ីរ៉ាក់, អូម៉ង់ និងប៉ាគីស្ថាន ដោយការប្រកួតចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ដ្បិតការប្រកួតវគ្គជម្រុះនេះ មានសរុបចំនួន ៤៤ក្រុមចូលរួមប្រកួត ចែកចេញជា ១១ ពូល ដោយ ១ ពូលមាន ៤ ក្រុម។
ក្រុមចំណាត់ថ្នាក់លេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ល្អ ចំនួន ៤ ក្រុម នឹងបន្តទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, IFA និង AFC




ចែករំលែកព័តមាននេះ