ប្រទេសបារាំង ៖ ក្រុមបាល់ទាត់បុរសឈុតធំរបស់ក្លិប Lyon ម្ចាស់ជើងឯកលីគកំពូលបារាំង Ligue 1 ចំនួន៧សម័យកាល ត្រូវបានទម្លាក់ទៅកាន់លីគលំដាប់ទី២ Ligue 2 ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លិប។ នេះបើតាមប្រភពពីសារព័ត៌មាន BBC និង Sky Sports បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ក្រុមដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំងមួយនេះ ត្រូវបានទម្លាក់ទៅ Ligue 2 ជាបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយ DNGC ដែលជាស្ថាប័នត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់អាជីពនៅក្នុងប្រទេសបារាំង។ មន្ត្រីក្លិប Lyon រួមទាំងម្ចាស់ក្លិប លោក John Textor បានជួបជាមួយ DNGC កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ប៉ុន្តែបានបរាជ័យក្នុងការបញ្ចុះបញ្ចូលស្ថាប័នមួយនេះថា ក្លិបបានកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីគេចផុតពីទណ្ឌកម្ម។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Eagle Football Group របស់សេដ្ឋីសញ្ជាតិអាមេរិក ដែលមានភាគហ៊ុនរហូតដល់ ៧៧% ក្នុងក្លិប Lyon បានប្រកាសជាប់បំណុលទឹកប្រាក់ចំនួន៤២២លានផោន ឬ ៥៧៥លានដុល្លារអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Lyon បានប្រកាសថា ការសម្រេចចិត្តរបស់ DNGC គឺជាការសម្រេចមិនអាចយល់បាន ហើយបានបញ្ជាក់ទៀតថា ពួកគេនឹងប្តឹងឧទ្ធរណ៍។
ការកាត់ចោលក្រុម Lyon ទៅកាន់លីគលំដាប់ទី២ អាចបង្ហាញអំពីក្តីសង្ឃឹមរបស់ក្រុម Crystal Palace សម្រាប់កៅអីប្រកួតពានរង្វាន់ UEFA Europa League នៅរដូវកាលក្រោយ។ បច្ចុប្បន្ន សិទ្ធិចូលរួមរបស់ Crystal Palace សមាជិកលីគកំពូលអង់គ្លេស Premier League កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែច្បាប់របស់ UEFA ដែលរារាំងក្លិបលើសពី ២ ស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ក្លិបតែមួយ ដែលប្រកួតប្រជែងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅក្នុងពេលតែមួយ។ ដ្បិត លោក John Textor Textor បានកាន់កាប់ភាគហ៊ុនក្នុងក្លិបទាំង Lyon និង Crystal Palace បើទោះបីជាលោកបានយល់ព្រមលើកិច្ចព្រមព្រៀងលក់ភាគហ៊ុន ៤៣% របស់លោកក្នុងក្លិប Crystal Palace កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ យ៉ាងណាក៏ដោយ៕


ចែករំលែកព័តមាននេះ