ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុនខ្មែរកំពុងប្រឈមវិបត្តិកង្វះធនធានកីឡាការិនី

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​នេះ មាន​ស្ថានីយទូរទស្សន៍​ចំនួន​៦ បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​គុនខ្មែរជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ ដោយ​ក្នុង​នោះ សង្វៀន​ទូរទស្សន៍បាយ័ន និង​ថោ​ន មាន​៥​កម្មវិធី​ដូច​គ្នា…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​នេះ មាន​ស្ថានីយទូរទស្សន៍​ចំនួន​៦ បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​គុនខ្មែរជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ ដោយ​ក្នុង​នោះ សង្វៀន​ទូរទស្សន៍បាយ័ន និង​ថោ​ន មាន​៥​កម្មវិធី​ដូច​គ្នា រីឯ​សង្វៀន​ទ​ទក មាន​២​កម្មវិធី ចំណែក​សង្វៀន​CNC ប៉ុស្តិ៍​លេខ​៥ និង​សង្វៀន​PNN មាន​១​កម្មវិធី​ដូច​គ្នា ។ នៅ​ក្នុង​កម្មវិធី​ទាំង​១៥​នេះ មាន​កីឡាករ កីឡាការិនី​ចន្លោះ​ពី​១៥០ ទៅ​១៨០​នាក់ ក្នុង​នោះ​មាន​បរទេស​ប្រមាណ​២៥​ទៅ​៣៥​នាក់ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ជា​រៀង​រាល់​ស​ប្តា​ហ៍នៅ​តាម​សង្វៀន​ធំ​ៗ​ទាំង​៦​នេះ ហើយ​បន្ថែម​នេះ ក៏​នៅ​មានកម្ម​វិធី​ប្រកួត​ប្រដាល់​បែប​ថ្នាល ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តាម​ក្លិប​មួយ​ចំនួន ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ចំនួន​អ្នកប្រដាល់ដ៏​ច្រើន ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួតនៅ​តាម​សង្វៀន​ជា​រៀង​រាល់​ស​ប្តា​ហ៍​នេះ គឺ​ជាង​៩៥​ភាគរយជា​ការ​ប្រកួត​របស់​កីឡាករ ចំណែក​ការ​ប្រកួត​របស់​កីឡាការិនី​មាន​មិន​ដល់​៥​ភាគរយ​ផងទេ ។ ​ការ​ខ្សត់​ទីផ្សារ​ប្រកួត​សម្រាប់​កីឡាការិនីនេះ បាន​កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគេមួយ​ចំនួន​ធំបាន​បង្ខំចិត្ត​បោះបង់​ចោល​អាជីព​ឈឺសាច់នេះ​ទាំង​ឈឺចាប់ ព្រោះ​មិន​អាច​រកបាន​ប្រាក់​កម្រៃ​គ្រប់គ្រាន់យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​តាម​រយៈ​ការ​ប្រកួត​នេះ ។

ជាក់ស្ដែងកីឡាការិនី​គុន​ខ្មែរ ធឿ​ន ស្រី​នី បាន​ត្រឡប់​ទៅ​ធ្វើការ​រោងចក្រ​តម្បាញ​វិញ ក្រោយ​ពី​រូបនាងបាន​ឈប់​អស់​រយៈពេល​១​ខែ​។ មូលហេតុ ដែល​ធ្វើ​ឲ្យ​កីឡាការិនី​រូប​នេះ ត្រឡប់​ទៅ​អាជីព​ដើម​វិញ ដោយសារ​តែ​នាងមិនសូវ​ទទួល​បានការ​ប្រកួត ខណៈ​គ្រួសារ​កំពុង​ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត​ ។ លោក រស់ សុ​ជា គ្រូបង្វឹក​របស់​កីឡាការិនី​រូប​នេះ បាន​ប្រាប់​ថា ស្រី​នី អស់សង្ឃឹម មិន​មាន​កម្លាំងចិត្ត​ក្នុង​ការ​ហ្វឹកហាត់ ហើយ​ព្រមទាំង​ធ្លាក់​ខ្សោយ​សមត្ថភាពផង​ដែរ​។

ធឿ​ន ស្រី​នី បាន​ឈប់​ធ្វើការ​រោងចក្រ​ម្ដង​រួច​មក​ហើយ នៅ​ខែតុលា ដើម្បី​បុក​ហ្វឹក​ហាត់គុន​ខ្មែរ និង​សម្រួច​សមត្ថភាព​ខ្លួនឲ្យ​ក្លាយជា​កីឡាការិនី​ឆ្នើម តាម​ក្ដី​ស្រមៃ​។ ប៉ុន្ដែ​កីឡាការិនី​រូប​នេះ ឈប់​បាន​ត្រឹមតែ​មួយ​ខែ ជីវភាព​គ្រួសារ ខ្វះខាត​ខ្លាំង ព្រោះ​ទទួល​បានការ​ប្រកួត​តែ​១​ដង​ក្នុង​១​ខែ​ប៉ុណ្ណោះ​។ ចំណូល​នេះ មិន​អាច​ជួយ​ដល់​តម្រូវការ​គ្រួ​សារបាន​។

លោក រស់ សុ​ជា បារម្ភ​ថា​ សមត្ថភាព​របស់​កីឡាការិនី​រូប​នេះនឹង​ធ្លាក់​ចុះ ព្រោះតែ​បច្ចុប្បន្ន ស្រី​នី កំពុង​បាក់ទឹកចិត្ត និង​មិន​មាន​ស្មារតី​ប្រឹងប្រែង​ហ្វឹកហាត់ ដោយសារ​តែ​មិនសូវ​មាន​សង្វៀន​ចាប់​គូ​ឲ្យ​ប្រកួតបាន​២-៣​លើក​ក្នុង​១​ខែ​។ ប្រកួត១លើកបាន៥០មុឺនរៀលប៉ុណ្ណោះអ៊ីចឹង​ពិបាក​ក្នុង​ការ​ជួយ​គ្រួសារ​ណាស់ ។

ធឿ​ន ស្រី​នី ត្រូវ​បាន​អ្នកគាំទ្រទទួលស្គាល់​ថា​ ជា​ថ្នាល​កីឡាការិនី​គុន​ខ្មែរ ដែល​មាន​បច្ចេកទេស និង​សមត្ថ​ភាពល្អ​។ កីឡាការិនី​រូប​នេះ ពូកែ​ខាង​ក្បាច់​ទាត់​គល់​រំ​ជួយ​មេឃ ដែល​ជា​ហេតុ​អ្នកគាំទ្រ ដាក់​រហស្ស​នាម​ឲ្យ​ថា​«​អ្នកលេង​ជើង​ក្រោម​»​។ កីឡាការិនី​វ័យ​១៩ ឆ្នាំ​នេះ ធ្លាប់​ឡើង​ប្រកួត​គុន​ខ្មែ ១៩​លើក ក្នុង​នោះ​ឈ្នះ​១៥ និង​ចាញ់​៤​។ ក្រៅពី​គុន​ខ្មែរ ស្រី​នី ក៏​ធ្លាប់​ប្រកួត​ប្រដាល់សកល​ជើងឯក​ថ្នាក់​ជាតិ បាន​មេដាយ​សំរឹទ្ធ​១ និង​ប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង ជើងឯក​ថ្នាក់​ជាតិ បាន​មេដាយ​សំរឹទ្ធ​១ ផង​ដែរ​។

រំលឹក​ទៅ​ដល់​បញ្ហា​នេះ កីឡាការិនី​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ វី ស្រី​ឆាយ ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធសម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នោះ បាន​ទទួលស្គាល់​ថា ការ​រក​ទីផ្សារ​ប្រកួត​សម្រាប់​កីឡាការិនី​ពិតជា​មានការ​ពិបាក ដែល​ធ្វើ​ឱ្យ​កីឡាការិនី​មួយ​ចំនួន​ធំបង្ខំចិត្ត​បញ្ចប់​អាជីព​នេះ ។

ស្រី​ឆាយ បាន​និយាយ​ថា​ ​ការ​ខំ​ហាត់តែ​មិនសូវ​បាន​ឡើង​ប្រកួត ធ្វើ​ឱ្យ​យើង​មានការ​ពិបាក​ទាំង​ទៅ​លើ​ការ​ពង្រឹងសមត្ថភាព បច្ចេកទេស និង​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ បើ​យើង​មិន​មានការ​ងារ​អ្វី​អាច​រក​ចំណូល​បន្ថែម​លើ​ការ​ប្រដាល់​នេះ​ទៀត គឺ​មានការ​ពិបាក​ខ្លាំងហើយ​ខ្លួននាងផ្ទាល់ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ផង​ដែរ ប៉ុន្តែ​ឥឡូវ​ខ្លួនបាន​ជាប់​ក្នុង​ក្រប​ខណ្ឌ​ទាហាន កាល​ឆ្នាំ​២០២៣ ដែល​មាន​ប្រាក់​របប​ជា​ប្រចាំខែ អ៊ីចឹង​បើ​ទោះបីជា​យូរ​ៗ​បាន​ប្រកួត​ម្តង ក៏​មិនជា​ជួប​បញ្ហា​ខ្លាំង​ដូច​មុន​ដែរ​។

វី ស្រី​ឆាយ បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ការ​ខ្សត់​ទីផ្សារ​ប្រកួត​សម្រាប់​កីឡាការិនី បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨​មក ហើយ​នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ គឺ​លែង​មានតែ​ម្តង គឺ​ទើបតែ​ឆ្នាំ​២០២៤​នេះ​ទេ ដែល​ទីផ្សារ​ប្រកួត​របស់​កីឡាការិនីចាប់ផ្តើម​កម្រើក​វិញ ។ កង្វះធនធាន​កីឡាការិនី​នៅ​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​គុនខ្មែរ ហើយ​ចំពោះ​បញ្ហា​នេះ នាងស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុ​ខ​ខ្មែរ ក៏​ដូច​ជា​ម្ចាស់​សង្វៀន​ទូរទស្សន៍ទាំងអស់ សូម​ចាប់​គូ​ឱ្យ​មានការ​ប្រកួត​សម្រាប់​នារី​ឱ្យ​បាន​ច្រើន​ផង ។ ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេ​ម​រូប​នេះ ក៏​ស្នើ​ទៅ​នារីដែល​ស្រឡាញ់​កីឡា​នេះចូល​ហ្វឹកហាត់ ផងដែរព្រោះ​បើ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ហើយ​ចំនួន​កីឡាការិនី​មាន​ចំនួន​តិច ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដដែល ។

ជុំវិញ​បញ្ហា​កង្វះ​ធនធាន​កីឡាការិនី​នេះដែរឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​
គុន​ខ្មែរ បាន​អះអាង​ថា សហព័ន្ធបាន​ចេញ​គោលការណ៍​ទៅ​គ្រប់​ស្ថានីយនិង​ដៃគូ​អភិវឌ្ឍ​ថា រាល់​កម្មវិធី​ប្រកួតត្រូវ​តែ​មាន​គូ​នារី​១​គូ ឬ​ក៏​គូ​យុវជន​ថ្នាល ហើយ​ការ​ជំរុញ​នេះ ដើម្បី​ឱ្យ​ទីផ្សារ​ប្រកួត​របស់​នារី​មានការ​កើនឡើង ។

ទន្ទឹម​គ្នា​នេះដែរ ឯកឧត្តមក៏​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ធ្វើ​ម៉េច​ឱ្យ​យុវនារី ទាំង​អាយុ​ក្រោម​១៣​ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ ចូល​ហ្វឹកហាត់​ប្រដាល់​ឱ្យ​បាន​ច្រើន ព្រោះ​សហព័ន្ធនឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​សម្រាប់​យុវជន​ថ្នាល និង​ផ្នែក​នារី ពី​ចន្លោះ​អាយុ​១៣​ទៅ​១៦​ឆ្នាំ នា​ពេល​ឆាប់​ៗ​នេះ ដើម្បី​ជំរុញ​ឱ្យ​មាន​កីឡាការិនី​ចូលរួម​កាន់តែ​ច្រើន ។

គួររំលឹកថា ប្រដាល់គុនខ្មែរដែលផ្តើម​ចេញពី​ការ​ប្រកួត​ស្ម័គ្រចិត្តនៅ​តាម​វត្ត​អារាម និង​កម្មវិធី​បុណ្យ​ទាន​តាម​ភូមិជា​លក្ខណៈ​កម្សាន្ត​នោះ បានចាប់ផ្តើម​បង្កើតកម្មវិធីប្រកួត និង​មានការ​ផ្សាយ​ផ្ទាល់​តាមកញ្ចក់ទូរទស្សន៍ នៅ​ពេល​សង្វៀន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​១៩៩៥ ហើយ​ក្រោយមក​ក៏​មាន​សង្វៀនទូរទស្សន៍​មួយ​ចំនួន​ទៀត​បើក​ជា​បន្តបន្ទាប់ ។

ការ​ប្រកួត​ប្រដាល់​នៅ​តាម​សង្វៀនទូរទស្សន៍​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ មាន​ក្លិប​ប្រដាល់​ជិត​១០០ បាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ក្រោម​ការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ តែ​ក៏​មាន​ក្លិប​មួយ​ចំនួន​បាន​បិទទ្វារ ហើយ​ក្លិប​ថ្មី​ៗ​មួយ​ចំនួន​ទៀត ក៏​បាន​បើក​ដំណើរការធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​បណ្តុះ​ធនធាន​កីឡាករ កីឡាការិនី សម្រាប់​បម្រើ​ដល់ទី​ផ្សារ​ប្រកួត​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍នៅ​តែ​មាន​មិន​ដាច់ បើ​ទោះបីជា​កម្មវិធី​ប្រកួត​របស់​សង្វៀន​ទូរទស្សន៍ មានការ​កើនឡើង​ខ្លាំងក្ដី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ