អបអរសាទរ! ជប៉ុនជាប្រទេសដំបូងគេកក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦
ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមិនមែនម្ចាស់ផ្ទះដំបូងគេបង្អស់ (Non-host) កក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលរួមមានសហម្ចាស់ផ្ទះកាណាដា…
ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមិនមែនម្ចាស់ផ្ទះដំបូងគេបង្អស់ (Non-host) កក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលរួមមានសហម្ចាស់ផ្ទះកាណាដា…
ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមិនមែនម្ចាស់ផ្ទះដំបូងគេបង្អស់ (Non-host) កក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលរួមមានសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិករង់ចាំនៅទីនោះស្រេច បន្ទាប់ពីយកឈ្នះបារ៉ែនលទ្ធផល ២ទល់នឹង០ នៅក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។
ខ្សែបម្រើប្រយុទ្ធ Daichi Kamada របស់ក្រុម Crystal Palace និងខ្សែបម្រើប្រយុទ្ធស្លាប Takefusa Kubo របស់ក្រុម Real Sociedad គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះជូនក្រុមសាមូរ៉ៃជប៉ុនកក្រើកកីឡដ្ឋាន Saitama។ ហើយតាមរយៈលទ្ធផលនេះ គឺគ្រប់គ្រាន់សម្រាប់ជប៉ុនឈ្នះកៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះរួមគ្នា ក៏ដូចជាប្រទេសដំបូងគេបង្អស់ ដែលបានកក់កៅអីព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នៅឆ្នាំក្រោយផងដែរ។
ជប៉ុនស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Hajime Moriyasu បានបញ្ចប់នៅកំពូលតារាងពូល B ការប្រកួតជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ជាមួយកំណត់ត្រាឈ្នះទាំង៦ប្រកួត (លេង២ជើង) លើកូរ៉េខាងជើង ស៊ីរី និងមីយ៉ាន់ម៉ា ដោយស៊ុតបញ្ចូលទីបាន២៤គ្រាប់ និងមិនរបូតសូម្បីតែ១គ្រាប់។ ឈានដល់ការប្រកួតជម្រុះជុំទី៣ ជប៉ុនដែលឈ្នះកក់កៅអី World Cup 2026 ដោយស្វ័យប្រវត្តិ ក៏កំពុងតែបន្តឈរនៅកំពូលតារាងពូល C ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ ៦ និងស្មើ ១ មាន១៩ពិន្ទុ តាមពីក្រោយដោយអូស្ត្រាលីមាន១០ពិន្ទុ អារ៉ាប៊ីសាអូឌីតមាន៩ពិន្ទុ និងឥណ្ឌូណេស៊ី បារ៉ែន និងចិន ដែលមាន៦ពិន្ទុស្មើគ្នា ដ្បិតនៅសល់៣ប្រកួតទៀត ទើបបញ្ចប់ការប្រកួត។
ការប្រកួតបន្ទាប់របស់ជប៉ុន ៖
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ត្រូវទទួលក្រុមភ្ញៀវអារ៉ាប៊ីសាអូឌីត
-ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវប៉ះម្ចាស់ផ្ទះអូស្ត្រាលី
-ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវទទួលក្រុមភ្ញៀវឥណ្ឌូណេស៊ី
គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ចាប់ផ្តើមអនុវត្តទម្រង់ថ្មី ដោយបង្កើនក្រុមពី ៣២ក្រុមរហូតដល់ ៤៨ក្រុមជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។ តាមរយៈទម្រង់ថ្មីនេះ ទ្វីបអាស៊ីទទួលបាន៨កៅអីកន្លះ ដោយកៅអីស្វ័យប្រវត្តិចំនួន ៨ និងកន្លះកៅអីឆ្លងកាត់ការប្រកួតប្រកួតអន្តរទ្វីប ដើម្បីប្រជែងយក១កៅអី ដែលខុសពីការប្រកួតមុន ទ្វីបអាស៊ីបានត្រឹមតែ៤កៅអីកន្លះប៉ុណ្ណោះ។
សូមជម្រាបថា ជប៉ុន ឈានដល់ការប្រកួតព្រឹត្តិការណ៍ World Cup សរុបចំនួន៨ដង ពោលនៅឆ្នាំ ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦ គឺជាក្រុមអាស៊ីទី២ បន្ទាប់ពីកូរ៉េខាងត្បូង ដែលឈ្នះកៅអី World Cup ច្រើនជាងគេ ពោលរហូតដល់១១ដង ឆ្នាំ ១៩៥៤, ១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤, ២០១៨ និង ២០២២។ ប្រទេសទាំងពីរធ្លាប់រៀបចំព្រឹត្តិការណ៍នេះរួមគ្នា កាលពីឆ្នាំ ២០០២៕ រូបភាព ៖ FIFA ដកស្រង់ ៖ BBC
ចែករំលែកព័តមាននេះ