រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រងបរាជ័យក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ២ទល់នឹង១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ក្រុមជម្រើសជាតិអារូបា បានបើកការនាំមុខ២គ្រាប់មុនត្រឹមតែរយៈពេល ១០នាទី ដែលធ្វើសម្រេចដោយកីឡាករ Walter Bennett និង Rovien Ostiana ខណៈដែលក្រុមភ្ញៀវកំពុងនាំមុខ២គ្រាប់មុនរួចទៅហើយ កីឡាករ Yudai Ogawa របស់ក្រុមគោព្រៃកម្ពុជាទទួលបានកាតក្រហមនៅនាទី៤៣។
ឈានដល់វគ្គទី២ បើទោះសល់គ្នាត្រឹម១០នាក់ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែបន្តការវាយសម្រុក រហូតបង្កើតបានគ្រាប់បាល់បញ្ចូលទី ទាត់ចេញពីកីឡាករកម្ពុជា Nick Taylor ទៅបុកជើងកីឡាករ Diederick Luydens របស់អារូបាប្លាតចូលទីនៅនាទី៥៧។ ទោះយ៉ាងណាក៏ដោយ មុនបញ្ចប់ការប្រកួត ពោលគឺនៅនាទី៩០ កីឡាករ Andres Neito របស់កម្ពុជា ក៏បានទទួលកាតក្រហមផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាសោកស្ដាយមែនទែនចំពោះលទ្ធផលនេះ។ ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង និងសុំទោសអ្នកគាំទ្រផងដែរ សម្រាប់លទ្ធផលនេះ។ ជាក់ស្ដែងយើងចង់ចាប់ផ្ដើម ១១នាក់ និងបញ្ចប់វិញ ១១នាក់ ប៉ុន្តែមិនដូចអ្វីដែលយើងរំពឹងទុក»។
លោកបន្តថា «បញ្ហារបស់យើងចាប់ផ្ដើមតង់ទី១ភ្លាម យើងគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែពេលបាត់បាល់គេវាយបកវិញ គេមានប្រយុទ្ធដែលមាំ មាឌធំ យើងអត់អាចបិទគេបាន ទើបធ្វើឱ្យយើងបាត់គ្រាប់រហូតដល់២គ្រាប់។ ចូលតង់ទី២ នៅពេលយើងខ្វះគ្នា (Yudai ទទួលបានកាតក្រហម) យើងបានជជែកគ្នាទាក់ទងការលេងតង់ទី២ ហើយយើងលេងបានច្រើនជាងកាលពីយើងនៅគ្នា ១១នាក់ រហូតដល់យើងរកគ្រាប់ថែមទៀត»។
យ៉ាងណាមិញ ជាមួយលទ្ធផលនេះ លោក Koji បាននិយាយថា នេះគឺជាលទ្ធផលដែលលោកសោកស្តាយបំផុត ចាប់តាំងពីលោកបានដឹកនាំក្រុមយុវជនអស់រយៈពេលជាច្រើនឆ្នាំមក ហើយនៅប្រកួតបន្ទាប់ លោកនឹងព្យាយាមពង្រឹងក្រុមបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អឱ្យអ្នកគាំទ្រពេញចិត្ត។
គួររំលឹកថា កម្ពុជាទើបតែបរាជ័យការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២ទល់នឹង១ នៅឯកីឡដ្ឋាន Go Dau ខេត្ត Binh Duong កាលពីថ្ងៃទី១៩ ខែមីនា។
ចំណែកក្រុមជម្រើសជាតិអារូបាវិញ ក៏បានបរាជ័យការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមវិសាខា សមាជិកលីគកំពូលកម្ពុជា ដោយលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា កន្លងទៅ៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា





ចែករំលែកព័តមាននេះ