រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមជម្រើសជាតិអារូបា សម្រាប់ជំនួបមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់នេះ។

កម្ពុជាទើបបរាជ័យក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២ទល់នឹង១ នៅឯកីឡដ្ឋាន Go Dau ខេត្ត Binh Duong កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ចំណែកក្រុមអារូបាវិញ ក៏បានបរាជ័យការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមវិសាខា សមាជិកលីគកំពូលកម្ពុជា ដោយលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥។

អារូបាជាប្រទេសដីកោះតូចមួយ អតីតដែនដីរបស់ប្រទេសហូឡង់ ស្ថិតនៅភាគអាគ្នេយ៍ សមុទ្រការ៉ាប៊ីន និងភាគខាងជើង ប្រទេសវេណេហ្ស៊ុយអេឡា។ ក្រុមបាល់ទាត់ជម្រើសជាតិអារូបា លេចរូបរាងឡើងលើកដំបូងនៅក្នុងឆ្នាំ ១៩៣២។ បច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី១៩៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking ដ្បិតកម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៨០។ បើក្រឡេកទៅមើលកីឡាកររបស់ក្រុមជម្រើសជាតិអារូបាវិញ ភាគច្រើនកំពុងតែប្រកបអាជីពនៅប្រទេសហូឡង់ ហើយក៏មានកីឡាករប្រកបអាជីពនៅអង់គ្លេសផងដែរ៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង AVB – National Teams
ចែករំលែកព័តមាននេះ