ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​គុន​ចម្រុះ​មី​យ៉ា​ន់​ម៉ា កៀងគរ​រក​ជំនួយ​សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី

1 ថ្ងៃ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កីឡាករ​ប្រដាល់​គុន​ចម្រុះ​ដ៏​ល្បី​របស់​មី​យ៉ា​ន់​ម៉ា Aung La Nsang ជើង​ខ្លាំង​ប្រចាំ​សង្វៀន ONE Championship កំពុង​កៀងគរ​រក​ជំនួយ​សម្រាប់​ប្រទេស​កំណើត​ជាទី​គោរព​ស្រលាញ់​របស់​ខ្លួន…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កីឡាករ​ប្រដាល់​គុន​ចម្រុះ​ដ៏​ល្បី​របស់​មី​យ៉ា​ន់​ម៉ា Aung La Nsang ជើង​ខ្លាំង​ប្រចាំ​សង្វៀន ONE Championship កំពុង​កៀងគរ​រក​ជំនួយ​សម្រាប់​ប្រទេស​កំណើត​ជាទី​គោរព​ស្រលាញ់​របស់​ខ្លួន បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​ពី​គ្រោះ​រញ្ជួយ​ដី កាលពី​ពេល​ថ្មី​ៗ​នេះ​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ ដោយ​ស្រង់​របាយការណ៍​ពី​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​បានឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​នៅ​មី​យ៉ា​ន់​ម៉ា​កើនឡើង​ដល់​យ៉ាងតិច ២០៦៥​នាក់ អ្នក​របួស​ជាង ៣,៩០០​នាក់ និង​ជាង ២៧០​នាក់​បាន​បាត់​ខ្លួន​។ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង ខណៈ​អាជ្ញាធរ​បន្ត​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​ទាំងស្រុង​។

កីឡាករ Aung La អតីត​ជើងឯក MMA ទម្ងន់​មធ្យម និង​ទម្ងន់​ស្រាល​របស់ ONE បាន​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ខ្លួន​នឹង​ដេញថ្លៃ​ស្រោមដៃ​ប្រកួត​ឈ្នះ​កីឡាករ​កា​មេ​រូ​ន Alain Ngalani នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន កាលពី​ឆ្នាំ ២០១៧ ដើម្បី​យក​ថវិកា​ជួយ​ជន​រង​គ្រោះ​។ Aung La ក៏​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ខ្លួន​គ្រោង​បង្កើត​គណនី GoFundMe ដើម្បី​រៃ​អង្គាសប្រាក់​សម្រាប់​អ្នក​នៅ​រស់រាន​មានជីវិត ហើយនឹង​រៀបចំ​ក្រុមការងារ​ដើម្បី​ផ្តល់​ជំនួយ​ផ្ទាល់​។

អ្នក​ប្រដាល់​គុន​ចម្រុះ​រហស្សនាម​ថា «​ពស់ថ្លាន់​កំណាច​ភូមា​» វ័យ​៣៩​ឆ្នាំ​រូប​នេះ គឺជា​វីរបុរស​ប្រដាល់​ជាតិ​មី​យ៉ា​ន់​ម៉ា​មួយ​រូប ហើយ​រូបសំណាក​ពណ៌​ទឹកមាស​ស្ពាយ​ខ្សែក្រវាត់​ជើងឯក ONE Championship ពីរ​ប្រភេទ​ទម្ងន់​របស់​កីឡាករ​រូប​នេះ ត្រូវ​បាន​ដាក់​តាំង​កាលពី​ឆ្នាំ ២០១៨ នៅ​ឧទ្យាន​ជាតិ Kachin Manau ទីក្រុង Myitkyina ដែល​ជា​ស្រុក​កំណើត​របស់​កីឡាករ​រូប​នេះ​។

Aung La បាន​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០០៣ ជា​កន្លែង​ដែល​រូបគេ​បាន​បន្ត​ក្តី​ស​ម្រៃ​ក្លាយជា​អ្នក​ប្រយុទ្ធ MMA អាជីព​។ Aung La បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺជា​ផ្ទះ​របស់ខ្ញុំ បេះដូង​របស់ខ្ញុំ និង​ជា​ឫសគល់​របស់ខ្ញុំ​។ សព្វ​ថ្ងៃនេះ ប្រជាជន​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​បំផ្លិចបំផ្លាញ​មិន​អាច​នឹក​ស្មាន​ដល់​។ គ្រួសារ​មី​យ៉ា​ន់​ម៉ា​បាន​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង ផ្ទះសម្បែង​ត្រូវ​បាន​ដួល​រលំ និង​សហគមន៍​ទាំងមូល​កំពុង​តែ​តស៊ូ​ដើម្បី​កសាង​ឡើង​វិញ​។ ស្ថិត​ក្នុង​ពេលវេលា​បែប​នេះ យើង​ត្រូវ​តែ​ឈរ​ជាមួយ​គ្នា​»​។

ការ​ដេញថ្លៃ​សម្រាប់​ស្រោមដៃ​របស់​កីឡាករ Aung La បាន​ចាប់ផ្តើម​ពី​តម្លៃ ៦,៥០០​ដុល្លារ​ឡើង​ទៅ នៅ​ថ្ងៃ​ទី​៣១ ខែមីនា នៅ​វិចិត្រសាល Ohmar ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ជា​កន្លែង​ដែល​ពួក​គេ​ដាក់​តាំង​បង្ហាញ​។ Aung La បាន​បន្ថែម​ថា «​រាល់​ការ​ដេញថ្លៃ និង​រាល់​ប្រាក់​ដុល្លារ​ទាំងអស់ នឹង​បញ្ជូន​ដោយ​ផ្ទាល់​ទៅ​កាន់​អង្គការ​សប្បុរសធម៌​ដែល​ផ្តល់​អាហារ ទីជម្រក និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ជន​រង​គ្រោះ​មី​យ៉ា​ន់​ម៉ា​។ ស្រោមដៃ​នេះ គឺជា​និមិត្តសញ្ញា​នៃ​ភាព​ធន់ ការ​តស៊ូ និង​កម្លាំង គឺជា​កម្លាំង​ដូច​គ្នា​ដែល​ប្រជាជន​យើង​ត្រូវ​តែ​ងើបឈរ​ឡើង​វិញ​»៕ ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ