Ronaldo សម្រេចបានកំណត់ត្រាពិភពលោក ព្រមទាំងជួយព័រទុយហ្គាល់ឡើងវគ្គ១/២ Nations League
6 ថ្ងៃ មុន
ប្រទេសព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo សម្រេចបានកំណត់ត្រាពិភពលោក ក្លាយជាកីឡាករបាល់ទាត់ឈ្នះការប្រកួតជាមួយក្រុមជម្រើសជាតិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោល១៣២ប្រកួតក្នុងចំណោមការបង្ហាញខ្លួនសរុប ២១៩ប្រកួតជាមួយព័រទុយហ្គាល់។ កំណត់ត្រាចារក្នុងសៀវភៅ…
ប្រទេសព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo សម្រេចបានកំណត់ត្រាពិភពលោក ក្លាយជាកីឡាករបាល់ទាត់ឈ្នះការប្រកួតជាមួយក្រុមជម្រើសជាតិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោល១៣២ប្រកួតក្នុងចំណោមការបង្ហាញខ្លួនសរុប ២១៩ប្រកួតជាមួយព័រទុយហ្គាល់។
កំណត់ត្រាចារក្នុងសៀវភៅ Guinness World Records របស់ Ronaldo មួយនេះ កើតឡើងក្នុងជ័យជម្នះរបស់ម្ចាស់ផ្ទះព័រទុយហ្គាល់លើដាណឺម៉ាកលទ្ធផល ៥ទល់នឹង២ នៅឯកីឡដ្ឋាន José Alvalade នាទីក្រុងលីសបោន សម្រាប់ការប្រកួតជើងទីពីរ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ ដើម្បីបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ ដ្បិតក្នុងការប្រកួតនោះ ប្រធានក្រុមព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះ ក៏រកបាន១គ្រាប់ផងដែរ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានក្លាយជាកីឡាករឈ្នះការប្រកួតជាមួយក្រុមជម្រើសជាតិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ដោយបានវ៉ាដាច់កំណត់ត្រាឈ្នះ ១៣១ប្រកួតរបស់អតីតមិត្តរួមក្រុម Real Madrid របស់គេ គឺខ្សែការពារ Sergio Ramos ដែលបានបង្ហាញខ្លួនសរុប ១៨០ប្រកួតជាមួយអេស្ប៉ាញ។
ក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឥន្ទ្រីដែកអាល្លឺម៉ង់ត្រូវប៉ះបញ្ចខែលព័រទុយហ្គាល់ ស្របពេលដែលគោជល់អេស្ប៉ាញត្រូវតទល់នឹងមាន់គកបារាំង។
ចែករំលែកព័តមាននេះ