ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiger Woods ណាត់ជួប​អតីត​ប្រពន្ធ​កូនប្រុស​ច្បង​របស់​លោក ដូ​ណា​ល់ ត្រាំ

14 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក លោក Tiger Woods និង​អ្នកស្រី Vanessa Haydon អតីត​ប្រពន្ធ​លោក…

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក លោក Tiger Woods និង​អ្នកស្រី Vanessa Haydon អតីត​ប្រពន្ធ​លោក Donald Trump Jr. ដែល​ជា​កូនច្បង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នោះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អា​មេ​រិ​ក ពិសេស​សារព័ត៌មាន People ទម្លាយ​ថា កំពុង​ណាត់ជួប​គ្នា​សម្ងាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។

ប្រភព​ពី People រាយការណ៍​ថា Tiger Woods អាយុ​៤៩​ឆ្នាំ និង Vanessa Haydon អាយុ​៤៧​ឆ្នាំ បាន​ជួប​គ្នា​លើក​ដំបូង អំឡុង​ថ្ងៃ​បុណ្យ Thanksgiving ខណៈ​អ្នក​ទាំង​ពីរ​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ដោយ​ធ្វើ​ដំណើរ​ត្រឹម​២០​នាទី​ប៉ុណ្ណោះ ស្ថិត​នៅ​តំបន់ Palm Beach រដ្ឋ​ផ្ល​រី​ដា​។ ប្រភព​មួយ​បាន​ប្រាប់​កាសែត Daily Mail ថា អ្នក​ទាំង​ពីរ​មិន​រស់នៅ​ជាមួយ​គ្នា​ទេ ដោយ​គ្រាន់តែ​ណាត់ជួប​គ្នា​២​ទៅ​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​ចូល​ចិត្ត​ដើរ​លេង និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាដើម ហើយ​បើ​ទោះជា​នៅផ្ទះ​ក្បែរ​គ្នា ប៉ុន្តែ​ពួក​គេ​បាន​សម្រេចចិត្ត​មិន​បង្ហាញ​អំពី​ការ​ណាត់ជួប​គ្នា​ជា​សាធារណៈ​នោះ​ទេ​។

អ្នកស្រី Vanessa Trump បាន​លែងលះ​ជាមួយ​លោក Donald Trump Jr. កូនប្រុស​ច្បង​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៧ លោក ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​ឆ្នាំ ២០១៨ ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​១២​ឆ្នាំ​។ អ្នក​ស្និទ្ធ​នឹង​គ្រួសារ​លោក ត្រាំ បាន​ប្រាប់ People ថា កូនប្រុស​លោក ត្រាំ មិន​ប្រកាន់​អូស​ដំណើរ​នឹង​ការ​ណាត់ជួប​របស់​អតីត​ប្រពន្ធ​ជាមួយនឹង​លោក Tiger Woods នោះ​ទេ​។ ស្រប​ពេល​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Page Six ថា សូ​ម្បី​តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ណាត់ជួប​ឈាន​ទៅ​ដល់​ទំនាក់ទំនង​ស្នេហ៍​ថ្មី​របស់​អតីត​កូនប្រសារ​ស្រី​របស់​លោក​ផង​ដែរ​។

យ៉ាងណាមិញ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជាមួយ​គ្នា​ជា​សាធារណៈ កាលពី​ខែ​មុន នៅ​ឯ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោ​ល Genesis Invitational របស់​កម្មវិធី PGA Tour នៅ​ទីលាន Torrey Pines ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ព្រមទាំង​មានកូន​ស្រី​អាយុ​១៧​ឆ្នាំ​របស់​អ្នកស្រី Vanessa ឈ្មោះ Kai ដែល​ស្រឡាញ់​កីឡា​វាយ​កូន​ហ្គោ​ល​ដូច​ជីតា​ខាង​ឪពុក​របស់​នាង នៅ​ទីនោះ​ជាមួយ​ផង​។ ចៃដន្យ​អី​កូន​របស់​លោក Tiger Woods ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​រៀន​នៅ​សាលា​ដូច​គ្នា​នឹង Kai ផង​ដែរ​។ លើស​ពី​នេះ​ទៀត មិន​ត្រឹមតែ Kai ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​បងប្អូន​បង្កើត​ទាំង​បួន​នាក់​របស់​នាង ក៏​បានដឹង​ឮ​អំពី​ទំនាក់ទំនង​របស់​ម្តាយ​ពួក​គេ​ជាមួយ Tiger Woods ផង​ដែរ​។

វត្តមាន​របស់​អ្នកស្រី Vanessa Haydon ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ជួយ​លុប​បំបាត់​ទុក្ខសោក​របស់​លោក Tiger Woods ដែល​បាន​ឆ្លងកាត់​បញ្ហា​ជា​ច្រើន​នៅ​ឆ្នាំ​នេះ​។ ថ្មី​ៗ​នេះ Tiger Woods ទើបតែ​បាន​បង្ហើប​ថា លោក​បាន​រង​របួស​ដាច់​សរសៃពួរ​កែងជើង​ខាងឆ្វេង​ដោយ​ទទួល​ការ​វះកាត់ ហើយ​ទំនង​ឃ្លាតឆ្ងាយ​ពី​ការ​ប្រកួត​ក្រប​ខណ្ឌ Masters និង​អាច​ពេញ​មួយ​រដូវ​កាល​ក៏​ថា​បាន​។ បន្ថែម​លើ​ទុក្ខ​លំបាក​របួស​នេះ ម្តាយបង្កើត​ជនជាតិ​ថៃ​របស់​លោក គឺ​លោកស្រី Kultida បាន​ទទួលមរណភាព​កាលពី​ខែ​មុន ដោយ​បង្ខំ​ឱ្យ​លោក​ដកខ្លួន​ចេញពី​ការ​ប្រកួត​ព្រឹត្តិការណ៍ Genesis Invitational ដើម្បី​សម្រួល​ផ្លូវចិត្ត ក្រោយ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។

សូម​ជម្រាប​ថា Tiger Woods គឺជា​កីឡាករ​វាយ​កូន​ហ្គោ​ល​អាជីព​អា​មេ​រិ​ក​ដ៏​លេចធ្លោ​ខ្លាំង​បំផុត ដោយ​ឈ្នះ​ពានរង្វាន់​កម្មវិធី PGA Tour ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​៨២​ដង ស្មើ​កំណត់​ត្រា​ជាមួយ​លោក Sam Snead ដែល​បាន​ទទួលអនិច្ចកម្ម កាលពី​ឆ្នាំ ២០០២​។ Woods ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​វាយ​កូន​ហ្គោ​ល​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេល និង​ជា​អត្ត​ព​លិ​ក​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​នា​សម័យ​ទំនើប​។ លោក​ក៏​ទទួល​បាន​មេដាយ​នៃ​សេរីភាព ដែល​ជា​កិត្តិយស​ថ្នាក់ខ្ពស់​បំផុត​របស់​ជន​ស៊ី​វិល កាលពី​ខែឧសភា ឆ្នាំ​២០១៩ បំពាក់​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អំឡុង​ពេល​អាណត្តិ​ទី​១​របស់​លោក​។

យោង​តាម​ទ​ន្និ​ន័យ​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​លោក Tiger Woods សរុប​មាន​ចំនួន ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ ដែល​រកបាន​ពី​អាជីព​វាយ​កូន​ហ្គោ​ល និង​ដៃគូ​សហការ​ជា​ច្រើន​៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ