ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​វៀតណាម​ថា ក្រុម​លោក​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ពេល​ទទួល​ក្រុម​គោព្រៃ​កម្ពុជា​នៅ​យប់​នេះ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម នឹង​បើកទ្វារ​កីឡដ្ឋាន Go Dau…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម នឹង​បើកទ្វារ​កីឡដ្ឋាន Go Dau ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត Binh Duong របស់​ខ្លួន ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស​។

មុន​ការ​ប្រកួត​ចូល​មក​ដល់ ប្រភព​ពី​សារព័ត៌មាន​វៀតណាម The Thao & Van Hoa បាន​ស្រង់​សម្តី​លោក Kim Sang-sik គ្រូបង្វឹក​វៀតណាម​បាន​ថ្លែង​ឱ្យ​ដឹង​ដូច្នេះ​ថា «​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្រុម​យើង​គឺ ល្អ​ណាស់​។ ខ្ញុំ​រំពឹង​ថា​នឹង​ឈ្នះ​។ នេះ​គឺជា​ការ​ប្រកួត​ដំបូង​របស់​វៀតណាម បន្ទាប់​ពី​ឈ្នះ​ពានរង្វាន់ ASEAN Championship ឆ្នាំ ២០២៤​។ មាន​កីឡាករ​ថ្មី​ក្នុង​ក្រុម​បច្ចុប្បន្ន ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​ទម្រង់​លេង​ពួក​គេ​របៀប​ណា​ដែរ​។ ខ្ញុំ​សង្ឃឹមថា ទស្សនិកជន​នឹង​មក​កីឡដ្ឋាន​ដើម្បី​គាំទ្រ ព្រោះ​អ្នកគាំទ្រ​ជា​ប្រភព​កម្លាំងចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​យើង​»​។

ជុំវិញ​មក​តទល់​ជាមួយនឹង​កម្ពុជា គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ បាន​លើក​ឡើង​ថា «​បើ​និយាយ​ពី​ក្រុម​កម្ពុជា ពួក​គេ​មាន​កីឡាករ​ចូលសញ្ជាតិ​ច្រើន​មាន​សមត្ថភាព​ខ្ពស់​បាន​បង្ហាញ​រួច​ហើយ​ក្នុង​ពានរង្វាន់ ASEAN Championship ឆ្នាំ​២០២៤ និង​រួម​ទាំង​កីឡាករ​អាហ្វ្រិក​ដ៏​ល្អ​ម្នាក់ (Abdel Kader Coulibaly) ដែល​មាន​កំណត់​ត្រា​គ្រាប់​ស៊ុត​បញ្ចូល​ទី​គួរ​ឱ្យ​ចាប់អារម្មណ៍​ការ​ប្រកួត​ក្នុងស្រុក ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែនទែន​។ យ៉ាងណាមិញ យើង​ក៏​មាន​ខ្សែការពារ​មានគុណ​ភាព ដូច​ជា Duy Manh និង Thanh Chung ជាដើម ហើយ​ខ្ញុំ​ជឿជាក់​លើ​ពួក​គេ​»​។

ដោយឡែក លោក Koji Gyotoku គ្រូបង្វឹក​កម្ពុជា ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា «​គោលដៅ​របស់​យើង​គឺ​ឈ្នះ​។ នេះ​ជា​ការងារ​ដ៏​លំបាក​មួយ ព្រោះតែ​វៀតណាម​គឺជា​ក្រុម​ខ្លាំង​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ជា​ជើងឯក​នា​ពេល​បច្ចុប្បន្ន​»​។

គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ បាន​បន្ត​ថា «​យើង​មិន​ទាន់​បាន​ត្រៀមលក្ខណៈ​ពេញលេញ​ទេ ប៉ុន្តែ​យើង​ក៏​ចង់​បង្ហាញ​អ្នកគាំទ្រ​កម្ពុជា​អំពី​ភាព​ខ្លាំង​របស់​ក្រុម​ផង​ដែរ​។ គោលដៅ​គឺ​ដើម្បី​ជួយ​ក្រុម​ឱ្យ​ឈ្នះ ប៉ុន្តែ​ក្រៅពី​នោះ ខ្ញុំ​ក៏​ចង់ឱ្យ​ក្រុម​ទទួល​បាន​បទ​ពិសោធន៍​លេង​ទល់​នឹង​ក្រុម​ជើងឯក​។ ខ្ញុំ​ចង់​ឃើញ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន និង​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន នោះ​គឺជា​រឿង​សំខាន់​»​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​សោកស្តាយ​ដែល​កូនក្រុម​របស់​លោក មិន​អាច​លេង​តទល់​ជាមួយនឹង​កីឡាករ​ឆ្នើម​ចូលសញ្ជាតិ​របស់​វៀតណាម Nguyen Xuan Son ឬ Rafaelson សញ្ជាតិ​ដើម​ប្រេ​ស៊ី​ល ដែល​កំពុង​សម្រាក​ព្យាបាល​របួស​។

ប្រវត្តិ​ជួប​គ្នា ៥ ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ ៖
-២៦/១១/២០១៦ វៀតណាម ២-១ កម្ពុជា ពានរង្វាន់ ASEAN Championship
-០៥/០៩/២០១៧ កម្ពុជា ១-២ វៀតណាម ពានរង្វាន់ AFC Asian Cup
-១០/១០/២០១៧ វៀតណាម ៥-០ កម្ពុជា ពានរង្វាន់ AFC Asian Cup
-២៤/១១/២០១៨ វៀតណាម ៣-០ កម្ពុជា ពានរង្វាន់ ASEAN Championship
-១៩/១២/២០២១ វៀតណាម ៤-០ កម្ពុជា ពានរង្វាន់ ASEAN Championship៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង VFF

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ