ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! Hojlund ស៊ុត​យកឈ្នះ​ព័រ​ទុ​យ​ហ្គា​ល់ អបអរ​ប្រើ​ស្ទា​យ Ronaldo ដែល​នៅ​ពីមុខ​ខ្លួន

1 អាទិត្យ មុន

ប្រទេស​ដា​ណឺ​ម៉ាក ៖ សកម្មភាព​អបអរ​គ្រាប់​ជ័យជម្នះ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ដា​ណឺ​ម៉ាក Rasmus Hojlund លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​យប់មិញ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ដា​ណឺ​ម៉ាក​បាន​យកឈ្នះ​ព័រ​ទុ​យ​ហ្គា​ល់ ដោយ​លទ្ធផល…

ប្រទេស​ដា​ណឺ​ម៉ាក ៖ សកម្មភាព​អបអរ​គ្រាប់​ជ័យជម្នះ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ដា​ណឺ​ម៉ាក Rasmus Hojlund លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​យប់មិញ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

ដា​ណឺ​ម៉ាក​បាន​យកឈ្នះ​ព័រ​ទុ​យ​ហ្គា​ល់ ដោយ​លទ្ធផល ១​ទល់​នឹង​០ ការ​ប្រកួត​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២៤-២៥ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង Rasmus Hojlund នៅ​ក្នុង​នាទី​៧៨​។ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ពី​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ នៅ​ពេល​រូបគេ​បាន​អបអរ​គ្រាប់​បាល់​ជ័យជម្នះ ដោយ​ប្រើ​ស្ទា​យ​អបអរ «Siuuu» របស់​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ គឺ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ដែល​កំពុង​ស្ថិត​លើ​ទីលាន​ជាមួយ​គ្នា​នោះ​។

ការ​អបអរ​របស់​ខ្សែប្រយុទ្ធ Rasmus Højlund កំពុង​ទាក់ទាញ​ប្រតិកម្ម​ពី​សំណាក់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជុំវិញ​ពិភពលោក ដោយ​មក​ជាមួយ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ មតិ​អវិជ្ជមាន​ភាគច្រើន​បាន​លើក​ឡើង​ថា ទ​ង្វើ​របស់ Højlund គឺ​មិន​គោរព Ronaldo ទាល់តែ​សោះ ដែល​កំពុង​ស្ថិត​លើ​ទីលាន និង​ត្រូវ​ក្រុម​គូប្រជែង​ស៊ុត​បញ្ចូល​ទី​នាំមុខ​។ ចំណែកឯ​មិត​វិជ្ជមាន​ភាគច្រើន​ក៏​បាន​លើក​ឡើង​ថា ដោយសារ​តែ Ronaldo គឺជា​និមិត្តរូប​របស់​គេ ទើប Hojlund អបអរ​ដោយ​ប្រើ​ស្ទា​យ «Siuuu» របស់ Ronaldo បែប​នេះ​។

យ៉ាងណាមិញ ក្រោយ​ចប់​ការ​ប្រកួត Rasmus Højlund បាន​ធ្វើការ​បកស្រាយ​ចំពោះ​ការ​អបអរ​របស់​ខ្លួន ដើម្បី​បញ្ចប់​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ដូច្នេះ​ថា «​គាត់​គឺជា​អាយ​ដល (Idol) របស់ខ្ញុំ​! ខ្ញុំ​មិន​បាន​លេងសើច​នឹង​គាត់​នោះ​ទេ​។ Cristiano បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ខ្ញុំ និង​អាជីព​បាល់ទាត់​របស់ខ្ញុំ ការ​ស៊ុត​បញ្ចូល​ទី​ទល់​នឹង​គាត់ ក៏​ដូច​ជា​ទល់​នឹង​ព័រ​ទុ​យ​ហ្គា​ល់ គឺជា​រឿង​ដ៏​ធំ​បំផុត​មួយ​»​។

ជាមួយ​គ្នា​នោះ លោក Fabrizio Romano អ្នកកាសែត​កីឡាបាល់ទាត់​ដ៏​ល្បី​លើ​ពិភពលោក ក៏​បាន​បង្ហោះ​សារ​មួយ​លើ​គណនី​សង្គម​របស់​ខ្លួន អំពី​ការ​អត្ថាធិប្បាយ​កន្លង​មក​របស់​កីឡាករ Rasmus Hojlund ដើម្បី​បញ្ជាក់​ថា ការ​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ថ្មី​ៗ​របស់​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក​រូប​នេះ មិនមែន​ដោះសា​យករួចខ្លួន​ពី​ការ​រិះគន់​នោះ​ទេ​។

ការ​ផ្តល់​សម្ភាសន៍​កន្លង​មក Højlund ធ្លាប់​បាន​និយាយ​ថា « Cristiano គឺជា​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ស្រលាញ់​បាល់ទាត់​ដោយសារ​តែ​គាត់ ខ្ញុំ​បាន​ក្លាយជា​អ្នកគាំទ្រ​របស់ Man United ដោយសារ​តែ​គាត់ ខ្ញុំ​ចាប់ផ្តើម​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ដោយសារ​តែ​គាត់ ខ្ញុំ​ចាប់ផ្តើម​អា​វ៉ង់ (Push-ups & Sit-ups) ជា​រៀងរាល់ថ្ងៃ​មុន​ពេល​ខ្ញុំ​ចូល​គេង ដោយសារ​តែ​គាត់ ព្រោះ​ខ្ញុំ​ចង់​ក្លាយជា Cristiano»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ទី​២ ដា​ណឺ​ម៉ាក​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ឯ​កីឡដ្ឋាន Jose Alvalade ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​សម្រេចរ​កមួយ​ក្រុម​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ការ​ប្រកួត​វគ្គ​៨​ក្រុម ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២៤-២៥ (​ជើង​ទី​១) ៖
-​ហ​ឡូង់ ២-២ អេ​ស្ប៉ា​ញ
-​ក្រូ​អាត ២-០ បារាំង
-​ដា​ណឺ​ម៉ាក ១-០ ព័រ​ទុ​យ​ហ្គា​ល់
-​អ៊ី​តា​លី ១-២ អា​ល្លឺ​ម៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ