ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rashford ជិតដាច់ឆ្នាំមានរឿងផ្ទួនៗ អាជីពក៏ជួបបញ្ហា ងាកទៅសង្សារក៏បែ.កចិត្ត

1 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ យីអ៊ុនដាក់ អារក្សជាន់! ជិតដាច់ឆ្នាំ ២០២៤ កីឡាករបាល់ទាត់ឆ្នើមក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ជុំបញ្ហាធំផ្ទួនៗគ្នា…

ចក្រភពអង់គ្លេស ៖ យីអ៊ុនដាក់ អារក្សជាន់! ជិតដាច់ឆ្នាំ ២០២៤ កីឡាករបាល់ទាត់ឆ្នើមក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ជុំបញ្ហាធំផ្ទួនៗគ្នា ទាំងអាជីពលើទីលាន និងជីវិតស្នេហា។

យោងតាមប្រភពជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយនៅចក្រភពអង់គ្លេស រួមទាំងកាសែត The Sun និង The Mirror បានរាយការណ៍កាលពីថ្មីៗនេះថា កីឡាករ Marcus Rashford ខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងត្រូវបានទម្លាក់ចេញពីបញ្ជីក្រុមឈុតធំ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Ruben Amorim ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ ពោលចំនួន៣​ប្រកួតកន្លងមក។ រាប់ចាប់ពីការឈ្នះប្រកួតលីគទល់នឹងម្ចាស់ផ្ទះ Man City ២-១ ការចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ៤-៣ ធ្លាក់ចេញពីពានរង្វាន់ EFL Cup និងប្រកួតចុងក្រោយក្នុងលីគដោយចាញ់ក្រុមភ្ញៀវ Bournemouth យ៉ាងអាម៉ាស់លទ្ធផល ៣-០។

ក្រោយបាត់បង់ទំនុកចិត្តពីអ្នកចាត់ការថ្មី ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកនិពន្ធព័ត៌មានកីឡាបាល់ទាត់ លោក Henry Winter និងចេញផ្សាយលើបណ្តាញសង្គម X ដោយលើកឡើងជាច្រើន រួមទាំងនិយាយថា រូបគេត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងថ្មី ការលើកឡើងនេះហាក់បង្ហាញអំពីគោលបំណងចង់ចាកចេញពីក្លិបដែលខ្លួនរួមរស់អស់រយៈពេល១៩ឆ្នាំ។

យ៉ាងណាមិញ ជាការបញ្ជាក់ម្តងហើយម្តងទៀតពីលោក Ruben Amorim ដែលបានចាកចេញពី Sporting Lisbon មកចូលរួមជាមួយ Man United កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ កាលពីថ្មីៗនេះថា ការបដិសេធមិនបញ្ចូល Rashford ទៅក្នុងបញ្ជីក្រុមសម្រាប់ការប្រកួតកន្លងមក ដោយសារទម្រង់មិនល្អរបស់គេ អំឡុងការហ្វឹកហាត់ ហើយលោកត្រូវការកីឡាករពេញទម្រង់សម្រាប់ការប្រកួត។ ប្រភពស្និតនឹងរឿងនេះបានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ បានប្រាប់ Rashford ហើយថា Rashford នឹងអាចវិលត្រឡប់មកចូលរួមជាមួយក្រុមវិញ ប្រសិនបើទម្រង់ និងអាកប្បកិរិយារបស់គេមានភាពប្រសើរ។

ខណៈកំពុងប្រឈមនឹងផ្លូវអារម្មណ៍មិនល្អ និងតានតឹងខ្លាំងជាមួយអាជីពបាល់ទាត់បែបនេះហើយ Rashford មកត្រូវប្រឈមមុខនឹងស្ថានភាពជីវិតសេ្នហាថែមទៀត។ តួយ៉ាង កាលពីចុងសប្តាហ៍មុន តារាកម្មវិធីទូរទស្សន៍ល្បីចក្រភពអង់គ្លេស និងជាភ្នាក់ងារទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម កញ្ញា Grace Jackson វ័យ២៥ឆ្នាំ បានប្រកាសចែកផ្លូវជាមួយ Marcus Rashford ដោយសារមិត្តប្រុសម្នាក់នេះ មិនសូវមានចិត្តធ្ងន់ចំពោះនាង ហើយនាងក៏បានចុច Unfollow រូបគេនៅលើបណ្តាញសង្គម Instagram រួចហើយ។

នាងបានដឹងច្បាស់ថានៅជាមួយ Rashford គ្មានអនាគតនោះទេ ដូច្នេះហើយទើបនាងសម្រេចកាត់ផ្តាច់ចំណងស្នេហាមួយនេះ ដោយមិនអាឡោះអាល័យចោលតែម្តង។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត The Sun។ មុនស្គាល់ Grace Jackson កីឡាករ Rashford ធ្លាប់មានទំនាក់ទំនងស្នេហាដ៏យូរអង្វែងជាមួយគូស្នេហ៍តាំងពីកុមារភាពគឺកញ្ញា Lucia Loi មុនពេលពួកគេចែកផ្លូវគ្នា កាលពីឆ្នាំមុន៕ ដកស្រង់ ៖ The Sun, The The Mirror និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ