ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករហែលទឹកបារាំងជាអត្តពលិកចុងក្រោយ លើកឡើងពីគុណភាពមេដាយអូឡាំពិកឆ្នាំនេះ

6 ថ្ងៃ មុន

ប្រទេសបារាំង ៖ កីឡាករហែលទឹកសញ្ជាតិបារាំងពីររូប បានក្លាយជាអត្តពលិកអូឡាំពិកចុងក្រោយគេ ដែលបង្ហាញការហួសចិត្តអំពីគុណភាពមេដាយសំរឹទ្ធពួកគេ ពោលគឺរយៈពេល៤ខែ ចាប់តាំងពីពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ កាលពីថ្ងៃទី១១…

ប្រទេសបារាំង ៖ កីឡាករហែលទឹកសញ្ជាតិបារាំងពីររូប បានក្លាយជាអត្តពលិកអូឡាំពិកចុងក្រោយគេ ដែលបង្ហាញការហួសចិត្តអំពីគុណភាពមេដាយសំរឹទ្ធពួកគេ ពោលគឺរយៈពេល៤ខែ ចាប់តាំងពីពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ។

បើនិយាយអំពីរឿងគុណភាពមេដាយអូឡាំពិកប៉ារីសឆ្នាំនេះ កន្លងមក អត្តពលិកអាមេរិករួមមាន កីឡាករជិះស្គីក្បាច់ Nyjah Huston កីឡាករគុនដាវ Nick Itkin និងកីឡាការិនីបាល់ឱប Ilona Maher សុទ្ធតែបានចែករំលែករូបភាពអំពីគុណភាពមេដាយសំរឹទ្ធកីឡាអូឡាំពិកប៉ារីសដែលពួកគេដណ្តើមបានសុទ្ធតែច្រែះ និងរបកព៌ណ។ ស្រាប់តែពេលថ្មីៗនេះ កីឡាករហែលទឹកបារាំងផ្ទាល់ រួមមានកីឡាករ Clement Secchi និង Yohann Ndoye-Brouard ក៏បានបង្ហោះរូបភាពមេដាយសំរឹទ្ធលើបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ បង្ហាញអំពីស្ថានភាពមិនខុសគ្នាពីអត្តពលិកអាមេរិកទាំង៣រូបនោះទេ។

កីឡាករ Clement Secchi និង Yohann Ndoye-Brouard ដណ្តើមបានមេដាយសំរឹទ្ធពីវិញ្ញាសាហែលបណ្តាក់ ៤x១០០ ម៉ែត្រ។ នៅក្នុងការបង្ហោះនោះ Secchi បានបង្ហាញមេដាយរបកពណ៌របស់ខ្លួនជាមួយការសរសេរចំណងជើងខ្លីមួយថា «ស្បែកក្រពើ»។ ក្រោយមកមិត្តរួមក្រុមរបស់គេគឺ Ndoye-Brouard ក៏បានឆ្លើយតបលើការបង្ហោះរបស់ Secchi ដោយភ្ជាប់រូបមេដាយសំរឹទ្ធច្រែះរបស់ខ្លួនជាមួយពាក្យ «Paris 1924»។

បើយោងតាមប្រភពពីកាសែត Daily Mail បានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាអស់ទាំងនេះ គឺជារឿងអាម៉ាស់បន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ដែលត្រូវបានបង្ខំឱ្យឆ្លើយតបនឹងការត្អូញត្អែរ និងរិះគន់ពីបណ្តាអត្តពលិកចូលរួមប្រកួតហើយបានសន្យាថា មេដាយមានបញ្ហានឹងត្រូវប្តូរជំនួស។

កីឡាករជិះស្គីក្បាច់អាមេរិក Nyjah Huston គឺជាមនុស្សដំបូងគេលើកយកបញ្ហានេះ មកនិយាយជាសាធារណៈ ដោយបានបង្ហាញមេដាយសំរឹទ្ធរបស់ខ្លួន ប្រែប្រួលសភាពដើម ហើយកាន់តែអាក្រក់ទៅៗ ក្រោយដណ្តើមបានត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ បានលើកឡើងថា «មិនអីទេ មេដាយកីឡាអូឡាំពិកទាំងនេះមើលទៅអស្ចារ្យណាស់ នៅពេលវាថ្មី ប៉ុន្តែបន្ទាប់ពីពាក់លើស្បែកខ្ញុំមានញើសបន្តិច ហើយបន្ទាប់មកឱ្យមិត្តខ្ញុំពាក់បន្តបន្តិច វាមើលទៅហាក់ដូចមិនមានគុណភាពល្អដូចអ្នកគិតនោះទេ។ វាមើលទៅដូចរដុបៗ សូម្បីតែផ្នែកខាងមុខ វាចាប់ផ្តើមរបកបន្តិចម្តងៗ។ ខ្ញុំមិនច្បាស់ទេថា មេដាយអូឡាំពិកអ្នកប្រហែលជាត្រូវបង្កើនគុណភាពខ្ពស់ជាងនេះ»។

ក្រៅអំពីបណ្តាអត្តពលិកខាងលើ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះ ក៏ត្រូវឆ្លើយតបការខកចិត្ត ក៏ដូចជារិះគន់ពីគុណភាពមេដាយសំរឹទ្ធពួកគេពីសំណាក់បណ្តាអត្តពលិកអន្តរជាតិផ្សេងទៀតផងដែរ។

មេដាយអូឡាំពិកឆ្នាំនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការប្រណីតបារាំង Chaumet ហើយត្រូវបានកំណត់ដោយយកដែកមួយដុំពីប៉មតួអេហ្វែល (Eiffel Tower) ក្រុងប៉ារីស អំឡុងពេលការជួសជុលក្នុងសតវត្សរ៍ទី ២០។ មេដាយមាសភាគច្រើនធ្វើពីប្រាក់ និងស្រទាប់មាស។ ចំណែកមេដាយសំរឹទ្ធជាធម្មតាមានលាយស្ពាន់ ស័ង្កសី និងសំណប៉ាហាំង ហើយជាធម្មតាពេលប៉ះខ្យល់ និងសំណើម គុណភាពវានឹងមានការថយចុះ អាស្រ័យលើសមាមាត្រលោហធាតុនៃការផលិត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ បានធ្វើពិធីបើកកាលពីថ្ងៃទី២៦ ខែកក្កដា និងពិធីបិទនៅថ្ងៃទី១១ ខែសីហា ដោយមានអត្តពលិកសរុបចំនួន ១០,៧១៤នាក់ពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ចូលរួមប្រកួតដោយមានកីឡា ៣២ប្រភេទលើវិញ្ញាសាសរុប៣២៩វិញ្ញាសា។ ជាលទ្ធផល សហរដ្ឋអាមេរិក គឺជាប្រទេសឈ្នះមេដាយច្រើនជាងគេពោលសរុប ១២៦គ្រឿង មាស៤០គ្រឿង ប្រាក់ ៤៤គ្រឿង និងសំរឹទ្ធ ៤២គ្រឿង។ តាមពីក្រោយដោយប្រទេសចិនឈ្នះសរុប ៩១គ្រឿង មាស ៤០គ្រឿង ប្រាក់ ២៧គ្រឿង និងសំរឹទ្ធ ២៤គ្រឿង៕ ប្រភព ៖ Daily Mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ