ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ ថៃឡើងប៉ះវៀតណាមការពារជើងឯក ជាមួយប្រាក់រង្វាន់៣០ម៉ឺនដុល្លារ

6 ថ្ងៃ មុន

ប្រទេសថៃ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ផ្តួលហ្វីលីពីនទាំងលំបាក ដើម្បីបន្តដំណើរឡើងទៅតទល់ជាមួយវៀតណាមដណ្តើមជើងឯកពានរង្វាន់ AFF Cup ឆ្នាំ ២០២៤។ ក្រុមម្ចាស់ផ្ទះថៃយកឈ្នះលើក្រុមភ្ញៀវហ្វីលីពីនទាំងលំបាក…

ប្រទេសថៃ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ផ្តួលហ្វីលីពីនទាំងលំបាក ដើម្បីបន្តដំណើរឡើងទៅតទល់ជាមួយវៀតណាមដណ្តើមជើងឯកពានរង្វាន់ AFF Cup ឆ្នាំ ២០២៤។

ក្រុមម្ចាស់ផ្ទះថៃយកឈ្នះលើក្រុមភ្ញៀវហ្វីលីពីនទាំងលំបាក នៅក្នុងម៉ោងបន្ថែម១៥នាទី ដោយលទ្ធផល ៣-១ នៅឯកីឡដ្ឋានជាតិ Rajamangala របស់ខ្លួន សម្រាប់ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះសរុបជាមួយលទ្ធផលកាលពីជើងទី១ ដែលម្ចាស់ផ្ទះហ្វីលីពីនយកឈ្នះលទ្ធផល ២-១ នៅកីឡដ្ឋាន Rizal Memorial កាលពីថ្ងៃទី២៧ ខែធ្នូនោះ ថៃទទួលជ័យជម្នះដោយលទ្ធផល ៤-៣ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានវៀតណាមកំពុងរង់ចាំរួចស្រេច ក្រោយបានទមា្លក់សិង្ហបុរី។

វៀតណាមធ្វើបានយ៉ាងល្អ ដោយជើងទី១ កាលពីថ្ងៃទី២៦ ខែធ្នូ នៅទឹកដីសិង្ហបុរី ពួកគេបានយកឈ្នះម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ មុនពេលបន្តជ័យជម្នះនៅលើជើងទី២លើទឹកដីរបស់ខ្លួន កាលពីថ្ងៃទី២៩ ខែធ្នូ ដោយលទ្ធផល ៣-១ បន្ថែមទៀត។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង វៀតណាមឈ្នះសិង្ហបុរី លទ្ធផល ៥-១។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងចំនួនពីរជើង ដោយជើងទី១ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ វៀតណាមបើកទ្វារកីឡដ្ឋាន Viet Tri របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវថៃ នៅវេលាម៉ោង ០៨:០០នាទីយប់។ ចំណែកជើងទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយថៃក្នុងនាមក្រុមការពារតំណែងជើងឯក នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala របស់ខ្លួន ទទួលស្វាគមន៍វៀតណាមវិញម្តង នៅវេលាម៉ោង ០៨:០០នាទីយប់ និងជាជំនួបចុងក្រោយកាត់សេចក្តីរកម្ចាស់ជើងឯក។

ម្ចាស់ជើងឯកពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ម៉ឺនដុល្លារអាមេរិកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF រីឯក្រុមរងជើងឯកទទួលបាន ១០ម៉ឺនដុល្លារ។ ចំណែកក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីររួមមាន សិង្ហបុរី និងហ្វីលីពីននឹងទទួលបាន ៥ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup មុនប្រែជា ASEAN Championship ឬ ASEAN Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ដោយផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស។ បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ រូបភាព ៖ Changsuek, VFF និង ASEAN United FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ