រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡានៅកម្ពុជាហាក់មានសន្ទុះឈានឡើងគួរកត់សម្គាល់ ធ្វើឱ្យបរទេសទទួលស្គាល់ពីភាពខ្លាំងរបស់កម្ពុជាផងដែរតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ជាច្រើនទាំងជាតិ និងអន្ដរជាតិជារៀងរាល់ឆ្នាំ ។ ចុះសមិទ្ធផលលេចធ្លោក្នុង
វិស័យកីឡាដែលកម្ពុជាសម្រេចបាននៅក្នុងឆ្នាំ២០២៤កន្លងទៅនេះមានអ្វីខ្លះ?
បើតាមឯកឧត្តម វ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខា
ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុក
មួយថា សមិទ្ធផលលេចធ្លោក្នុងវិស័យកីឡាដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២៤កន្លង
ទៅនេះ មានដូចជា៖
*ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាល
ម៉ារ៉ាតុននៅសៀមរាបបំបែកកំណត់ត្រាប្រវត្តិសាស្រ្តវត្តមានអ្នកចូលរួមរត់ទិវារត់ប្រណាំងអន្ដរ
ជាតិពាក់កណ្ដាលម៉ារ៉ាតុន លើកទី២៩ កើនដល់១៤០០០នាក់ ដែលជាកំណត់ត្រាខ្ពស់ជាងគេ ក្នុងរយៈពេលជិត៣ទសវត្សរ៍ ។ ព្រឹត្តិការណ៍នេះ មានការគាំទ្រខ្លាំងពីរាជរដ្ឋាភិបាល ហើយក៏មានវត្តមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរត់ចម្ងាយ ៥គីឡូម៉ែត្រ ផងដែរ ។ ព្រឹត្តិការណ៍នេះ មានអត្តពលិកច្រើនជាងព្រឹត្តិការណ៍លើកទី២៨ ឆ្នាំ២០២៣ ដែលមានអ្នកចូលរួម១២០០០នាក់។
ទិវារត់ប្រណាំងពាក់ម៉ារ៉ាតុនអន្ដរជាតិអង្គរ នៅសៀមរាប ត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្ដេចធិបតី បានយកចិត្តទុកដាក់ និងចូលរួមជំរុញទឹកចិត្តឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការដោយរលូន ហើយបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រនៃការទាក់ទាញអ្នកចូលរួមជាង ១ម៉ឺននាក់។ ១៤០០០នាក់ គឺជាកំណត់ត្រាខ្ពស់ជាងគេបំផុត ប្រចាំទិវានេះ និងជាព្រឹត្តិការណ៍ធំជាងគេនៅក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិនៅក្នុងព្រឹត្តិការណ៍នេះ។
*ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ
ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ធ្វើឲ្យព្រឹត្តិការណ៍នេះជោគជ័យ និងជាការបង្ហាញនូវនិរន្ដរភាពនៃការរីកចម្រើនវិស័យកីឡានៅកម្ពុជា។
*ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ
ទីក្រុងប៉ារីស និងវត្តមានតារាចម្រៀងរ៉េបម៉ាន់ វណ្ណដា ច្រៀងក្នុងពិធីបិទយើងបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ដែលជាព្រឹត្តិការណ៍អន្ដរជាតិ ផ្នែកកីឡាអូឡាំពិក ហើយជាចលនាអូឡាំពិកធំ ហើយជាមោទនភាព និងជោគជ័យក្នុងនាមជាសមាជិករបស់ចលនាអូឡាំពិក ។
ក្រៅពីការចូលរួមប្រកួត ចូលរួមបំពេញសិទ្ធិ កាតព្វកិច្ច និងការបង្ហាញនូវកេរ្ដិ៍ឈ្មោះកម្ពុជានៅលើឆាកអន្ដរជាតិនៅលើកម្រិតអូឡាំពិក យើងមានកិច្ចការមួយទៀត គឺ វត្តមានម៉ាន់ វណ្ណដា ដែលគាត់ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកចម្រៀង ក្នុងពិធីបិទ ដែលក្នុងប្រវត្តិសាស្ដ្រសិល្បករ គ្មានអ្នកចម្រៀងកម្ពុជាណា បានទៅសម្ដែងក្នុងពិធីបិទរបស់អូឡាំពិក ឬក៏បើកអូឡាំពិកទេ ។
វត្តមានតារាចម្រៀង ម៉ាន់ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនៅបារាំង បានធ្វើឲ្យបរទេសស្គាល់កម្ពុជា កាន់តែច្បាស់ ហើយក៏ជាមោទនភាពសម្រាប់ NOCC ដែលជាកំណត់ត្រាដំបូងគេចំពោះវត្តមានតារាចម្រៀងកម្ពុជា ច្រៀងក្នុងពិធីបិទ។
ក្រៅពីសមិទ្ធលេចធ្លោទាំង៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានសកម្មភាពជោគជ័យ
ជាច្រើន ដោយបានសហការជាមួយសហព័ន្ធកីឡាជាតិ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ។ ក្នុងនោះព្រឹត្តិការណ៍រៀបចំធ្វើជាម្ចាស់ផ្ទះយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២, ការប្រកួតគុនខ្មែរជ្រើស
រើសជើងឯកពិភពលោកលើកទី៥ និងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្ដេច ហ៊ុន ម៉ាណែតលើកទី១ និងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុន និងម៉ារ៉ាតុន នៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ
និងសៀមរាបជាដើម។
ក្រៅពីការរៀបចំព្រឹត្តិការណ៍កីឡាជាលក្ខណៈជាតិ និងអន្ដរជាតិ គណៈកម្មាធិការជាតិអូឡាំពិក
កម្ពុជា ក៏ជួយកិច្ចការបណ្ដុះបណ្ដាលធនធានកីឡាករ និងមន្ដ្រីបច្ចេកទេស ។ ក្នុងនោះបាន
បញ្ជូនអត្ដពលិក៦រូបទៅហ្វឹកហាត់នៅប្រទេសចិន ក្រោមជំនួយឧបត្ថម្ភពីប្រធានគណៈកម្មាធិការ
អូឡាំពិក, រៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡា និងបង្កើតទំនាក់ទំនងការទូតកីឡាអូឡាំពិកផ្សេងៗ ជាមួយប្រទេសជាសមាជិកចលនាអូឡាំពិក ៕
ចែករំលែកព័តមាននេះ