ប្រទេសជប៉ុន ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ចំរើន គុនខ្មែរ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលតាមរយៈការផ្តួលម្ចាស់ខ្សែក្រវាត់របស់ជប៉ុនអូហ្គាសាវ៉ារ៉ា(Ogasawara Eisaku )ឱ្យសន្លប់នៅទឹកទី១វិញបន្ទាប់ពីឃើញកីឡាកររួមជាតិក្របីព្រៃពេជ្រ សម្បត្តិ ត្រូវបានអ្នកប្រយុទ្ធរបស់ជប៉ុនតៃម៉ូ(Taimu Hisai)វាយសន្ធាប់រហូតតដៃលែងបាន ហើយត្រូវអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ សម្រាប់ការប្រកួត
ម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ជាប្រវត្តិសាស្ត្រលើកដំបូងរបស់គេនៅលើសង្វៀន Knockout របស់ជប៉ុន ក្នុងព្រឹត្តិការណ៍ KO CLIMAX 2024 ។
សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង នៅលើសង្វៀន Knockout របស់ជប៉ុន ក្នុងព្រឹត្តិការណ៍ KO CLIMAX 2024 នេះដែរ អ្នកប្រដាល់មុខសេដ ចំរើន គុនខ្មែរ បានទាត់ និងម៉ាត់ឱ្យអ្នកប្រដាល់ជាម្ចាស់ខ្សែក្រវាត់របស់ជប៉ុន អូហ្គាសាវ៉ារ៉ា ដួលទាំងវង្វេង វង្វាន់ហើយត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើក និងឈានដល់ការបញ្ឈប់ការប្រកួតនៅទឹកទី១នេះតែម្តង ខណៈជើងខ្លាំងជប៉ុនរូបនេះលែងមានលទ្ធភាពតដៃជាមួយជើងខ្លាំងកម្ពុជានោះ។ តាមព័ត៌មានចុងក្រោយកីឡាករជប៉ុន Ogasawara Eisaku បានរងរបួសរហូតបាក់ដៃបន្ទាប់ពីរងទម្ងន់ជើងកីឡាករចំរើន គុនខ្មែរ ផ្ទួនៗ។
ការផ្តួលកីឡាករជប៉ុន អូហ្គាសាវ៉ារ៉ាឱ្យសន្លប់របស់ ចំរើន គុនខ្មែរ សម្រាប់ការប្រកួតមិត្តភាពនេះ បានក្លាយជាជ័យជម្នះយ៉ាងសំខាន់ ដែលបានស្តារមុខមាត់គុនខ្មែរបានមួយកម្រិតវិញ ចំពោះការបរាជ័យរបស់ជនរួមជាតិ ពេជ្រ សម្បត្តិ នៅលើសង្វៀន Knockout ក្នុងព្រឹត្តិការណ៍ KO CLIMAX 2024 នៅប្រទេសជប៉ុននេះ។
ចំណែក ពេជ្រ សម្បត្តិ ទោះបីធ្លាប់ធ្វើឱ្យម្ចាស់ខ្សែក្រវាត់ តៃម៉ូ ស្រក់ទឹកភ្នែកសម្រាប់ការជួបគ្នានៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ តាមរយៈការយកឈ្នះដោយពិន្ទុ ប៉ុន្តែការជួបគ្នាជាថ្មីនៅលើទឹកដីជប៉ុន កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ តៃម៉ូ បានផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកួតបានយ៉ាងល្អ ដើម្បីផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់វិញ។
តាមរយៈការប្រកួតដែលមានត្រឹម៣ទឹកនេះ ជើងខ្លាំងរបស់ជប៉ុនតៃម៉ូ មិនបានប្រកាន់ជំហរវាយប្តូរកណ្តាប់ដៃដោយប្រឈមជាមួយ ពេជ្រ សម្បត្តិ ដូចការជួបគ្នានៅលើទឹកដីកម្ពុជាទៀតនោះទេ គឺរូបគេបានប្តូរមកប្រើជង្គង់ភាគច្រើន ដែលធ្វើឱ្យ ពេជ្រ សម្បត្តិ ដែលមានកម្ពស់ទាបជាងនោះ មានការពិបាក ទាំងការចូលម៉ាត់កៀក និងការចូលចាប់បុកជង្គង់ ព្រោះផ្លែវាយចេញរបស់ តៃម៉ូ វែងជាង។
កីឡាករម្ចាស់ផ្ទះតៃម៉ូ បានបង្ហាញការមានប្រៀបលើ ពេជ្រ សម្បត្តិ តាំងពីទឹកទី១ ដោយរូបគេបានបុកជង្គង់ និងម៉ាត់ចូលពេញៗល្អជាង ហើយនៅទឹកទី២ រូបគេបានព្យាយាមចូលចាប់កាច់បន្ថយកម្លាំងរបស់ ពេជ្រ សម្បត្តិ មុនពេលប្រើជង្គង់ឆ្វេងស្តាំ ដើម្បីយកប្រៀបលើ សម្បត្តិ១ទឹកទៀត ។
ជាមួយការចាញ់ប្រៀប២ទឹកនេះ ពេជ្រ សម្បត្តិ បានព្យាយាមវាយសម្រុកកាន់តែខ្លាំងនៅទឹកទី៣ ក្នុងបំណងស្តារដើមមកវិញ ប៉ុន្តែការម៉ាត់ឆ្វេងចូលផ្ទៃមុខពេញរបស់ តៃម៉ូ បានធ្វើឱ្យ ពេជ្រ សម្បត្តិ ដួលទាំងជំហរ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ និងឈានដល់បញ្ឈប់ការប្រកួតតែម្តង នៅពេលឃើញថា ពេជ្រ សម្បត្តិ អស់លទ្ធភាពក្នុងការទប់ការវាយសម្រុកដោយកណ្តាប់ដៃ និងជង្គង់របស់ តៃម៉ូ នោះ។
ចំណែកអ្នកប្រដាល់របស់ថៃឡុំលីសាន (Lom Leesan Tiger Reon) បានចាញ់ធ្ងន់កជាង ពេជ្រ សម្បត្តិ ទៅទៀត សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមក្នុងព្រឹត្តិការណ៍ KO CLIMAX 2024 នេះ ដោយរូបគេត្រូវបានកីឡាករជប៉ុនកាណាតុ (Kanato Shomoji)ទាត់ស្តាំចូលកញ្ចឹងកបណ្តាលឱ្យសន្លប់ធំនៅចុងទឹកទី១ បន្ទាប់ពីលោកអាជ្ញាកណ្តាលរាប់ចំនួន១លើករួចមកដែលធ្វើឱ្យការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះ ជាការឡើងទៅជួបគ្នារវាងកីឡាករជប៉ុនដូចគ្នា គឺ តៃម៉ូ និងកាណាតុ ៕
ចែករំលែកព័តមាននេះ