ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor បង្ហាញតម្រុយព្រមឡើងសង្វៀននៅឥណ្ឌា អាចស៊ីថ្លៃដល់២៥០លានដុល្លារ

3 ថ្ងៃ មុន

អន្តរជាតិ ៖ អ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor ហាក់ដូចជាបង្ហាញតម្រុយថា រូបគេយល់ព្រមឡើងសង្វៀនប្រកួតតទល់នឹងតារាយូធូបអាមេរិក ប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព…

អន្តរជាតិ ៖ អ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor ហាក់ដូចជាបង្ហាញតម្រុយថា រូបគេយល់ព្រមឡើងសង្វៀនប្រកួតតទល់នឹងតារាយូធូបអាមេរិក ប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព Logan Paul នៅក្នុងជំនួបគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ឆ្នាំក្រោយ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីគ្រូសារមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាស៊ី។ នេះបើយោងតាមប្រភពពីកាសែត Daily Mail ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ជាង៣ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីរងរបួសធ្ងន់ធ្ងរក្នុងការប្រកួតចាញ់កីឡាករសញ្ជាតិអាមេរិក Dustin Poirier នៅកម្មវិធី UFC 264 កាលពីឆ្នាំ ២០២១ កីឡាករ McGregor បានឃ្លាតឆ្ងាយពីអាជីពឈឺសាច់របស់ខ្លួន។ អ្នកប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ ទទួលបានការទាក់ទងម្តងហើយម្តងទៀត សម្រាប់ការវិលត្រឡប់ទៅកាន់សង្វៀនអដ្ឋកោន (៨ជ្រុង) ហើយកាលពីថ្មីៗនេះ McGregor ស្ទើរតែត្រូវទល់នឹងកីឡាករសញ្ជាតិអាមេរិក Michael Chandler នៅខែមិថុនា ឆ្នាំនេះទៅហើយ មុនពេលខកខានដោយសារបញ្ហារបួស។

ទោះយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន McGregor បង្ករឿងភ្ញាក់ផ្អើលលើប្រព័ន្ធផ្សព្វផ្សាយពិភពលោក និងបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងថា ការវិលត្រឡប់ទៅសង្វៀនរបស់ខ្លួន នឹងកើតឡើងនៅឆ្នាំ ២០២៥ ប៉ុន្តែលើសង្វៀនប្រដាល់សកលជាជាងការប្រកួតក្នុងទ្រុង។

McGregor បានបង្ហោះសារលើបណ្តាញសង្គម X ថា «ខ្ញុំកំពុងស្ថិតក្នុងកិច្ចព្រមព្រៀងបឋមជាមួយគ្រួសារមហាសេដ្ឋីឥណ្ឌា Ambrani ដើម្បីតទល់នឹង Logan Paul ដែលគ្រប់គ្នាស្គាល់ថាជាបងប្រុសបង្កើតរបស់ Jake Paul តារាយូធូបប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព ដែលទើបយកឈ្នះលើអតីតស្តេចប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Mike Tyson នៅក្នុងការប្រកួតក្រៅផ្លូវការ ឬ Exhibition Match នៅក្នុងប្រទេសឥណ្ឌា»។ ដំណឹងនេះបង្កឱ្យមានប្រតិកម្មពីអ្នកស្នេហាវិស័យប្រដាល់លើពិភពលោក និងបុគ្គលល្បីឈ្មោះក្នុងពិភពកីឡាបែបប្រយុទ្ធលើពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Mac Life របស់ McGregor បានឱ្យដឹងថា ជំនួបដ៏កក្រើកនេះ នឹងធ្វើឡើងនៅឆ្នាំ ២០២៥ គឺជាផ្នែកមួយនៃយុទ្ធនាការទេសចរណ៍រដ្ឋាភិបាលឥណ្ឌា «Visit India» ។ ហើយជំនួបនេះ គ្រោងធ្វើឡើងនៅកីឡដ្ឋានកីឡាគ្រីឃីត Wankhede មានមូលដ្ឋាននៅទីក្រុងម៉ុមបៃ ដែលមានកៅអីផ្ទុកអ្នកទស្សនាចំនួន ៣៣,០០០នាក់។ ពិសេសបំផុតនោះ McGregor គ្រោងនឹងទទួលបានថ្លៃពលកម្ម ២៥០លានដុល្លារពីការប្រកួតនេះ។

លោក Mukesh Ambani មហាសេដ្ឋីជនជាតិឥណ្ឌា ដែលជាបុគ្គលអ្នកមានបំផុតប្រចាំទ្វីបអាស៊ី និងលំដាប់ទី៩លើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាង ១១៩ពាន់លានដុល្លារអាមេរិក។ កីឡាករ McGregor បានចែករំលែកការបង្ហោះលើបណ្តាញសង្គម X របស់លោក Emmett Glenn អ្នកកាសែតកីឡាគុនចម្រុះ MMA ពីសេចក្តីប្រកាសអំពីការប្រកួតរបស់ខ្លួន ហើយអ្នកប្រយុទ្ធអៀរឡង់រូបនេះ ដោយភ្ជាប់សញ្ញា Emojis បេះដូង និងទង់ជាតិឥណ្ឌា។

តាមរយៈការចែករំលែកចុងក្រោយ និងថ្មីៗនេះលើបណ្តាញសង្គម X របស់ McGregor អ្នកគាំទ្រ និងអ្នកស្នេហាកីឡាប្រយុទ្ធជុំវិញពិភពលោក កំពុងទន្ទឹងរង់ចាំលទ្ធផលផ្លូវការ នៃកិច្ចព្រមព្រៀងការប្រកួតដ៏អស្ចារ្យបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសឥណ្ឌាមួយនេះ៕ ដកស្រង់ ៖ Daily Mail និង NBC Newyork

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ