ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WBC ផ្អាកអាជីព Usyk និង Fury រយៈពេលជាង​១ខែ ក្រោយប៉ះគ្នាកក្រើកពិភពលោក សប្តាហ៍មុន

16 ម៉ោង មុន

អន្តរជាតិ ៖ ក្រុមប្រឹក្សាប្រដាល់សកលពិភពលោកហៅកាត់ថា WBC បានសម្រេចផ្អាកសកម្មភាពអ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk និងអ្នកប្រដាល់ចក្រភពអង់គ្លេស Tyson Fury…

អន្តរជាតិ ៖ ក្រុមប្រឹក្សាប្រដាល់សកលពិភពលោកហៅកាត់ថា WBC បានសម្រេចផ្អាកសកម្មភាពអ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk និងអ្នកប្រដាល់ចក្រភពអង់គ្លេស Tyson Fury ពីអាជីពរយៈពេល៣៦ថ្ងៃ ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញបំផុត កាលពីសប្តាហ៍មុន។

អ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk បានផ្តួលអ្នកប្រដាល់ចក្រភពអង់គ្លេស Tyson Fury ការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ខ្លួនបានសម្រេច នៅក្នុងការប្រកួតសងសឹកដ៏ស្វិតស្វាញ តាមរយៈការសម្រេចចិត្តជាឯកច្ឆ័ន្ទចៅក្រម នៅឯសង្វៀន Kingdom Arena ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបន្តរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន។

Usyk យកឈ្នះដោយពិន្ទុជាឯកច្ឆ័ន្ទ ១១៦-១១២ ពីចៅក្រមទាំងបីរូប ដើម្បីកំណត់ថា Fury នៅតែជាអ្នកចាញ់២ប្រកួតជាប់គ្នា ខណៈជំនួបទី១ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងដដែលនេះ Usyk ឈ្នះដោយពិន្ទុមិនឯកច្ឆ័ន្ទ ១១៥–១១២, ១១៤–១១៣, ១១៣–១១៤ ។

យោងតាមកាសែត The Sun បានរាយការណ៍ថា កាលពីជំនួបលើកទី១ Fury វេចលុយទៅផ្ទះវិញប្រហែល ១០៦ដុល្លារអាមេរិក ហើយ Usyk បានប្រហែល ៣៧លានដុល្លារ។ ប៉ុន្តែសម្រាប់ជំនួបលើកទី២ កីឡាករទាំងពីរត្រូវបានរាយការណ៍ថា វេចលុយសរុបចំនួន ១៩០លានដុល្លារ ដោយ Usyk ទទួលបានភាគលាភច្រើនជាងក្នុងនាមអ្នកឈ្នះ បើទោះបីជាចំនួនពិតប្រាកដមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយ។

ជ័យជម្នះរបស់កីឡាករ Usyk បាននាំអ្នកប្រយុទ្ធអ៊ុយក្រែនវ័យ៣៧ឆ្នាំរូបនេះ បង្កើនកំណត់ត្រាមិនទាន់ស្គាល់ចាញ់សោះនៅក្នុងអាជីពរបស់ខ្លួន២៣លើក ដោយផ្តួលគូប្រកួតសន្លប់ចំនួន១៤លើក។ ចំណែកកីឡាករ Fury ឆ្លងកាត់៣៧ប្រកួតកន្លងមក ឈ្នះ៣៤លើក ស្មើ១លើក និងចាញ់២លើកក្រោមស្នាដៃ Usyk នេះឯង និងផ្តួលគូប្រកួតសន្លប់ចំនួន ២៤លើក។

ហេតុអ្វីបានជាទាំង Tyson Fury និង Oleksandr Usyk ត្រូវបានផ្អាកសកម្មភាពទាំងស្រុងពីកីឡាប្រដាល់?

គណៈកម្មការ នៃក្រុមប្រឹក្សាប្រដាល់សកលពិភពលោក តម្រូវឱ្យកីឡាករទាំងពីរសម្រាករយៈពេល៣ថ្ងៃ នៅពេលពួកគេបញ្ចប់ការប្រកួតចំនួន១ទឹក ដែលមានន័យការប្រកួតរវាងអ្នកទាំងពីរសរុបមានចំនួន១២ទឹក ដូច្នេះត្រូវសម្រាករយៈពេល៣៦ថ្ងៃ មុនពេលពួកគេអាចវិលត្រឡប់ឡើងសង្វៀនសាជាថ្មី។

ក្រោយបញ្ចប់ការប្រកួត កីឡាករទាំងពីរត្រូវបានគ្រូពេទ្យជំនាញពិនិត្យ ដើម្បីធានាថា ពួកគេមិនមានរបួសធ្ងន់ធ្ងរ។ បើតាមរបាយការណ៍ពីសារព័ត៌មាន SPORTbible ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងសេណារីយ៉ូ ដែលកីឡាករណាម្នាក់ចាញ់ ដោយសារអាជ្ញាកណ្តាលបញ្ឈប់ព្រោះលក្ខខណ្ឌបច្ចេកទេស កីឡាករចាញ់រូបនោះ នឹងត្រូវសម្រាកយ៉ាងហោចណាស់៣០ថ្ងៃ។ ប៉ុន្តែប្រសិនបើកីឡាករចាញ់ដោយសារការសន្លប់ស្តូកស្តឹង មុនពេលអាជ្ញាកណ្តាលរាប់ កីឡាករចាញ់រូបនោះ នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៦០ថ្ងៃ៕ ដកស្រង់ ៖ SPORTbible និង The People

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ