រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤បានបិទបញ្ចប់ជាស្ថាពរហើយកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ នៅលើទីលានកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមមកពីក្លិបក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេរហូតដល់ទៅ២៦គ្រឿង។ នេះបើតាមការឱ្យដឹងពីលោកគង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា។
សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ឆ្នាំ២០២៤ លើប្រភេទកីឡាហាប់គីដូ បានប្រព្រឹត្តិទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២២ ខែធ្នូ ដោយមានក្លិបចំណុះឱ្យសហព័ន្ធចំនួន៥ចូលរួមរួមមាន ក្លិបក្រសួងមហាផ្ទៃ ក្លិបធីណា ក្លិបអូឡាំពិក ក្លិបម៉ាស្ទ័រសេង និងក្លិបឥន្ទ្រី មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប៨៧នាក់ក្នុងនោះនារីមានចំនួន២៧នាក់ ។ រីឯវិញ្ញាសាដែលត្រូវបានដាក់ឱ្យប្រកួតមានចំនួន៧។
យោងតាមរបាយកាណ៍របស់គណៈកម្មការរៀបចំការប្រកួត ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃមកនេះ ក្លិបក្រសួងមហាផ្ទៃដណ្ដើមបានមេដាយនាំមុខគេមានរហូតដល់ទៅ២៦គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង ។ ចំណាត់ថ្នាក់លេខ២បានទៅក្លិបធីណា ដណ្ដើមបានមេដាយសរុបចំនួន២២គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៨គ្រឿង ។
ចំណាត់ថ្នាក់លេខ៣បានទៅលើក្លិបអូឡាំពិកដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿងក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង។
ចំណាត់ថ្នាក់លេខ៤បានទៅលើក្លិបម៉ាស្ទ័រសេង ដណ្ដើមបានមេដាយសរុបចំនួន១៦គ្រឿងក្នុងនោះមេដាយមាស៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង។ ចំណាត់ថ្នាក់លេខ៥បានទៅលើក្លិបឥន្ទ្រី ដណ្ដើមបានមេដាយសរុបចំនួន១០គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់៤គ្រឿងនិងមេដាយសំរឹទ្ធ៥គ្រឿង។
លោកគួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធកីឡាហាប់គីដូបានឱ្យដឹងថា ឆ្នាំនេះដោយបានការលើកទឹកចិត្តរបស់ប្រធានសហព័ន្ធ គេសង្កេតឃើញថា កីឡាករ កីឡាការិនីចូលរួមយ៉ាងផុសផុលជាពិសេសក្មេងៗ ។ ទោះបីជាការប្រកួតបានល្អឬមិនបានល្អក្ដី លោកមិនឱ្យមានការបាក់ទឹកចិត្តនោះឡើយ ម្យ៉ាងវិញទៀតត្រូវមានការប្រឹងប្រែងប្រកួតប្រជែងឱ្យអស់ពីសមត្ថភាពរៀងៗខ្លួនដើម្បីប្រជែងយកមេដាយ។
លោកបានបន្ថែមទៀតថា ការប្រកួតតែងតែមានឈ្នះមានចាញ់ តែអ្វីដែលសំខាន់គឺការវាស់ស្ទង់សមត្ថភាព គុណភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ក្រោយពីខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែមកនេះ។ លោកសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឱ្យបានកាន់តែច្រើន ព្រោះវាជាទិសដៅដែលសហព័ន្ធហាប់គីដូចង់បាន ដើម្បីជំរុញនិងវាស់ស្ទង់សមត្ថភាព កម្រិតបច្ចេកទេស ស្វែងរកធនធានអត្តពលិកឆ្នើម ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិដណ្ដើមយកមេដាយមកជូនជាតិ៕
ចែករំលែកព័តមាននេះ