ប្រទេសវៀតណាម ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវតទល់ជាមួយក្រុមជម្រើសជាតិថៃ ដើម្បីដណ្តើមជើងឯកពានរង្វាន់អាស៊ាន AFF Cup ឆ្នាំ ២០២៤ ជាមួយប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្តត្រូវធ្វើឡើងពីរជើង។
ការប្រកួតជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដោយវៀតណាមនឹងបើកទ្វារកីឡដ្ឋាន Viet Tri របស់ខ្លួន ទទួលស្វាគមន៍ថៃ វេលាម៉ោង ០៨:០០នាទីយប់នេះផ្ទាល់តែម្តង។ ចំណែកជើងទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយថៃនឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala របស់ខ្លួន ស្វាគមន៍វៀតណាម នៅវេលាម៉ោង ០៨:០០នាទីយប់ ហើយក៏ជាជំនួបចុងក្រោយកាត់សេចក្តីរកម្ចាស់ជើងឯក។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន VnExpress កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មុនពេលត្រូវតទល់នឹងម្ចាស់ផ្ទះវៀតណាមជើងទី១ នៅយប់នេះ ខ្សែការពារឆ្នើមក្រុមដំរីសឹកថៃ Chalermsak Aukkee បានបង្ហាញទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់ថៃក្នុងការផ្តួលវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក៏បានបោះសម្តីថា គេមិនដែលស្គាល់ខ្សែប្រយុទ្ធដ៏មុតស្រួចថ្មីរបស់ក្រុមអ្នកចម្បាំងផ្កាយមាសវៀតណាម ខ្សែប្រយុទ្ធសញ្ជាតិដើមប្រេស៊ីល Nguyen Xuan Son គឺជានរណានោះទេ។
ក្រោយផ្តួលហ្វីលីពីន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កីឡាករ Aukkee ត្រូវបានអ្នកកាសែតសួរថា តើគេបារម្ភទេ ចំពោះការប្រឈមមុខនឹងវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ? ខ្សែការពារវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា «ទម្រង់លេងថៃមានភាពប្រសើរឡើងរាល់ការប្រកួត។ យើងមិនខ្លាចការលេងជាមួយវៀតណាមនៅទីក្រុងបាងកកនោះទេ។ សំណួរនេះគួរតែសួរថា តើវៀតណាមខ្លាចថៃឬអត់? ទើបត្រូវ»។
Aukkee ជាកីឡាករដ៏សំខាន់ក្នុងតំបន់ការពាររបស់ថៃនោះ នឹងត្រូវប្រឈមមុខជាមួយខ្សែប្រយុទ្ធចូលសញ្ជាតិរបស់វៀតណាម Nguyen Xuan Son ដែលមានឈ្មោះកំណើតថា Rafaelson Bezerra Fernandes ហើយបច្ចុប្បន្នកំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ AFF Cup ឆ្នាំ ២០២៤ ដោយរកបាន៥គ្រាប់ត្រឹម៣ប្រកួតប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ Aukkee សមាជិកក្រុម Port FC នៃលីគកំពូលថៃ បានបន្តថា តើ Xuan Son ជានរណា? តើគេខ្លាំងមែនអត់?ចឹងទុកឱ្យគេតទល់ជាមួយ Jonathan Khemdee ចុះ (ខ្សែការពារឆ្នើមថៃ) ខ្ញុំធានាថា Khemdee ខ្លាំងជាង»។
ថៃក្នុងនាមក្រុមការពារតំណែងជើងឯក ស្ថិតនៅពូល A ដែលរួមមាន សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និងទីម័រខាងកើត ហើយបញ្ចប់នៅកំពូលតារាង ក្រោយឈ្នះទាំង៤ប្រកួត។ លុះដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Masatada Ishii មួយនេះ បន្តយកឈ្នះហ្វីលីពីនទាំងលំបាកសរុបទាំងពីរជើង លទ្ធផល ៤-៣ ខណៈជើងទី១ ភ្លាត់ចាញ់ម្ចាស់ផ្ទះហ្វីលីពីនលទ្ធផល ២-១ និងជាការចាញ់លើកដំបូងរបស់ថៃក្រោមថ្វីជើងហ្វីលីពីន។
ដោយឡែក វៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Kim Sang-sik ស្ថិតនៅពូល B ដែលរួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង ឡាវ ដោយបញ្ចប់នៅកំពូលតារាង ក្រោយឈ្នះ៣ប្រកួត និងស្មើ១ប្រកួត។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបន្តយកឈ្នះសិង្ហបុរីសរុបទាំងពីរជើងលទ្ធផល ៥-១ ដោយជើងទី១ ទៅបំបាក់ម្ចាស់ផ្ទះសិង្ហបុរីលទ្ធផល ២-០។
ប្រវត្តិជួបគ្នា ២០ប្រកួតកន្លងមក ថៃឈ្នះ ១១លើក វៀតណាមឈ្នះត្រឹម ២លើក និងស្មើគ្នា ៧លើក។ ជួបគ្នា ៥លើកចុងក្រោយ ថៃឈ្នះ ៣លើក និងស្មើគ្នា ២លើក។ ចំណែកនៅក្នុងពានរង្វាន់ AFF Cup ក្រុមទាំងពីរធ្លាប់ជួបគ្នា ១០លើក ថៃឈ្នះ ៥លើក ខណៈវៀតណាមឈ្នះត្រឹមតែ ១លើកប៉ុណ្ណោះ។ នៅក្នុងពានរង្វាន់នេះទៀតសោត ថៃឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១១ ចំណែកវៀតណាមគឺជាលើកទី៥។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup មុនប្រែជា ASEAN Championship ឬ ASEAN Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ដោយផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស។ បង្កើតដំបូងនៅក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ រូបភាព ៖ FAT, VFF និង ASEAN United FC
ចែករំលែកព័តមាននេះ