រាជធានីភ្នំពេញ ៖ កំពូលអ្នកប្រដាល់ទម្ងន់៦០គីឡូក្រាម ពេជ្រ សម្បត្តិ ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី៣ បន្ទាប់ពីទទួលរងកណ្ដាប់ដៃផ្ទួនៗពីកីឡាករជើងខ្លាំងជប៉ុន Hisai Taimuបណ្ដាលឱ្យដួលលើសង្វៀន Knoct Out សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងអន្តរជាតិ នៅប្រទេសជប៉ុន កាលពី
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ការបរាជ័យរបស់ក្របីព្រៃពេជ្រ សម្បត្តិ មហាជនចាត់ទុកជារឿងធម្មតា ដោយសារគូប្រកួតរបស់គេគឺជាជើងខ្លាំងលំដាប់ពិភពលោក ។ ប៉ុន្តែអ្វីដែលពួកគេចាប់អារម្មណ៍ខ្លាំងនោះគឺការឡើងសង្វៀនប្រកួត៣-៤ដងក្នុង១ខែរបស់ពេជ្រ សម្បត្តិបានល្បីដល់ប្រទេសជប៉ុន ។
ជាក់ស្ដែងនៅក្នុងសន្និសីទសារព័ត៌មានមុនពេលប្រកួត ពេជ្រ សម្បត្តិ ត្រូវអ្នកកាសែតជប៉ុន
ចោទសួរជុំវិញការឡើងសង្វៀនប្រកួត៣-៤ដងក្នុង១ខែរបស់កីឡាករជើងខ្លាំងកម្ពុជារូបនេះ។
ពេជ្រ សម្បត្តិ បានប្រាប់មូលហេតុប្រកួតញឹកញាប់ថា ការមានឈ្មោះប្រកួតស្ទើរតែរៀងរាល់សប្តាហ៍ក៏ព្រោះតែរូបគេមិនមានបញ្ហាឈឺរាងកាយក្រោយប្រកួតចប់ ។ ការប្រកួតមួយរយៈចុងក្រោយនេះភាគច្រើនប្រើពេលយ៉ាងយូរត្រឹម៣ទឹក អាចផ្តួលដៃគូឱ្យបោះបង់ការប្រកួតបាន ហើយការហ្វឹកហាត់ក៏នៅតែដំណើរការធម្មតា ទោះបីជាទើបប្រកួតហើយក្តី ។ ពេជ្រ សម្បត្តិ បានអះអាងដែរថា ជាធម្មតាប្រសិនបើរូបគេមានបញ្ហាឈឺរាងកាយក្រោយប្រកួត នោះគ្រូបង្ហាត់របស់គេ ក៏ដូចជាខ្លួនគេផ្ទាល់ក៏នឹងមិនទទួលបានប្រកួតញឹកញាប់ដែរ។
ស្រដៀងគ្នា លោក ពេជ្រ សុផាន់ ដែលជាគ្រូបង្ហាត់ផ្ទាល់របស់ពេជ្រ សម្បត្តិ បានបញ្ជាក់មូលហេតុដែរថា ការអនុញ្ញាតឱ្យសិស្សប្រកួតញឹកញាប់ក៏ព្រោះតែលោកបានដឹងពីសមត្ថភាពរបស់ដៃគូ ហើយសិស្សគុនរបស់លោកភាគច្រើនប្រើរយៈពេលខ្លីវាយដៃគូឱ្យសន្លប់ ដូច្នេះមិនសូវអស់កម្លាំង និងឈឺខ្លួននោះទេ ។ លោក ពេជ្រ សុផាន់ ចាត់ទុកថា នេះជាឱកាសរកចំណូលស្របពេលដែលមិនមានបញ្ហារាងកាយ ហើយបន្តការហ្វឹកហាត់បានបន្ទាប់ពីប្រកួតរួច ប៉ុន្តែលោកបញ្ជាក់ដែរថា ប្រសិនបើសិស្សឈឺរាងកាយលោកក៏មិនអនុញ្ញាតឱ្យប្រកួតញឹកញាប់ដែរ។
ការបញ្ជាក់មូលហេតុពីសំណាក់លោក ពេជ្រ សុផាន់ និងកីឡាករ ពេជ្រ សម្បត្តិ បែបនេះ ក្រោយមានមហាជនរិះគន់ថា ពេជ្រ សម្បត្តិ ចេញប្រកួតញឹកញាប់ ដោយពួកគេបារម្ភថាការប្រកួតជាប់សប្តាហ៍បែបនេះអាចប្រឈមនឹងគ្រោះថ្នាក់។
ជាការកត់សម្គាល់ ពេជ្រ សម្បត្តិ ពិតជាមានឈ្មោះប្រកួតជាប់សប្តាហ៍ដូចមហាជនលើកឡើងមែន ប៉ុន្តែការប្រកួតរបស់គេនៅប្រមាណជាង២០ប្រកួតចុងក្រោយភាគច្រើនប្រើរយៈពេលត្រឹមតែ១ ឬ២ទឹកប៉ុណ្ណោះ អាចផ្តួលដៃគូឱ្យសន្លប់បាន ហើយសិស្សគុននៃក្លិបប្រដាល់ចលនាយុវជនកម្ពុជា១៥៧គុនខ្មែររូបនេះ ក៏បានអះអាងដែរថា ការប្រកួតដែលផ្តួលដៃគូលឿនបែបនេះ មិនបានប៉ះពាល់ ឬធ្វើឱ្យឈឺរាងកាយនោះទេ។
គួររំលឹកផងដែរថា បច្ចុប្បន្នកីឡាប្រដាល់គុនខ្មែរកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងគុណភាពកីឡាករជួរមុខ និងថ្នាលយុវជន ។ ទន្ទឹមនឹងនោះ ក្បាច់គុនដូនតាខ្មែរមួយនេះ កំពុងត្រូវបានបរទេសទទួលស្គាល់ជាអន្តរជាតិធ្វើឱ្យមានការនាំយកកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេសញឹកញាប់។ សកម្មភាពនេះបង្ហាញពីសក្តានុពលជាវិជ្ជមានមួយសម្រាប់វិស័យគុនខ្មែរ ក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗក្នុងស្រុកដែលធ្វើឱ្យជីវភាពកីឡាករកម្ពុជា មានការវិវត្តឈានឡើងខុសប្លែកពីសម័យអតីតកាលខ្លាំង ព្រោះតម្លៃខ្លួនកីឡាករជួរមុខកម្ពុជាម្នាក់ៗ ក្នុងពេលបច្ចុប្បន្ន អាចនិយាយបានថា កើនលើសពីមុន១០ដងឯណោះ។
ទោះបីយ៉ាងណា ការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនក្នុងស្រុកក៏គេឃើញមានការរើសអើងកីឡាករផងដែរដោយភាគច្រើនពួកគេមានតម្រូវការតែកីឡាករខ្លាំងៗ និងល្បីប៉ុណ្ណោះឱ្យឡើងសង្វៀនញឹកញាប់ស្ទើររកពេលសម្រាកគ្មាន ជាហេតុធ្វើឱ្យកីឡាករទាំងនោះត្រូវធ្វើការហួសកម្លាំង គ្មានពេលសម្រាកស្ដារកម្លាំង និងព្យាបាលរបួសឱ្យបានជាសះស្បើយ ដែលអាចប៉ះពាល់ដល់ខួរក្បាល និងរាងកាយយ៉ាងធ្ងន់ធ្ងរ។
ក្នុងពិធីថ្លឹងទម្ងន់ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីកាលពីពេលកន្លងទៅ កីឡាករ ឡុង សុភី ដែលធ្លាប់ជាកីឡាករលំដាប់ជួរមុខមួយរូបបានលើកឡើងថា ការប្រកួតរាល់សប្តាហ៍ ឬប្រកួត៣ទៅ៤ដងក្នុងមួយសប្តាហ៍អាចប៉ះពាល់ធ្ងន់ធ្ងរ ។
លោកថា កីឡាករឲ្យតែវ៉ៃញាប់គឺពុកហើយ។ ដូចទឹកស្រក់លើថ្មអ៊ីចឹង យូរៗនឹងស្រាំ ឬធ្លុះ តែកីឡាករវ៉ៃល្អបំផុត២ដងក្នុងមួយខែ។ វ៉ៃមួយអាទិត្យ សម្រាកមួយអាទិត្យ ពីព្រោះសម្រាកមួយអាទិត្យ យើងព្យាបាលខ្លួនបានល្អ ។ ក្នុងរយៈពេលមួយអាទិត្យ យើងអាចព្យាបាលរបួសបានជាសះស្បើយហោចណាស់៨០ទៅ៩០% តែបើយើងវ៉ៃរាល់អាទិត្យ វ៉ៃយូរខ្ទាំសាច់ ខ្ទាំឆ្អឹង បាក់ដៃ បាក់ជើង បាក់ថ្គាមលឿន ឲ្យតែបើកមុខឲ្យគេវ៉ៃ។
ឡុង សុភី សង្កត់ធ្ងន់ថា ប្រសិនបើកីឡាករក្នុងមួយខែប្រកួត៤ទៅ៥ដងគឺមិនយូរនឹងប៉ះពាល់ដល់ផ្នែកណាមួយមិនខាន។ ទោះបីជាវ៉ៃត្រូវគេ ប៉ុន្តែគេក៏វ៉ៃត្រូវយើងវិញដែរ តែបើវ៉ៃគេសន្លប់លឿនអត់សូវអីទេ។ បើវ៉ៃ៣ទៅ៥ទឹកពេញៗរាល់សប្តាហ៍ មិនយូរទេគឺប៉ះពាល់ខួរក្បាល បើមិនឆ្គួត ក៏សរសៃប្រសាទដែរ ។ ពេលឥឡូវនេះមិនសូវកើតបញ្ហាអីទេ តែដល់អាយុចាប់ពី៣០ឆ្នាំឡើងទៅចាប់ផ្តើមមានបញ្ហាដល់ខួរក្បាល ដូចជាភ្លេចភ្លាំង ឬសរសៃប្រសាទជាដើម។
ទោះបីជាយ៉ាងណា ឡុង សុភី បានបញ្ជាក់ថា ប្រសិនបើអត់បានប្រកួតយូរក៏មិនល្អដែរ ក្នុងនោះបាត់បង់ចំណូលចិញ្ចឹមជីវិត។ ក្បាច់ អាវុធ និងកម្លាំងស៊ុហ្វមិនល្អ ប្រសិនបើខកខានឡើងសង្វៀនចាប់ពី៣ខែឡើងទៅ ។
ដោយមើលឃើញបញ្ហានេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាករគុនខ្មែរកាលពីដើម ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់យោបល់ និងណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ត្រូវតែពិនិត្យ និងមិនត្រូវចាប់ផ្គូផ្គងកីឡាករឱ្យឡើងប្រកួតនៅក្នុង១សប្តាហ៍ម្តងនោះទេ ។ ការធ្វើបែបនេះនឹងនាំឱ្យកីឡាករមានរបួសមិនទាន់ជាសះស្បើយផងត្រូវប្រកួតម្តងទៀត ចំណុចនេះនឹងធ្វើឱ្យកីឡាករ កីឡាការិនីកម្ពុជា ប៉ះពាល់សុខភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ ។ កីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះ បើមានការគាំទ្រដិតដល់ ។ អ្នកកីឡារបស់កម្ពុជា បានឆ្លងកាត់ និងចាប់ផ្តើមពង្រឹងខ្លួនពីព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម រហូតមកដល់ពេលនេះ ។ ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់ថាអ្នកកីឡារបស់យើងហត់នឿយពេកហើយនៃការប្រកួតប្រចាំសប្តាហ៍ គឺក្នុង១ថ្ងៃ ឬជួនកាល ១អាទិត្យឡើងប្រកួតម្តង គឺមិនអាចទៅរួចទេ ធ្វើបែបនេះខូចកីឡាករអស់ហើយ ។ ការផ្គូផ្គងកីឡាករ សូមឱ្យថ្នាក់ដឹកនាំកីឡាគុនខ្មែរត្រូវយកចិត្តទុកដាក់ មិនអាចចេះតែធ្វើទៅតាមចំណង់ចំណូលចិត្តនោះទេ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ថា បច្ចុប្បន្ននេះ កម្ពុជាក៏ខ្វះខាតកីឡាករប្រកួតផងដែរ ៕
ចែករំលែកព័តមាននេះ