ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ និងរឿងរ៉ាវកីឡាទាំង៨ ដ៏មានឥទ្ធិ​ពល​បំផុតនៅលើពិភពលោក កាលឆ្នាំមុន

3 ថ្ងៃ មុន

អន្តរជាតិ ៖ ឆ្នាំ ២០២៤ ត្រូវបានប្រមូលផ្តុំដោយពេលវេលាដ៏អស្ចារ្យជាច្រើនទូទាំងពិភពកីឡា ហើយក៏បានរំលឹកយើងអំពីមូលហេតុដែលកីឡាបង្កើតនូវភាពទាក់ទាញ ក៏ដូចជាការលើកទឹកចិត្តដល់មនុស្សជុំវិញពិភពលោក។ ទាំងនេះគឺជាព្រឹត្តិការណ៍ និងរឿងរ៉ាវកីឡាដ៏មានឥទ្ធិពលបំផុតទាំង ៨…

អន្តរជាតិ ៖ ឆ្នាំ ២០២៤ ត្រូវបានប្រមូលផ្តុំដោយពេលវេលាដ៏អស្ចារ្យជាច្រើនទូទាំងពិភពកីឡា ហើយក៏បានរំលឹកយើងអំពីមូលហេតុដែលកីឡាបង្កើតនូវភាពទាក់ទាញ ក៏ដូចជាការលើកទឹកចិត្តដល់មនុស្សជុំវិញពិភពលោក។ ទាំងនេះគឺជាព្រឹត្តិការណ៍ និងរឿងរ៉ាវកីឡាដ៏មានឥទ្ធិពលបំផុតទាំង ៨ ត្រូវបានកំណត់ថាកក្រើកបំផុតប្រចាំឆ្នាំ ២០២៤។

១-ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបង្ហាញនូវសមិទ្ធិផលផ្នែកកីឡា និងស្មារតីកីឡាដ៏ល្អបំផុត។ ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពសប្បាយរីករាយបំផុតមួយ ដោយសារការផ្តល់នូវពេលវេលា នៃការបំផុសគំនិតរាប់មិនអស់ ចាប់ចំណងអ្នកស្នេហា រហូតដល់ការយកឈ្នះលើបញ្ហាប្រឈមនានា។

អត្តពលិកលេចធ្លោរួមមាន កីឡាករហែលទឹកបារាំង Leon Marchand, កីឡាការិនីកាយសម្ព័ន្ធអាមេរិក Simone Biles, កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo, កីឡាកររត់ប្រណាំងអាមេរិក Noah Lyles, កីឡាការិនីប្រដាល់សកលអាល់ហ្សេរី Imane Khelif និងកីឡាករតេន្នីស៊ែប Novak Djokovic ដែលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់ខ្លួន និងប្រទេសជាតិរបស់ពួកគេ។

សហរដ្ឋអាមេរិកឈរកំពូលតារាងមេដាយសរុបព្រឹត្តិការណ៍ប៉ារីសឆ្នាំ ២០២៤ ហើយក៏ជាការឈរកំពូលតារាងមេដាយសរុបការប្រកួតអូឡាំពិករដូវក្តៅ ៤សម័យកាលជាប់គ្នាផងដែរ ក្រោយដណ្តើមមេដាយមាសសរុប ៤០គ្រឿងស្មើជាមួយចិន ប៉ុន្តែចំនួនមេដាយប្រាក់ និងសំរឹទ្ធច្រើនជាង។

កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ក៏បានផ្តល់ពេលវេលាដ៏ពេញនិយម និងទាក់ទាញផងដែរ ដូចជាការថត Selfie ដោយអត្តពលិកមកពីប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កាយវិការ និងការវៀបចំខ្លួនឥតព្រាងទុករបស់កីឡាការិនីបាញ់កាំភ្លើងកូរ៉េខាងត្បូង Kim Ye-ji និងកីឡាករបាញ់កាំភ្លើងតួកគី Yusuf Dikec រួមទាំងក្បាច់រាំ Breakdancing ចម្លែកខុសពីគេរបស់កីឡាការិនីអូស្រ្តាលី Rachael Gunn ទាក់ទាញខ្លាំងជាងគេនៅប្រព័ន្ធអ៊ីនធឺណិតអស់រយៈពេលជាច្រើនខែ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះ។

២-ជើងឯក Champions League លើកទី ១៥ របស់ក្រុម Real Madrid
ក្រុមស្តេចស Real Madrid បានពង្រឹងកេរ្តិ៍ឈ្មោះពួកគេជាក្លិបបាល់ទាត់ជោគជ័យបំផុតនៅអឺរ៉ុប ដោយការឈ្នះពានរង្វាន់ UEFA Champions League ជាលើកទី ១៥ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund កាលពីថ្ងៃទី១ ខែមិថុនា ក្រុមយក្សអេស្ប៉ាញ Real Madrid បានយកឈ្នះដោយលទ្ធផល ២-០ សម្រេចបានដោយកីឡាករ Dani Cavarjal និង Vinicius Jr.។

នៅក្នុងរដូវកាល ២០២៣-២០២៤ ក្រុម Real Madrid ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ ដោយឈ្នះពានរង្វាន់ធំចំនួន ៥ ដែលស្មើនឹងលទ្ធផលល្អបំផុតប្រចាំឆ្នាំរបស់ពួកគេ។ ក្រៅអំពី Champions League ពួកគេក៏បានឈ្នះ La Liga, Spanish Super Cup, European Super Cup និង Intercontinental Cup ផងដែរ។

៣-អេស្ប៉ាញគ្រងមកុដជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024
ក្រុមគោជល់អេស្ប៉ាញបានវិលទៅកាន់កំពូលតារាងបាល់ទាត់អឺរ៉ុបវិញ ដោយការឈ្នះជើងឯក Euro 2024 នៅប្រទេសអាល្លឺម៉ង់ ក្រោយយកឈ្នះតោកំណាចអង់គ្លេសលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ ខែកក្កដា។

ជ័យជម្នះរបស់អេស្ប៉ាញ បានសម្គាល់អំពីការឈ្នះពានរង្វាន់ធំបំផុតរបស់អឺរ៉ុបជាលើកទី៤ និងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានគេមើលឃើញថា គឺជាចំណុចរបត់ដ៏សំខាន់មួយ បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍នៃស្តារឡើងវិញ និងការផ្លាស់ប្តូរដ៏គួតឱ្យភ្ញាក់ផ្អើល។ លោកគ្រូបង្វឹក Luis de la Fuente ទទួលបានការកោតសរសើរចំពោះការបញ្ចូលគ្នានូវកីឡាករមានបទពិសោធន៍ ជាមួយកីឡាករទេពកោសល្យវ័យក្មេងដែលកំពុងរីកចម្រើន នេះគឺជាសញ្ញានៃយុគសម័យមាសថ្មីដ៏មានសក្តានុពលសម្រាប់បាល់ទាត់អេស្ប៉ាញ។

៤-ការចូលនិវត្តន៍ដ៏រំជួលចិត្តបំផុតរបស់ Rafael Nadal ចំពោះកីឡាវាយតេន្នីស
កីឡាករអេស្ប៉ាញ Rafael Nadal បានចូលនិវត្តន៍ពីអាជីពដ៏អស្ចារ្យជាផ្លូវការ បន្ទាប់ពីតំណាងឱ្យប្រទេសអេស្ប៉ាញមួយលើកចុងក្រោយក្នុងពានរង្វាន់ Davis Cup ។ ម្ចាស់ជើងឯក Grand Slam ២២សម័យក្នុងរយៈពេល ២៣ឆ្នាំរូបនេះ បានប្រកាសបញ្ចប់អាជីពខ្លួននៅចំពោះមុខហ្វូងអ្នកទស្សនាក្នុងប្រទេសកំណើត កាលពីថ្ងៃទី១០ ខែតុលា ដោយឆ្លុះបញ្ចាំងពីដំណើរអាជីពជាមួយភាពអត់ធ្មត់ និងភាពជោគជ័យដ៏អស្ចារ្យរបស់កីឡាកររូបនេះ។

ការសម្រេចចិត្តចូលនិវត្តន៍របស់អតីតកីឡាករចំណាត់ថ្នាក់លេខ១ពិភពលោក Rafael Nadal កើតឡើងបន្ទាប់ពីតស៊ូនឹងបញ្ហារបួសជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអវត្តមានពីការប្រកួតព្រឹត្តិការណ៍ធំៗជាច្រើន។

៥-ការឈ្នះ Ballon d’Or ដ៏ចម្រូងចម្រាសរបស់ Rodri
ការឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ឬ Ballon d’Or របស់ខ្សែបម្រើការពារអេស្ប៉ាញ Rodri លើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior បានបង្កឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកគាំទ្រ និងអត្តពលិកបាល់ទាត់ពិភពលោក។ ខណៈពេលដែលតួនាទីរបស់ Rodri នៅក្នុងរដូវកាលដ៏ជោគជ័យរបស់ Manchester City និងពានរង្វាន់ Euro 2024 របស់អេស្ប៉ាញបានធ្វើឱ្យគេក្លាយជាបេក្ខភាពសក្តិសមឈ្នះពានរង្វាន់នេះ។

ទោះយ៉ាងណា មនុស្សជាច្រើនជឿថា ភាពប៉ិនប្រសប់ផ្ទាល់ខ្លួនរបស់ Vinicius Jr. និងការរួមចំណែកដ៏សំខាន់សម្រាប់ Real Madrid គឺសមនឹងឈ្នះពាននេះជាកីឡាករណាទាំងអស់។ អ្នករិះគន់ក៏បានចោទសួរថា តើតួនាទីខ្សែការពាររបស់ Rodri បានផ្តល់ឥទ្ធិពលគ្រប់គ្រាន់ដល់គេដែរឬទេ បើធៀបនឹងកីឡករជាប់ឈ្មោះប្រជែងផ្សេងទៀត។

៦-ជំនួប Mike Tyson និង Jake Paul បានបង្កើតកំណត់ត្រាជាច្រើន
ការប្រកួតក្រៅផ្លូវការដែលបានរំពឹងទុកយ៉ាងខ្លាំងក្លារវាងអតីតស្តេចអ្នកប្រដាល់អាមេរិក Mike Tyson អាយុ៥៨ឆ្នាំ និងតារាយូធូបដ៏ល្បីអាមេរិក ប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព Jake Paul អាយុ២៧ឆ្នាំ បានបញ្ចប់ទៅដោយ Paul ឈ្នះពិន្ទុជាឯកច្ឆន្ទ័ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

ជំនួបដ៏កក្រើកពិភពលោក ដែលអ្នកគាំទ្រទន្ទឹងរង់ចាំមួយនេះ បានបំបែកកំណត់ត្រាអ្នកទស្សនារហូតដល់ ៧២,៣០០នាក់ នៅក្នុងកីឡដ្ឋាន AT&T រដ្ឋតិចសាស់ និង ៦៥លានគ្រួសារទៀតនៅទូទាំងពិភពលោក ដែលបានទស្សនានៅលើកម្មវិធី Netflix។ ទោះយ៉ាងណា ជំនួបក៏ទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះស្ថានភាពរាងកាយរបស់ Mike Tyson និងគម្លាតអាយុ៣១ឆ្នាំរវាងកីឡាករទាំងពីរ។ បន្ទាប់ពីការប្រកួតនេះ អ្នកសង្កេតការណ៍ជាច្រើនបានប៉ាន់ស្មានថា ការប្រកួតនេះត្រូវបានរៀបចំឡើង ហើយការរិះគន់ក៏បានផ្ទុះឡើងចំពោះភាពមិនប្រក្រតីជាច្រើនផងដែរ។

៧-រឿងអាស្រូវសារធាតហាមឃាត់ លើអត្តពលិកឆ្នើមកីឡាវាយតេន្នីស
ពិភពកីឡាឆ្នាំ ២០២៤ មានការភ្ញាក់ផ្អើលចំពោះករណីសារធាតុហាមឃាត់ ពាក់ព័ន្ធនឹងកីឡាករ Jannik Sinner និងកីឡាការិនី Iga Swiatek ដែលត្រូវបានចាត់ទុកថាគឺជាអត្តពលិកកីឡាឆ្នើមបំផុតផ្នែកបុរស និងនារី។

ខែមីនា ឆ្នាំ ២០២៤ Jannik Sinner សញ្ជាតិអ៊ីតាលី និងជាកីឡាករចំណាត់ថ្នាក់លេខ ១ ពិភពលោក បានធ្វើតេស្តវិជ្ជមានពីរដងសម្រាប់សារធាតុ Clostebol និង Anabolic Steroid ដែលត្រូវបានហាមឃាត់ក្នុងកីឡាអាជីព។ ទោះបីជាក្រោយមករូបគេត្រូវបានសន្និដ្ឋានថា គ្មានកំហុស ឬការធ្វេសប្រហែសណាមួយ និងត្រូវបានអនុញ្ញាតឱ្យបន្តការប្រកួតដោយគ្មានការព្យួរអាជីពយ៉ាងក៏ដោយ ក៏ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ដោយស្វែងរកការដាក់បម្រាមអាជីព Sinner រហូតដល់២ឆ្នាំ។ ហើយគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា CAS មិនទាន់បានប្រកាសសាលក្រមចុងក្រោយលើបណ្តឹងឧទ្ធរណ៍នេះទេ។

ងាកទៅកីឡាការិនីប៉ូឡូញ Iga Swiatek ម្ចាស់ជើងឯក Grand Slam ៥សម័យកាល និងឈរនៅចំណាត់ថ្នាក់លេខ ២ ពិភពលោក បានធ្វើតេស្តវិជ្ជមានចំពោះសារធាតុ Trimetazidine កាលពីខែសីហា ឆ្នាំ២០២៤។ នាងបានទទួលយកការព្យួរអាជីពរយៈពេល១ខែ ដែលត្រូវបានអនុវត្តពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី៤ តុលា ឆ្នាំ ២០២៤ ហើយត្រូវខកខានការប្រកួតមួយចំនួន អំឡុងពេលនោះ។

៨-ជំនួបប្រដាល់សកលទម្ងន់យក្ស Tyson Fury ទល់នឹង Oleksandr Usyk
ជំនួបប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោករវាងកីឡាករអង់គ្លេស Tyson Fury និងកីឡាករអ៊ុយក្រែន Oleksandr Usyk ក្នុងឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដែលគ្រប់លើកមកនិយាយច្រើនបំផុតក្នុងវិស័យប្រដាល់។ នៅក្នុងការជួបគ្នាលើកដំបូងរបស់ពួកគេ កាលពីខែឧសភា Usyk យកឈ្នះ Fury ដោយពិន្ទុមិនឯកច្ឆ័ន្ទ ដោយការពារខ្សែក្រវាត់ WBA (Super), IBF, WBO, IBO និងដណ្តើមបានខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC។

ដោយឡែក ជំនួបសងសឹក កាលពីថ្ងៃទី១៨ ខែធ្នូ អ្នកប្រយុទ្ធអ៊ុយក្រែន Usyk គឺជាអ្នកឈ្នះម្តងទៀត ដើម្បីការពារខ្សែក្រវាត់ WBA (Super), IBF, WBO, IBO និង WBC។ ការប្រកួតដ៏កក្រើកពិភពលោក ចុងឆ្នាំ ២០២៤ មួយនេះ ក៏ជារឿងគួរឱ្យកត់សម្គាល់សម្រាប់ការណែនាំបច្ចេកវិទ្យាអាជ្ញាកណ្ដាល AI និងជាការប្រកួតដំបូងក្នុងប្រវត្តិសាស្ត្រប្រដាល់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយមួយនេះ៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ