រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បាននឹងកំពុងរៀបចំផែនការដាក់គោលដៅអភិវឌ្ឍធនធានអត្តពលិករបស់ខ្លួន ឈានឆ្ពោះទៅដណ្ដើមជ័យជម្នះ ពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ និងអាស៊ីហ្គេមឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
បើតាមការលើកឡើររបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅក្នុងឱកាស បិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាកាយសម្ព័ន្ធ និងដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៨ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាកាយសម្ព័ន្ធនិងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២៤ ត្រូវបានប្រារព្វធ្វើឡើងមានរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ថ្ងៃទី២៥ មកម្ល៉េះ ដែលមានក្លិបចំនួន៨ មកពី៤ក្រសួង-ខេត្ត មានកីឡាករ-កីឡាការិនី ចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស ចំនួន៣៣នាក់ព្រមទាំងមន្ត្រីស្ម័គ្រចិត្ត ចំនួន១៣នាក់ផ្សេងទៀត។ ចំណែកវិញ្ញាសា ដែលត្រូវដាក់ឱ្យប្រកួត (Aerobic Gymnastics and Atistic Gymnastics)។ ហើយសម្រាប់ការប្រកួត បានប្រព្រឹត្តិទៅដោយរលូន រហូតដល់ថ្ងៃបញ្ចប់ ។
ទន្ទឹមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាគោរពបាននូវវិន័យ ប្រកបដោយក្រមសីលធម៌ខ្ពស់ប្រឹងប្រែងប្រកួតប្រជែងប្រកបដោយគោលការណ៍ Fair Play របស់កីឡាករ កីឡាការិនី និងបានបញ្ចប់ទៅដោយរលូន ឯកឧត្តមបណ្ដិត ថោង ខុន ទេសរដ្ឋមន្ត្រ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដាក់គោលដៅបន្ថែម ក្នុងការអភិវឌ្ឍធនធានកីឡាករ កីឡាការិនី ជាពិសេស យុវជនថ្នាល់ ដើម្បីឈានឆ្ពោះទៅដណ្ដើមជ័យជម្នះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងកីឡាយុវជនអាស៊ីហ្គេមឆ្នាំ២០២៩ នៅកម្ពុជា ។
ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀថា បើយើងធ្វើការប្រៀបធៀបជាមួយឆ្នាំ២០២៣ មានការកើនឡើងផ្នែកគុណផលបច្ចេកទេសបានល្អ ជាពិសេសក្នុងឆ្នាំនេះ សហព័ន្ធសាមី បានសហការជាមួយអង្គភាពពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់កញ្ចប់ថវិកា ដើម្បីឱ្យសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ក៏ដូចជាការអភិវឌ្ឍកីឡាជំនាញឆ្ពោះទៅការប្រកួតឆ្នាំ២០២៥-២០២៩។ ជាក់ស្ដែងការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៤នេះទៀត យើងអាចធ្វើការវាស់ស្ទង់សមត្ថភាព កម្រិតបច្ចេកទេស និងទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗ ខិតខំហ្វឹកហាត់នាពេលកន្លងមក។ ដូច្នេះដើម្បីជាការត្រៀមឱ្យបានល្អសម្រាប់ការប្រកួតនាពេលខាងមុខ ឯកឧត្តមប្រធាបានផ្ដល់អនុសាសន៍បន្ថែមចំនួន ៥ចំណុច ៖
ទី១. បណ្ដុះបណ្ដាលកីឡាករ កីឡាការិនីថ្នាលតាមកម្រិតអាយុនិងបញ្ជូនឱ្យទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីបង្កើនបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់
ទី២. ពង្រឹងសមត្ថភាពចៅក្រមបច្ចេកទេស គ្រូបង្វឹកគ្រូជំនួយឱ្យបានល្អទាំងបរិមាណនិងគុណភាព
ទី៣. ជម្រុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំទៅតាមក្លិប និងសមាគម
ទី៤. ពង្រឹងរចនាសម្ព័ន្ថគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានស្រាប់ឱ្យបានរឹងមាំ និងស្វែងរកដៃគូបន្ថែម
និងទី៥. ជម្រុញឱ្យមានការចូលរួមប្រកួតជាល្ខណៈអន្តរជាតិឱ្យបានកាន់តែច្រើន ៕
ចែករំលែកព័តមាននេះ