រាជធានីភ្នំពេញ ៖ តាមផែនការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបញ្ជូនអត្តពលិកថ្នាល ៩រូប ដែលមានវ័យក្រោម១៧ឆ្នាំ ចូលរួមក្នុងព្រឹត្តិការណ៍កីឡា យុវជនអាស៊ី នៅប្រទេសបារ៉ែន លើកទី៣ ឆ្នាំ២០២៥ (3rd Asian Youth Games) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ។
តាមការឱ្យដឹងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ដែលប្រទេសបារ៉ែន ធ្វើជាម្ចាស់ផ្ទះលើកនេះ មានបណ្ដាប្រទេសចំនួន៤៥ ទូទាំងទ្វីបអាស៊ីចូលរួម ហើយគេរំពឹងថា នឹងមានអត្តពលិក ចូលរួមប្រមាណជាង៤ពាន់។ ចំណែកម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ នឹងដាក់២៤ប្រភេទកីឡា ឱ្យប្រកួត សរុប២០៧ វិញ្ញាសា ។
រីឯកម្ពុជា ត្រៀម ១៧ប្រភេទកីឡា សម្រាប់ព្រឹត្តិការណ៍មួយនេះ រួមមាន ៖ កីឡាហែលទឹក ប្រភេទ (កីឡាបាល់ទះលើទឹក) អត្តពលកម្ម, វាយសី, បាល់បោះ, យូដូ, ជឺជិតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់ និងកីឡាប្រដាល់សាកល ។
ដោយឡែក សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ តាមផែនការក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹកចំនួន២នាក់ និងអត្តពលិកថ្នាល អាយុក្រោម១៧ឆ្នាំ ចំនួន៩រូប ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ។
ឯកឧត្តម ខូវ ឆាយ បានឱ្យដឹងថា នេះជាលើកទី១ហើយ សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ បានចូលរួមប្រកួតយុវជនអាស៊ី ក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីប។ ដូច្នេះមិនត្រូវបានគេរំពឹងថា និងអាចដណ្ដើមបានជ័យលាភីណាមួយឡើយ ដោយគ្រាន់តែគេរំពឹងថា កីឡាករថ្នាលទាំងនោះ ប្រឹងអស់ពីសមត្ថភាព ព្រមទាំងជឿជាក់លើខ្លួនឯង។ មូលហេតុងាយយល់នោះទេ គឺដោយសារនេះជាលើកដំបូងដែលថ្នាលគុនខ្មែរ បានចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីប ជាពិសេសមានប្រទេសជាច្រើន ដែលមានសក្ដានុពលលើប្រភេទកីឡាប្រយុទ្ធមួយនេះ។ ដូច្នេះយើងមិនហ៊ានដាក់គោលដៅ ចំពោះលទ្ធផល ទុកជាមុនថា យ៉ាងណានោះទេ ព្រោះវាថ្មីពេក សម្រាប់យើងក្នុងការចូលរួម។ម្យ៉ាងវិញទៀត យើងរឹតតែមិនអាចដឹងពីកម្រិតគូប្រជែងរបស់យើងនោះដែរ ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការចម្រាញ់ យកសមាសភាពកីឡាករ កីឡាការិនីថ្នាល យ៉ាងសម្រិតសម្រាំង ដោយពួកគេទាំងនោះសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤។ ទន្ទឹមជាមួយគ្នានេះដែរ បច្ចុបន្ន សហព័ន្ធកំពុងជម្រុញការហ្វឹកហាត់ ព្រមទាំងតាមដានពីគុណផល និងសមិទ្ធិផល ដែលប្រកួតរៀងរាល់សប្ដាហ៍នៅតាមស្ថានីយ៍ និងសង្វៀននានាផងដែរ ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានឱ្យដឹងទៀតថា មូលហេតុ ដែលយើងសម្រេចចិត្តជ្រើសរើសម្ចាស់មេដាយមាសឆ្នាំ២០២៤ ដោយសាតែ ព្រោះតែឆ្នាំនោះ យើងមានការប្រកួតជ្រើសរើសជើងឯកថ្នាល់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះវាត្រូវនឹងលក្ខខ័ណ្ឌ ដែលត្រូវទៅចូលរួមប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន ៕
ចែករំលែកព័តមាននេះ