ចក្រភពអង់គ្លេស ៖ យោងតាមបរបាយការណ៍ពីសារព័ត៌មាន BBC នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បណ្តាក្លិបបាល់ទាត់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League (EPL) បានចាយប្រាក់បំបែកកំណត់ត្រានៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈការចំណាយនៅទីផ្សាររដូវក្តៅឆ្នាំ២០២៥ ដែលបានបិទទ្វារកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅ បានកើនលើសពី ៣ពាន់លានផោន ឬជាង ៤ពាន់លានដុល្លារអាមេរិក។
ទំហំទឹកប្រាក់សរុបចំនួន ២,៧៣ពាន់លានផោន ឬជាង ៣,៦ពាន់លានដុល្លារ ត្រូវបានចំណាយចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ដល់ត្រឹមថ្ងៃទី៣១ ខែសីហា ប៉ុន្តែកិច្ចព្រមព្រៀងតម្លៃដ៏មហាសាលក្នុងថ្ងៃចុងក្រោយនៃទីផ្សាររដូវក្តៅឆ្នាំនេះ បានបង្កើនចំនួនសរុបដល់ ៣,០៨៧ពាន់លានផោន ឬ ៤,១៧៥ពាន់លានដុល្លារ ដោយបានមកជាចម្បងពីការផ្ទេររបស់ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Alexander Isak ពីក្លិប Newcastle ទៅចូលរួមជាមួយក្លិប Liverpool នៅក្នុងតម្លៃឯតទគ្គកម្មថ្លៃបំផុតប្រចាំចក្រភពអង់គ្លេស ១២៥លានផោន ឬ ១៦៩លានដុល្លារ។
ការចំណាយដ៏មហាសាលនេះមានចំនួនច្រើនជាងទីផ្សាររដូវក្ដៅពីមុន ដែលការចំណាយត្រឹមតែ ១,៩៦ពាន់លានផោន ឬ ២,៦៥ពាន់លានដុល្លារប៉ុណ្ណោះ។ ដ្បិតចំនួនសរុបនៃការចំណាយរបស់បណ្តាក្លិបនៅ Premier League ក្នុងឆ្នាំនេះ ច្រើនជាងការចំណាយសរុបពីបណ្តាក្លិបទាំងអស់នៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga, អេស្ប៉ាញ La Liga, បារាំង Ligue 1 និងអ៊ីតាលី Serie A បូកបញ្ចូលគ្នាទៅទៀត។
ថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅឆាំ្ន ២០២៥ បានបិទទ្វារនៅម៉ោង ៧នាទីយប់ (ម៉ោងក្នុងស្រុក) ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការដោះដូរទីនៅតែអាចបញ្ចប់នៅពីរម៉ោងបន្ទាប់ពីនោះ ប្រសិនលិខិតកិច្ចព្រមព្រៀងត្រូវបានដាក់ជូនទាន់ពេលវេលា។ ជាក់ស្តែង ការផ្ទេររបស់ខ្សែប្រយុទ្ធ Isak ត្រូវបានបញ្ជាក់ផ្លូវការនៅម៉ោង ៩:៣០នាទីយប់ (ម៉ោងក្នុងស្រុក)។ បន្ទាប់ពីបញ្ជាក់ពីការចាកចេញរបស់ Isak ក្រោយមក Newcastle បានប្រកាសពីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិបារាំង Yoane Wissa ពីក្លិប Brentford ក្នុងតម្លៃ ៥៥លានផោន ឬ ៧៤លានដុល្លារ។
ការផ្ទេរគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅថ្ងៃចុងក្រោយរួមមាន Fulham បានបញ្ចប់ការផ្ទេរក្នុងតម្លៃកំណត់ត្រាក្លិប ៤៦,៧លានដុល្លារនាំយកខ្សែបម្រើស្លាបប្រេស៊ីល Kevin ពីក្លិប Shakhtar Donetsk។
Manchester United បាននាំយកអ្នកចាំទីបែលហ្ស៊ិក Senne Lammens ពីក្លិប Royal Antwerp តម្លៃ ២៤,៤លានដុល្លារ ខណៈខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho របស់ក្រុមរហស្សនាម «បិសាចក្រហម» មួយនេះ បានបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងពេញ១រដូវកាលជាមួយក្លិប Aston Villa។ Tottenham Hotspur បាននាំយកខ្សែប្រយុទ្ធអន្តរជាតិ Randal Kolo Muani ពីក្លិប PSG ក្នុងលក្ខខណ្ឌខ្ចីជើងពេញ១រដូវកាល។ Arsenal ក៏បាននាំយកខ្សែការពារអន្តរជាតិអេក្វាឌ័រ Piero Hincapie ពីក្លិប Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ៕ ប្រភព ៖ BBC
ចែករំលែកព័តមាននេះ