ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ប្រដាល់​ជា​អ្នកទោ.ស​រង់ចាំ​ការ​ប្រហារជីវិ.ត​យូរ​បំផុត​លើ​លោក ត្រូវបាន​លើក​លែង​​ទោ.ស

1 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ តុលាការ​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០២៤ បាន​សម្រេច​ថា លោក អ៊ី​វ៉ា​អូ…

ប្រទេស​ជប៉ុន ៖ តុលាការ​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០២៤ បាន​សម្រេច​ថា លោក អ៊ី​វ៉ា​អូ ហា​កា​ម៉ា​ដា (Iwao Hakamada) អតីត​កីឡាករ​ប្រដាល់សកល​របស់​ជប៉ុន ដែល​បច្ចុប្បន្ន​អាយុ​៨៨​ឆ្នាំ គ្មាន​កំហុស​ក្នុង​ការ​ជំនុំជម្រះ​ឡើង​វិញ សម្រាប់​អំពើ​ឃាតកម្ម​៤​ករណី កាលពី​ឆ្នាំ ១៩៦៦ ដោយ​តុលាការ​បាន​ច្រាន​ចោលការ​ជំនុំជម្រះ​ពី​មុន ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នកទោស​រង់ចាំ​ការ​ប្រហារជីវិត​យូរ​បំផុត​លើ​ពិភពលោក​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បាន​រាយការណ៍​ថា ការ​លើកលែងទោស​លោក អ៊ី​វ៉ា​អូ ហា​កា​ម៉ា​ដា ដោយ​តុលាការខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា (Shizuoka) ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នកទោស​ប្រហារជីវិត​ទី​៥ ដែល​ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ពិរុទ្ធ​ក្នុង​ការ​ជំនុំជម្រះ​ឡើង​វិញ​ក្នុង​យុ​ត្តិ​ធ៌​ម​ព្រហ្មទណ្ឌ​ជប៉ុន​។ ករណី​នេះ ក៏​អាច​ឈាន​ដល់​ការ​ចាប់ផ្តើម​ការ​ជជែក​គ្នា​ឡើង​វិញ ជុំវិញ​ការ​លុប​ចោល​ទោស​ប្រហារជីវិត​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ​។

មេធាវី​លោក ហា​កា​ម៉ា​ដា បាន​ថ្លែង​ថា ប្រធាន​ចៅក្រម​តុលាការ​បាន​ប្រកាស​ថា តុលាការ​បាន​ទទួលស្គាល់​ការ​ប្រឌិត​ភស្តុ​តាង​ជា​ច្រើន ហើយ​ថា​លោក ហា​កា​ម៉ា​ដា មិនមែន​ពិរុទ្ធជន​នោះ​ទេ​។ បន្ទាប់​ពី​ចប់​ការ​ពន្យល់​ពេញលេញ​រយៈពេល​២​ម៉ោង​នៃ​សេចក្តីសម្រេច បងស្រី​លោក ហា​កា​ម៉ា​ដា លោកយាយ ហ៊ី​ដេ​កូ ហា​កា​ម៉ា​ដា (Hideko Hakamada) អាយុ​៩១​ឆ្នាំ បាន​ដើរ​ចេញពី​តុលាការ​ដោយ​ស្នាមញញឹម​ស្វាគមន៍​ជាមួយ​ភួងផ្កា ដើម្បី​អបអរសាទរ​ការ​លើកលែងទោស​ប្អូនប្រុស​របស់​លោកយាយ បន្ទាប់​ពី​ការ​តស៊ូ​ផ្លូវច្បាប់​អស់​រយៈពេល​៥៨​ឆ្នាំ​។

លោក អ៊ី​វ៉ា​អូ ហា​កា​ម៉ា​ដា ត្រូវ​បាន​កាត់ទោស​ពី​បទ​ឃាតកម្ម​ក្នុង​ឆ្នាំ ១៩៦៦ ពាក់ព័ន្ធ​ការ​ចាក់​សម្លាប់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ម្នាក់ ដែល​ជា​មេ​របស់​លោក រួម​ទាំង​សមាជិកគ្រួសារ​ចំនួន​៣​នាក់​ផ្សេង​ទៀត​របស់​ជន​រង​គ្រោះ ហើយ​ថែម​ទាំង​ដុត​ផ្ទះ​ជន​រង​គ្រោះ ខណៈ​ដែល​ប្រាក់​ប្រហែល​២០​ម៉ឺន​យ៉េន​ក៏​ត្រូវ​បាន​លួច​ពី​ផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ​។ លោក​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ ១៩៦៨ ប៉ុន្តែ​ការ​ប្រហារជីវិត​ចេះ​តែ​ឃ្វាង​ជា​បន្តបន្ទាប់ ព្រោះ​ការ​ប្តឹង​ឧទ្ធរណ៍​វែង​ឆ្ងាយ និង​ការ​កាត់ទោស​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​យឺតយ៉ាវ​ដ៏​ល្បី​ក្នុង​ប្រទេស​ជប៉ុន​។ លោក​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ម្តាយ​របស់​លោក ខណៈ​ពេល​ដែល​ត្រូវ​បាន​កាត់ទោស​ថា «​ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ករណី​នេះ​ទេ ខ្ញុំ​គ្មាន​កំហុស​ទេ​»​។

លោក ហា​កា​ម៉ា​ដា បាន​ចំណាយពេល​៤៨​ឆ្នាំ​ក្នុង​ពន្ធនាគារ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១១ លោក​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guinness ដោយ​បញ្ជាក់​ថា​ជា​អ្នកទោស​រង់ចាំ​ការ​ប្រហារជីវិត​យូរ​បំផុត​លើ​ពិភពលោក​។ ដ្បិត​តុលាការ​កំពូល​បាន​ចំណាយពេល​២៧​ឆ្នាំ ដើម្បី​បដិសេធ​បណ្តឹងឧទ្ធរណ៍​ដំបូង​របស់​លោក សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ មុន​ពេល​បណ្តឹងឧទ្ធរណ៍​លើក​ទី​២​បាន​ប្តឹង​កាលពី​ឆ្នាំ ២០០៨ ដោយ​បងស្រី​លោក​។ លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្នុង​ឆ្នាំ ២០១៤ នៅ​ពេល​តុលាការ​បញ្ជា​ឱ្យ​មានការ​ជំនុំជម្រះ​ឡើង​វិញ​ផ្អែក​លើ​ភស្តុ​តាង​បាន​បង្ហាញ​ថា ការ​ផ្តន្ទាទោស​ពី​មុន​ផ្អែក​លើ​ការ​ចោទ​ដែល​ប្រឌិត​ឡើង​ដោយ​អ្នកស៊ើប​អង្កេត​។

លោក​ត្រូវ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ ព្រោះ​សុខភាព​ចុះ​ខ្សោយ និង​វ័យចាស់​ធ្វើ​ឱ្យ​លោក​មាន​ហានិភ័យ​ទាប​ក្នុង​ការ​រត់គេច​ខ្លួន ដើម្បី​ទុក​ពេល​សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ ដែល​ចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ​មុន​។

នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​នៃ​តុលាការខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា កាលពី​ខែឧសភា​កន្លង​ទៅ មុន​ឈាន​ដល់​ការ​លើកលែងទោស កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ព្រះរាជអាជ្ញា​បាន​ទាមទារ​ការ​កាត់ទោស​ប្រហារជីវិត​ម្តងទៀត ដោយ​បង្ក​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ថា ព្រះរាជអាជ្ញា​កំពុង​ព្យាយាម​ពន្យារ​ការ​កាត់ក្តី​។ ឧបសគ្គ​ដ៏​ចម្បង​សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ ក៏​បាន​ជំរុញ​ឱ្យ​អ្នកជំនាញ​ផ្នែក​ច្បាប់​អំពាវនាវ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​លើ​ប្រព័ន្ធ​តុលាការ​ជប៉ុន​ផង​ដែរ​។

អំឡុង​ការ​ស៊ើបអង្កេត​ដំបូង​បន្ទាប់​ពី​ការ​ចាប់​ខ្លួ​នោះ លោក ហា​កា​ម៉ា​ដា បាន​បដិសេធ​ការ​ចោទប្រកាន់ មុន​ពេល​សារភាព​ទោស​។ ហើយ​ក្រោយមក​លោក​បាន​ប្រាប់​ថា លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​សារភាព ក្រោម​ការ​សួរ​ចម្លើយ​ដោយ​ហិង្សា​ពី​ប៉ូលិស​។ ចំណុចរសើប​នៃ​រឿង​ក្តី​នេះ គឺ​នៅ​ត្រង់​សម្លៀក​បំពាក់​ប្រឡាក់​ស្នាម​ឈាម​៥​កន្លែង ដែល​អ្នកស៊ើប​អង្កេត​អះអាង​ថា លោក​ពាក់​អំឡុង​ពេល​ធ្វើឃាត​កម្ម ហើយ​បាន​លាក់​ក្នុង​ធុង​ផ្អាប់​សៀង​ប្រពៃណី​ជប៉ុន ដែល​បាន​ហៅ​ថា មី​សូ (Miso)​។ សម្លៀក​បំពាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ជាង​១​ឆ្នាំ បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក​។

សាលក្រម​តុលាការ​ជាន់ខ្ពស់​ទីក្រុង​តូ​ក្យូ​ក្នុង​ឆ្នាំ ២០២៣ បាន​ទទួលស្គាល់​ការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ​ដែល​ថា សម្លៀក​បំពាក់​ត្រាំ​ក្នុង​ធុង​មី​សូ​អស់​ពេល​ជាង​១​ឆ្នាំ​នឹង​ធ្វើ​ឱ្យ​ស្នាម​ឈាម​ប្រែជា​ពណ៌​ក្រមៅ ប៉ុន្តែ​តុលាការ​ពុំ​ដឹង​ពី​ការ​ប្រឌិត​ភស្តុ​តាង​ដែល​ធ្វើ​ឡើង​ដោយ​អ្នកស៊ើប​អង្កេត​នោះ​ទេ​។

អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង នៅ​ពេល​មេធាវី​ការពារ​ក្តី និង​ការ​សម្រេច​តុលាការ​ក្នុង​ជំនុំជម្រះ​ឡើង​វិញ​រក​ឃើញ​ថា គំរូ​ឈាម​មិន​ត្រូវ​គ្នា​នឹង​ឌី​អឹ​ន​អេ (DNA) លោក ហា​កា​ម៉ា​ដា ហើយ​ខោ​ដែល​ព្រះ​រាជអាជ្ញា​ដាក់​ជា​ភស្តុ​តាង​គឺ​មាន​ទំហំ​តូច​ខ្លាំង​ពេក​ទៅ​នឹង​រាង​កាយ​លោក​។ ចៅក្រម​សន្និដ្ឋាន​ដោយ​ហៅ​ការ​ស៊ើបអង្កេត​ថា ការ​ស៊ើបអង្កេត​អមនុស្សធម៌ ដែល​នាំ​ឱ្យ​មានការ​សារភាព​ទោស​ដោយ​បង្ខំ​។

គួរ​បញ្ជាក់​ថា ការ​ប្រហារជីវិត​ត្រូវ​បាន​អនុវត្ត​ដោយ​សម្ងាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​អ្នកទោស​មិន​ត្រូវ​បាន​ជូនដំណឹង​មុន​អំពី​ជោគវាសនា​ពួក​គេ​ឡើយ រហូត​ដល់​ព្រឹក​ពួក​គេ​ត្រូវ​បាន​ព្យួរ​ក​។

ទោះ​យ៉ាងណា​ក្នុង​ឆ្នាំ ២០០៧ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​បញ្ចេញ​ឈ្មោះ​អ្នកទោស​ដែល​ត្រូវ​បាន​ប្រហារជីវិត និង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ ប៉ុន្តែ​ការ​បង្ហាញ​ក៏​នៅ​មាន​កម្រិត​នៅឡើយ​។

សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៦១ លោក ហា​កា​ម៉ា​ដា បាន​ឡើង​សង្វៀន​ប្រកួត​ប្រដាល់​អាជីព​ចំនួន​២៩​ដង ដោយ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កីឡាករ​ល្អ​លំដាប់​ទី​៦ នៅ​ក្នុង​ទម្ងន់ Featherweight​។ លោក​បាន​បញ្ចប់​អាជីព​ជាមួយនឹង​កំណត់​ត្រា​ឈ្នះ ១៦​ដង ស្មើ​២​ដង និង​ចាញ់​១១​ដង ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១​ដង ខណៈ​ដែល​ការ​ចាញ់​ទាំងអស់​របស់​លោក​គឺ​ដោយ​ពិន្ទុ​។ បន្ទាប់​ពី​បញ្ចប់​អាជីព​ប្រដាល់ លោក​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​សៀង​ប្រពៃណី​ជប៉ុន ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា​៕ (​ដកស្រង់ ៖ AP និង New York Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ