ទីក្រុងប៉ារីស ៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC កាលពីថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសថា អត្តពលិករុស្ស៊ីចំនួន ៨៨នាក់ និងបេឡារុសចំនួន ៨នាក់ នឹងចូលរួមប្រកួតក្រោមទង់ជាតិអព្យាក្រឹត នៅព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤។ គួររំលឹកថា «អូឡាំពិក២០២៤»នឹងមានអត្តពលិកឈ្នះមេ ដាយ តែមិនបានរាប់បញ្ចូលក្នុងតារាងផ្លូវការ
ការប្រកួតដែលចាប់ផ្តើមចាប់ពីនៅថ្ងៃពុធសប្តាហ៍នេះតទៅ ក៏នឹងមានអត្តពលិករុស្ស៊ី និងបេឡារុសចូលរួម ដូចនឹងការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ ពួកគេនឹងមិនអាចតំណាងប្រទេសកំណើត ប្រើប្រាស់ទង់ជាតិ ឬភ្លេងជាតិប្រទេសរបស់ពួកគេបានទេ ពួកគេក៏ត្រូវតែច្បាស់ថាមិនមែនជាអ្នកគាំទ្រសង្គ្រាមឈ្លានពានអ៊ុយក្រែន។
ការឈ្នះមេដាយពួកគេទៀតសោត ក៏មិនត្រូវបានរាប់បញ្ចូល ឬកត់ត្រាក្នុងតារាងមេដាយផ្លូវការផងដែរ។ ដែលទាំងអស់នេះស្ថិតក្រោមទណ្ឌកម្ម ដែលជាលទ្ធផលនៃសង្គ្រាមរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ។ ដំណើរការស្រដៀងគ្នានេះត្រូវបានប្រើរួចមកហើយ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC សម្រាប់កីឡាអូឡាំពិកឆ្នាំនេះ លើអត្តពលិកអព្យាក្រឹតចំនួន ៣២នាក់ មកពីប្រទេសរុស្ស៊ី និងបេឡារុស។
ទោះយ៉ាងណាក៏ដោយ អត្តពលិកអព្យាក្រឹតប្រកួតកីឡាប៉ារ៉ាឡាំពិកឆ្នាំនេះ មានចំនួនច្រើនជាងអត្តពលិកការប្រកួតកីឡាអូឡាំពិក ដែលបានបញ្ចប់ក្នុងរដ្ឋធានីបេះដូងប្រទេសបារាំង កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅថ្មីៗនេះ។ ជាក់ស្តែង អត្តពលិកអព្យាក្រឹតប៉ារ៉ាឡាំពិកមានចំនួនសរុបរហូតដល់៩៦នាក់ឯណោះ។
តាមពិតទៅ អត្តពលិករុស្ស៊ីតម្រូវឱ្យប្រកួតក្នុងនាមអព្យាក្រឹត តាំងពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ មកម្ល៉េះ ព្រោះតែបម្រាមពាក់ព័ន្ធបញ្ហារឿងអាស្រូវសារធាតុហាមឃាត់អត្តពលិករបស់ខ្លួន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងប្រមូលផ្តុំអត្តពលិកចំនួន ៤,៤០០នាក់ មកពីជុំវិញពិភពលោក ដោយប្រកួតលើវិញ្ញាសាសរុបចំនួន ៥៤៩ នៅក្នុងកីឡាសរុប ២២ប្រភេទ។
ពិធីបើកនឹងប្រព្រឹត្តិទៅនាវេលាម៉ោង ០៨:០០នាទីយប់ ម៉ោងក្នុងស្រុក ដែលត្រូវម៉ោង ០១:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា៕ (ប្រភព ៖ Inside The Games និង International Paralympic Committee)
ចែករំលែកព័តមាននេះ