រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ការរំពឹងខ្ពស់សម្រាប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៨ ឆ្នាំ២០២៥ “ 8th Angkor Ultra Trail 2025” ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ អាចនឹងមានភ្ញៀវទេសរជាតិនិងអន្តរជាតិចូលរួមរត់កើនឡើងលើសពីឆ្នាំកន្លងទៅ។
នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានស្ដីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៨ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី៦ មករា ឯកឧត្តមបណ្ឌិតថោង ខុន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានការអនុញ្ញាតពីសម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្លេ៉ះ ។ កាលណោះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមត្រឹមតែ២៣២នាក់មកពី២៦ប្រទេស ខណៈកម្ពុជាយើងមានចំនួន២០នាក់ប៉ុណ្ណោះ។
រហូតនៅឆ្នាំបន្តបន្ទាប់ក៏មានភ្ញៀទេសចរជាតិនិងអន្តរជាតិចូលរួមកាន់តែមានចំនួនច្រើនឡើង រហូតដល់ឆ្នាំ២០២៤មានការកើនឡើងដល់ទៅ១៥០០នាក់មកពី៥១ប្រទេស ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ គិតត្រឹមថ្ងៃទី៥ មករា មានអ្នកមកចុះឈ្មោះរត់បានចំនួន១៣៦៨នាក់មកពី៤១ប្រទេស ក្នុងនោះភ្ញៀវមកពីបារាំងច្រើនជាងគេ បន្ទាប់មកកម្ពុជាយើង វៀតណាម ថៃនិងអាមេរិក ។ ឯកឧត្តមបានព្យាករថា ទម្រាំដល់ថ្ងៃប្រកួតដែលមានរយៈពេលជាង២សប្ដាហ៍ទៀតអាចនឹងមានអ្នកចុះឈ្មោះប្រកួតរហូតដល់ទៅ១៧០០នាក់។
ឯកឧត្តមបណ្ឌិតថោង ខុន មានប្រសាសន៍ឱ្យដឹងបន្តថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរ
ជាតិអង្គរលើកទី៨ឆ្នាំឆ្នាំ២០២៥នេះ ក៏ទទួលបានការអនុញ្ញាតពីសម្ដេចបវរធិបតីហ៊ុន ម៉ាណែត
ដើម្បីធ្វើឡើងជាបន្តទៀត ។ ទិវារត់ប្រណាំងអន្តរជាតិអង្គរ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍មួយរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញអង្គររបស់យើង ហើយវាក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍Ultra Trailរបស់ពិភពលោក ដែលមានរយៈចម្ងាយរហូតដល់ទៅ១០០គីឡូម៉ែត្រ ឆ្លងកាត់តាមភូមិ តាមព្រៃ និងវាលស្រែ និងប្រាង្គប្រាសាទដ៏ល្អឯកដែលជាបេតិកភ័ណ្ឌពិភពលោក ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាគួរតែរួមគ្នាធ្វើឱ្យបានល្អគួបផ្សំប្រទេសយើងមានសុខសន្តិភាពពេញលេញទៀតផងនោះ សង្ឃឹមថា ឆ្នាំក្រោយៗនឹងមានអ្នកមកចុះឈ្មោះកើនឡើងច្រើនមិនខាន៕
ចែករំលែកព័តមាននេះ