ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មេដាយមាសពិភពលោកកីឡាវ៉ូវីណាម សែន រ៉ាឌី កំពុងស្វែងរកឱកាសឡើងសង្វៀនគុនខ្មែរជាថ្មី

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយខកខានជិត ១០ឆ្នាំ ម្ចាស់មេដាយមាសពិភពលោកកីឡាវ៉ូវីណាម សែន រ៉ាឌី កំពុងស្វែងរកឱកាសឡើងសង្វៀនគុនខ្មែរជាថ្មី ។ ការប្រកាសឡើងសង្វៀនជាថ្មីនេះ…

រាជធានីភ្នំពេញ ៖ ក្រោយខកខានជិត ១០ឆ្នាំ ម្ចាស់មេដាយមាសពិភពលោកកីឡាវ៉ូវីណាម សែន រ៉ាឌី កំពុងស្វែងរកឱកាសឡើងសង្វៀនគុនខ្មែរជាថ្មី ។ ការប្រកាសឡើងសង្វៀនជាថ្មីនេះ ត្រូវអ្នកគាំទ្រប្រកាសសាទរដោយអ្នកខ្លះថា ប្រហែលជាសែន រ៉ាឌី មើលឃើញកីឡាករល្បីៗដែលមានសមត្ថភាពប្រដំប្រសងនឹងខ្លួនកំពុងកាក់កបនឹងអាជីពឈឺខ្លួនមួយនេះដោយសារតែការដំឡើងតម្លៃខ្លួនកីឡាករខុសពីមុនប្រមាណ១០ដងហើយមើលទៅ។

អ្នកប្រដាល់មាឌតូចច្រឡឹងសាច់សខ្ចីសង្ហាដូចតារាភាពយន្ត សែន រ៉ាឌី ដែល មានរហស្សនាមថា«ម្ទេសខ្មាំង» រូបនេះបានចាកចេញពីអាជីពប្រដាល់នៅក្នុងអំឡុងឆ្នាំ២០១៦ ក្នុងវ័យ
២៣ឆ្នាំក្រោយចាញ់កីឡាករថៃត្រឹមទឹកទី៤ក្នុងការប្រកួតប្រភេទទម្ងន់៥៧គីឡូក្រាមលើសង្វៀន
ទូរទស្សន៍អប្សរា ទៅប្រកបរបរបើកហាងបុកល្ហុង។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកីឡាកររូបនេះភ្ញាក់ផ្អើលនោះគឺ គ្រាន់តែឈានចូលឆ្នាំថ្មីភា្លាមពោល
គឺនៅថ្ងៃទី០១ មករា ២០២៥ សែន រ៉ាឌី បានបង្ហោះសារលើហ្វេសប៊ុកខ្លួន ក្នុងន័យចង់វិល
ត្រឡប់មកសង្វៀនគុនខ្មែរជាថ្មីខណៈពេលនេះគេមានអាយុ៣២ឆ្នាំ និងកំពុងធ្វើជាគ្រូបង្គោល
ក្លិបប្រដាល់របស់ខ្លួនជាមួយប្អូនប្រុសសែនរ៉ាដេត ។ ទោះបីយ៉ាងណា បុរសកូនពីររូបនេះ បាន
ប្រាប់គេហទំព័រព័ត៌មានក្នុងស្រុកមួយថា បើសិនជាត្រូវលក្ខខណ្ឌនោះ រូបគេនឹងវិលមក
ប្រកួតវិញ ។ ប៉ុន្តែលក្ខខណ្ឌព្រមព្រៀងយ៉ាងណានោះ លោកសុំមិនទាន់បញ្ជាក់ឡើយ ។ អ្នក
គាំទ្រមើលឃើញថា ឱកាសវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរជាថ្មីរបស់សែន រ៉ាឌី មានភាគ
រយខ្ពស់ ដោយសារមួយរយៈចុងក្រោយនេះគេឃើញកីឡាកររូបនេះខំហ្វឹកហាត់សម្រកទម្ងន់
រហូតបានសម្រេច ។

គួររំលឹកផងដែរថា ម្ចាស់​មេដាយ​៦​គ្រឿង​​​​ពី​ប្រភេទ​កីឡា​វ៉ូវីណាមរូប​នេះ​​បាន​លើក​ឡើង​ថា ​ប្រដាល់​សេរី​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​គេជា​និច្ច​ ហើយ​​គេ​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ​កីឡា​ប្រដាល់​សេរី​​ដែរ​ ហេតុ​នេះ​ទើប​​ធ្វើ​ឲ្យ​​​គេ​ចង់​​ចាប់​យក​​អាជីព​ទាំង​ពីរ​​ក្នុង​ពេល​តែ​មួយ ។ សែន​ រ៉ាឌី​ បាន​ចាប់​ផ្ដើម​ហាត់​ប្រដាល់​សេរី​តាំង​ពី​ឆ្នាំ ២០០០ និង​​​​​ឆ្នាំ២០១១​ ​រូប​គេ​បាន​ចាប់​ផ្ដើម​​ហ្វឹក​ហាត់ ​កីឡា​វ៉ូវីណាម និងបាន​​ចូល​រួម​​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឥណ្ឌូណេស៊ី​​​លើ​ប្រភេទ​កីឡា​​វ៉ូវីណាម​​ ដោយទទួល​បាន​មេដាយ
​ប្រាក់​១​គ្រឿង ។

ក្នុងការចូលរួមប្រកួតកីឡាវ៉ូវីណាមនេះ សែន រ៉ាឌី តែងឈ្នះមេដាយជាបន្តបន្ទាប់។ ឆ្នាំ​២០១២​​ ​​​​ប្រកួត​ជើង​ឯក​​វ៉ូវីណាម​នៅ​ខេត្ត​សៀមរាប​ ឈ្នះ​​មេដាយ​សំរឹទ្ធ១​គ្រឿង ។ ឆ្នាំ​២០១៣ ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា ឈ្នះ​​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ។

​ឆ្នាំ២០១៤ ប្រកួត​ជើង​ឯក​​វ៉ូវីណាម​ពិភព​លោក​​នៅ​​ប្រទេសមីយ៉ាន់ម៉ា​ ឈ្នះមេដាយ​ប្រាក់​១គ្រឿង​
​និងចុងក្រោយក្នុង​កម្ម​វិធី​ប្រកួត​កីឡា​វ៉ូវីណាម​​​ពិភព​លោកនៅ​ប្រទេស​អាល់ហ្សេរី​​ឈ្នះ​មេដាយ​
មាស១គ្រឿង ។ សរុប​ស្ថិតិ​​ជើង​ខ្លាំង​ប្រដាល់​សេរី​រូប​នេះ​ចូល​រួម​ប្រកួត​កីឡា​វ៉ូវីណាម​៦​លើ​ក​ឈ្នះ​មេដាយ​ទាំង​​៦​​លើក​គឺ​​​មាស១ ​ប្រាក់២ ​និង​សំរឹទ្ធ៣ ។

បច្ចុប្បន្ន សែន រ៉ាឌី ក៏ជាមន្ត្រីរាជការក្នុងក្របខណ្ឌនគរបាលជាតិពាក់សក្តិ៤ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ