អភិបាលខេត្តពោធិ៍សាត់ អបអរសាទរ ក្រុមកីឡាការិនីបាល់ទះ ជ័យលាភីលេខ១ ពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល…
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល…
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការអបអរសាទរ ដល់ក្រុមកីឡាការិនីរបស់ក្លិបបាល់ទះ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ដែលបានចូលរួមប្រកួតប្រជែង រហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ១ ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា លើវិញ្ញាសារបាល់ទះ ផ្នែកនារី របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ «៧មករា ១៩៧៩ – ៧មករា២០២៥» នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតពានរង្វាន់កីឡាបាល់ទះ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧ មករា ដោយមានការចូលរួមប្រកួតពី សមាគម និងក្លិប ចំនួន១២ក្រុម ក្នុងនោះនារីចំនួន៨ក្រុម និងបុរសចំនួន៤ក្រុម។ ចំពោះលទ្ធផលបិទបញ្ចប់ការប្រកួត លើវិញ្ញាសារបាល់ទះនារី ៖ ជ័យលាភីលេខ១ បានទៅលើក្លិបបាល់ទះ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, ជ័យលាភីលេខ២ បានទៅលើក្លិបបាល់ទះនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងជ័យលាភីលេខ៣ បានទៅលើក្លិបបាល់ទះ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ជាមួយគ្នានោះ សម្រាប់វិញ្ញាសារបាល់ទះបុរស ៖ ជ័យលាភីលេខ១ បានទៅលើសមាគមកីឡាបាល់ទះវិសាខា, ជ័យលាភីលេខ២ បានទៅលើសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ និងជ័យលាភីលេខ៣ បានទៅលើក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោក ខួយ រីដា បានថ្លែងថា នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀត លើផ្នែកអប់រំ កាយ និងកីឡា ដែលបានលើកមុខលើកមាត់ ដល់ខេត្តពោធិ៍សាត់របស់យើង កាន់តែត្រូវបានគេទទួលស្គាល់ ខណៈពេលថ្មីៗនេះ ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទូក(ង) ខេត្តពោធិ៍សាត់ បានជាប់ចំណាត់ថ្នាក់លេខ១, លេខ៦ និងលេខ២៧ ជាទូកដែលមានល្បឿនលឿនដាច់គេ ក្នុងចំណោមទូកអុំគូរពិសេសផងដែរ ។
លោកអភិបាលខេត្ត សូមឲ្យកីឡាករកីឡាការនីទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀត ដើម្បីបានទៅចូលរួមប្រកួតទាំងថ្នាក់ជាតិ អន្តរជាតិ នាពេលខាងមុខ ឱ្យទទួលបានពានរង្វាន់ជ័យលាភីថ្មីៗជាច្រើនទៀត ជូនខ្លួនឯង ក្រុម និងខេត្តពោធិ៍សាត់របស់យើង ៕
ចែករំលែកព័តមាននេះ