ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមយកទឹកដីថៃអបអរជើងឯក AFF Cup 2024 ​ក្រោយ​ការប្រកួតដ៏ចម្រូងចម្រាស

1 ថ្ងៃ មុន

អន្តរជាតិ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានយកកីឡដ្ឋានជាតិរបស់ប្រទេសថៃ អបអរការគ្រងជើងឯកពានរង្វាន់អាស៊ាន AFF Cup ឆ្នាំ ២០២៤ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ដ៏ចម្រូងចម្រាស…

អន្តរជាតិ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានយកកីឡដ្ឋានជាតិរបស់ប្រទេសថៃ អបអរការគ្រងជើងឯកពានរង្វាន់អាស៊ាន AFF Cup ឆ្នាំ ២០២៤ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ដ៏ចម្រូងចម្រាស កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ដោយសរុបលទ្ធផលទាំងពីរជើង វៀតណាមយកឈ្នះក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ៥ទល់នឹង៣។

កាលពីជើងទី១ ម្ចាស់ផ្ទះវៀតណាមបានយកឈ្នះក្រុមភ្ញៀវថៃក្នុងលទ្ធផល ២ទល់នឹង១ នៅឯកីឡដ្ឋាន Viet Tri ស្ថិតក្នុងខេត្តភូថូ កាលពីថ្ងៃទី២ ខែមករា កន្លងទៅ ជាមួយការប្រកួតដ៏ជក់ចិត្ត។ ការប្រកួតជើងទី២ កាន់តែជក់ចិត្តថែមមួយកម្រិតទៀត នៅឯកីឡដ្ឋានជាតិ Rajamangala ស្ថិតក្នុងទីក្រុងបាងកក ដោយក្រុមភ្ញៀវវៀតណាមបានបើកការនាំមុខតាំងពីនាទី៨ ដោយកីឡាករ Pham Tuan Hai មុនពេលម្ចាស់ផ្ទះថៃ តាមស្មើមកវិញ នៅនាទី២៨ ដោយកីឡាករ Ben Davis។

ទោះយ៉ាងណា វៀតណាមជួបរឿងដ៏រន្ធត់នៅពាក់កណ្តាលតង់ទី១ ពេលកីឡាករសញ្ជាតិដើមប្រេស៊ីល Nguyen Xuan Son របស់ពួកគេ ដែលព្យាយាមទាត់បាល់កាត់ចូលតំបន់គ្រោះថ្នាក់ថៃ បែរជាភ្លាត់រងរបួសបាក់ស្មងខាងជើងស្តាំសែងចេញពីទីលាន និងប្តូរជំនួសកីឡាករ Nguyen Tien Linh នៅនាទី៣៤ មុនចប់តង់ទី១។

ការស៊ុតបញ្ចូលទីពីចម្ងាយដោយកីឡាករថៃ Supachok Sarachat នៅនាទី៦៤ តង់ទី២ បង្កើតរឿងចម្រូងចម្រាសខ្លាំង ដោយកីឡាករវៀតណាមគិតថាជាបាល់ Fair Play ឬការប្រកួតយោគយល់យុត្ថិធម៌ដល់ភាគីម្ខាងទៀត ទើបពួកគេមិនបានត្រៀមខ្លួនការពារ។ ក្រោយការពិភាក្សាយ៉ាងយូរពីអាជ្ញាកណ្តាលជាមួយគ្រូបង្វឹក និងកីឡាករក្រុមទាំងពីរ ការប្រកួតអនុញ្ញាតឱ្យបន្តដោយថៃនាំមុខ ២-១។

ការសម្រុករបស់វៀតណាមចាប់ផ្តើម រហូតធ្វើឱ្យកីឡាករថៃ Weerathep Pomphun ដែលជាប់កាត​លឿងតង់ទី១ ទទួលបានកាតលឿងទី២ស្មើកាតក្រហមនៅនាទី៧៤ ក្រោយបង្កើតកំហុសពេលព្យាយាមផ្តាច់ចង្វាក់សម្រុកវៀតណាម។ នៅនាទី៨២ វៀតណាមសម្រេចគ្រាប់តាមស្មើ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Pansa Hemviboon។ បើទោះសល់គ្នា១០នាក់ ប៉ុន្តែថៃនៅតែសម្រុកចុងម៉ោង រហូតបង្កើតចន្លោះប្រហោងឱ្យវៀតណាមបន្ថែម១គ្រាប់យកឈ្នះនៅនាទី៩០+២០ នៅពេលអ្នកចាំទីថៃព្យាយាមឡើងមកតែតបាល់ទាត់ពីជ្រុង។

សំឡេងកញ្ចែបញ្ចប់ការប្រកួតពីលោកអាជ្ញាកណ្តាលជនជាតិកូរ៉េខាងត្បូង Ko Hyung-Jin បញ្ជាក់ផ្លូវការថា វៀតណាមជាម្ចាស់ជើងឯក AFF Cup ឆ្នាំ ២០២៤ ជាមួយប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក ហើយក៏ជាការឈ្នះលើកទី៣របស់ពួកគេផងដែរ ខណៈលើកទី១ ឆ្នាំ២០០៨ និងលើកទី២ ឆ្នាំ ២០១៨។ ប៉ុន្តែការឈ្នះលើកទី៣ ពិសេសបំផុតសម្រាប់វៀតណាម ព្រោះតែពិធីអបអរធ្វើឡើងនៅក្រៅទឹកដីរបស់ខ្លួនជាលើកដំបូង។ ខ្សែប្រយុទ្ធវៀតណាមសញ្ជាតិដើមប្រេស៊ីល Nguyen Xuan Son បានឈ្នះស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ ដោយរកបាន៧គ្រាប់ម្នាក់ឯង ព្រមទាំងពានរង្វាន់កីឡាករឆ្នើមបំផុត MVP ផងដែរ។

ចំណាត់ថ្នាក់ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ AFF Cup ឆ្នាំ ២០២៤ ៖

ខណៈអ្នកគាំទ្រវៀតណាមរាប់ពាន់នាក់កំពុងអបអរជ័យជម្នះនៅកីឡដ្ឋានជាតិថៃ កាលពីយប់ថ្ងៃទី៥ ខែមករា ក្រឡេកទៅអ្នកគាំទ្ររាប់លាននាក់នៅប្រទេសវៀតណាម សម្រុកនាំគ្នាជិះដង្ហែរដាច់យប់គ្រប់ដងផ្លូវទាំងអស់ ពិសេសនៅទីក្រុងហានូយ ក៏ដូចជាទីក្រុងហូជីមិញ ដើម្បីអបអរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិពួកគេក្នុងនាមជាក្រុមលេខ១ ឬល្អបំផុតនៅតំបន់អាស៊ាន។ ដូចដែលត្រូវបានរបាយការណ៍ដោយសារព័ត៌មានវៀតណាម VnExpress ។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup មុនប្រែជា ASEAN Championship ឬ ASEAN Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ដោយផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស។ បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ៣សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ (រូបភាព ៖ VnExpress និង ASEAN United FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ