ទីក្រុងញូយ៉ក៖ ថ្មីៗនេះ គេបានយកឆ្អឹងដាយណូសឺដែលមានអាយុកាល១៥០លានឆ្នាំមកហើយដាក់លក់ដេញថ្លៃនៅទីក្រុងញូយ៉ក និងមានគេហ៊ានទិញយកនៅក្នុងតម្លៃ៤៤,៦លានដុល្លារអាមេរិក។ នេះជាតម្លៃដ៏ខ្ពស់បំផុតនៅក្នុងចំណោមឆ្អឹងដាយណូសឺដែលមានអម្បូរស្ទេហ្គោសូរើស (Stegosaurus)។ ឆ្អឹងដាយណូសឺនេះសម្រេចថាលក់ទៅឱ្យអ្នកដេញថ្លៃម្នាក់ដែលគេមិនបញ្ចេញអត្តសញ្ញាណរបស់គាត់ទេ។ នេះបើយោងតាមក្រុមហ៊ុនសូតថឺប៊ី (Sotheby’s) ដែលជាអ្នកទទួលរ៉ាប់រងដេញថ្លៃ។
ឆ្អឹងដាយណូសឺដែលគេដាក់រហស្សនាមថាអេប៉ិច (Apex) នោះអាចលក់បានលើសពីតម្លៃប៉ាន់ស្មានឆ្ងាយណាស់។ ពីដំបូង គេគិតថាឆ្អឹងនេះអាចលក់បានចន្លោះពី៤លានទៅ៦លានដុល្លារ។ លោកជេសុន ឃូបផឺ (Jason Cooper)ជាអ្នករកឃើញឆ្អឹងដាយណូសឺនេះដំបូងកាលពីឆ្នាំ២០២២នៅលើដីឡូតិ៍ឯកជនមួយកន្លែងនៃរដ្ឋកូឡូរ៉ាដូ (Colorado)។ ឆ្អឹងនេះអាចរក្សាទុកគុណភាពបានល្អដោយសារវាស្ថិតនៅក្រោមស្រទាប់ថ្មខ្សាច់ដែលអាចទប់ស្កាត់មិនឱ្យឆ្អឹងរងការខូចខាត ឬសឹករេចរឹល។
ឆ្អឹងនេះមានកម្ពស់៣,៣៥ម៉ែត្រ និងបណ្ដោយខ្លួន៨,២២ម៉ែត្រ គិតចាប់ពីក្បាលដល់កន្ទុយរបស់វា។ គ្រោងឆ្អឹងទាំងមូលរបស់វាមានបំណែកឆ្អឹង២៥៤ដុំនៅក្នុងចំណោមគ្រោងឆ្អឹងទាំងសំណុំប្រហែល៣១៩ដុំ។ ប៉ុន្តែផ្នែកខ្លះបានខូចខាត ឬបាត់បង់។ ដូច្នេះ គេអាចសន្និដ្ឋានថាដាយណូសឺឈ្មោះអេប៉ិចជាសត្វធំពេញវ័យ រហ័សរហួន និងមានមាឌធំ។ ដាយណូសឺនេះទំនងជាមានជំងឺសន្លាក់ឆ្អឹងខ្នង។ នន័យថានៅក្នុងដំណាក់កាលដែលស្លាប់នោះ វាមានវ័យចាស់ជរាណាស់ទៅហើយ។
ក្រុមអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិដ៏យូរលង់នៅលើភពផែនដីនេះយល់ថាយកល្អគេគួរតែថែរក្សាទុកឆ្អឹងនេះនៅទីកន្លែងសមគួរណា១ដូចជានៅសារមន្ទីរជាដើម។ លោកស្ទីវ ប្រ៊ូសសាត (Steve Brussate) ជាគ្រូបង្រៀនផ្នែកប្រវត្តិផែនដីសម័យដើម និងការវិវត្តរបស់សត្វនៅសាកលវិទ្យាល័យអេដឹនបឺក (Edinburgh) ប្រទេសស្កុតលែន។ លោកប្រាប់ថាកាលពីខែឧសភាកន្លងទៅនេះ អេប៉ិចបានក្លាយជាឆ្អឹងដាយណូសឺដ៏សំខាន់ដោយសារវាបន្សល់ទុកទ្រង់ទ្រាយបានល្អដូចដើមជាងឆ្អឹងដាយណូសឺដែលមានអម្បូរស្ទេហ្គោសូរើស (Stegosaurus) ដទៃទៀតដូចជាឆ្អឹងដាយណូសឺធីរេច (T.rex) និងទ្រីសឺរ៉ាថូបជាដើម (Triceratops)។
ក្រុមហ៊ុនដែលទទួលរ៉ាប់រងខាងដាក់លក់ដេញថ្លៃនោះប្រាប់ថាអតិថិជនដែលចំណាយលុយទិញឆ្អឹងដាយណូសឺអេប៉ិចតម្លៃរាប់សិបលានដុល្លារនោះចង់យកឆ្អឹងនេះទៅដាក់តាំងពិព័រណ៍នៅវិទ្យាស្ថានស្រាវជ្រាវណា១នៃប្រទេសអាមេរិកសម្រាប់ការស្រាវជ្រាវ ឬទស្សនាកម្សាន្ត។ គាត់យល់ថាអេប៉ិចបានកើត និងស្លាប់នៅលើទឹកដីអាមេរិក។ ដូច្នេះ ឆ្អឹងរបស់វាគួរណាស់ស្ថិតនៅលើទឹកដីអាមេរិកជានិច្ច និងមិនអាចយកទៅប្រទេសដទៃបានឡើយទោះជានៅក្នុងហេតុផលអ្វីក៏ដោយ។
នៅប្រទេសអាមេរិក ឆ្អឹងដាយណូសឺត្រូវគេឱ្យតម្លៃខ្ពស់។ ម៉្លោះហើយ ទោះបីជាត្រូវចំណាយលុយរាប់លាន, រាប់សិបលាន ឬដល់រាប់រយលានដុល្លារក៏ត្រូវតែទិញយកឱ្យបាន។ កាលពីឆ្នាំ១៩៩៧ ក្រុមហ៊ុនខាងលើនេះធ្លាប់ដាក់លក់ឆ្អឹងដាយណូសឺដែលមានអម្បូទីរ៉ាណូសូរើស រេច (Tyrannosaurus rex) តម្លៃ៨,៤លានដុល្លារ។ ក្រោយមក ឆ្អឹងដាយណូសឺដែលមានអម្បូរដដែលនេះត្រូវគេដាក់លក់កាលពីឆ្នាំ២០២០ តម្លៃ៣១,៨លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រស៊ីអឹនអឹន (CNN)៕
អត្ថបទដែលពាក់ព័ន្ធដទៃទៀត
ប្រទេសថៃប្រកាសរកឃើញគ្រោងឆ្អឹងដាយណូសឺអាយុ១១០លានឆ្នាំ
ចែករំលែកព័តមាននេះ