ទីក្រុងប៉េកាំង៖ ទីក្រុងសៀងហៃ និងបណ្ដាខេត្តមួយចំនួនជុំវិញទីក្រុងនេះកំពុងរៀបចំខ្លួនទប់ទល់នឹងខ្យល់ព្យុះទីហ្វុងដ៏ធំមួយឈ្មោះប៊ីប៊ីនកា (Bebinca)។ ខ្យល់ព្យុះនេះចាប់ផ្ដើមបក់ទៅដល់តំបន់មាត់សមុទ្រប្រទេសចិនកាលពីព្រឹកមិញ ហើយជាខ្យល់ព្យុះដ៏ធំមិនធ្លាប់មាននៅក្នុងរយៈពេល៧៥ឆ្នាំចុងក្រោយដែលវាយប្រហារទីក្រុងសៀងហៃ បង្កជាភ្លៀងធ្លាក់ខ្លាំង។
គ្រាន់តែចាប់ផ្ដើមបក់ទៅដល់សៀងហៃមិនបានប៉ុន្មានផង ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងដូចគេហែកមេឃ។ ត្រឹមរយៈពេលកន្លះម៉ោងទីក្រុងសៀងហៃទទួលបានរបបទឹកភ្លៀង៥០មិល្លីម៉ែត្រ។ ចំណែកទឹកទន្លេហួងភូ (Huangpu) ដែលនៅក្បែរនោះចាប់ផ្ដើមហក់ឡើងស្រឺតៗដល់កម្ពស់៤,៥ម៉ែត្រដែលជាកម្រិតជិតប្រៀបមាត់ច្រាំង។ ទីនេះធ្លាប់មានមនុស្សធ្វើដំណើរលំហែកាយ ឬប្រកបមុខរបរផ្សេងៗមិនដែលដាច់។ ប៉ុន្តែថ្ងៃនេះ ប្រែជាភាពស្រពាប់ស្រពោន សូម្បីតែមនុស្សម្នាក់ក៏គ្មានផង។
អាជ្ញាធរបានដាក់ពង្រាយរថយន្តនគរបាលដើម្បីតាមដានកម្ពស់ទឹកទន្លេ និងដើម្បីរង់ចាំជួយសង្គ្រោះបន្ទាន់នៅពេលមានឧបទ្ទវហេតុអ្វីមួយកើតឡើង។ ខ្យល់ព្យុះចាប់ផ្ដើមរំខានខ្លាំងទៅលើការធ្វើដំណើរ និងដឹកជញ្ជូន។ អ្នកដំណើរនៅអាកាសយានដ្ឋាន២កន្លែងនៃទីក្រុងសៀងហៃត្រូវជាប់គាំងមួយកន្លែងនៅពេលអាជ្ញាធរប្រកាសលុបចោលទាំងអស់នូវជើងហោះហើរជាង៩០០ខ្សែ។
ដោយឡែក សេវាដឹកជញ្ជូនតាមនាវាចម្លង (ឬស្រឡាង) ក៏ត្រូវលុបចោលទាំងស្រុងផងដែរ។ គួរកត់សម្គាល់ថាការបោកបក់នៃខ្យល់ព្យុះនេះកើតឡើងចំពេលប្រជាជនរៀបចំពិធីសែនព្រះខែរយៈពេលបីថ្ងៃ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងដើម្បីកុំឱ្យសប្បាយក្លាយជាទុក្ខ អាជ្ញាធរប្រកាសលុបចោលទាំងអស់រាល់ការជួបជុំគ្នាជាសាធារណៈ ឬការរៀបចំកម្មវិធីផ្សេងៗ។
ខ្យល់ព្យុះប៊ីប៊ីនកា (Bebinca) ចាប់ផ្ដើមបង្កការខូចខាតជាបណ្ដើរៗហើយ។ គេឃើញថាដើមឈើជាច្រើនដើមត្រូវខ្យល់បក់រំលើងទាំងឫសដួលរេលពេញផ្លូវ។ ការិយាល័យឧតុនិយមព្យាករថាខ្យល់ព្យុះនេះនឹងបន្តធ្វើព្យុះធ្វើភ្លៀងនៅទីក្រុងសៀងហៃ និងខេត្ត-ក្រុងក្បែរៗនោះរយៈ១២ម៉ោងទម្រាំស្ងប់ស្ងាត់ទៅវិញ។ បើគេក្រឡេកទៅមើលសភាពការណ៍នៅទីក្រុងស៊ូចូវ (Suzhou) នៃខេត្តចាងស៊ូ (Jiangsu) ឯណោះវិញ គេឃើញថាអាជ្ញាធរចាប់ផ្ដើមដាក់ពង្រាយកម្លាំងបីម៉ឺននាក់។
ពួកគេជាបុគ្គលិករបស់សាលាក្រុងមួយផ្នែក សហការជាមួយក្រុមអ្នកបច្ចេកទេសអគ្គិសនី និងនគរបាលដើម្បីត្រៀមដោះស្រាយបញ្ហានៅចំពោះមុខ។ រាល់សេវាដឹកជញ្ជូនតាមឡានក្រុង និងសេវាដឹកជញ្ជូនចំណីអាហារត្រូវបញ្ជាឲ្យផ្អាកទាំងស្រុង។ នៅតាមការដ្ឋានសាង់សង់ក៏ត្រូវផ្អាកសកម្មភាពផងដែរ ខណៈដែលកម្មករត្រូវជម្លៀសខ្លួនទៅស្នាក់នៅក្នុងទីកន្លែងសុវត្ថិភាព៕
ចែករំលែកព័តមាននេះ