ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​រំលឹក​រឿង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី កាលពី​៤០​ឆ្នាំ​មុន និង​មូលហេតុ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ចាត់ទុកជា​ដៃគូ​សន្ទនា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​រំលឹក​ពី​ការ​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី កាលពី​៤០​ឆ្នាំ​មុន និង​បាន​រំលឹក​ពេល​មូលហេតុ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​រំលឹក​ពី​ការ​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី កាលពី​៤០​ឆ្នាំ​មុន និង​បាន​រំលឹក​ពេល​មូលហេតុ ដែល​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ យក​សម្តេច​ធ្វើ​ជា​ដៃគូ​សន្ទនា ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែង​បង្ហាញ​ពី​មូលហេតុ ដែល​យក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ បើក​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី​ស្នើ សុំ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា ។

ក្នុង​ឱកាស​ដឹកនាំ​សម័យប្រជុំ​សម្តេច​តេ​ជោ ក៏​បាន​ថ្លែង​រំលឹក​រឿង ដែល​សម្តេច​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី កាលពី ៤០​ឆ្នាំ​មុន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥​នេះ គឺជា​ខួប​គម្រប់​៤០​ឆ្នាំ (១៤ មក​រា ១៩៨៥-១៤ មក​រា ២០២៥) ថ្ងៃ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សភា ឲ្យ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី (​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​) ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ពាក្យ​ដែល​សម្តេច ថ្លែង​ក្នុង​សភា ក្រោយ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ ដែល​យើង​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ហេតុ​ដែល​ខ្ញុំ កំណត់​យក​ថ្ងៃ​ទី​១៤ សម្រាប់​ការ​ប្រជុំ ដូចដែល​ព្រឹក​មិ​ញ ខ្ញុំ​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក គឺ​នេះ​បើ​និយាយ​ពី ៤០​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​នេះឯង ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ពេល​នោះ​និយម​ហៅ​ដូច្នេះ តែ​តួនាទី គឺ​នាយក​រដ្ឋមន្ត្រី​នោះ​ឯង តាម​ប្រទេស​ខ្លះ គេ​រដ្ឋមន្ត្រី​ទី​មួយ ខ្លះ​ហៅ​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ខ្លះ​ហៅ​នាយក​រដ្ឋមន្ត្រី​។ ពេល​នោះ ខ្ញុំ​ពិតជា​មាន​វ័យក្មេង​ណាស់ គឺ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់ខ្ញុំ គឺ​អ្នកមាន​អាយុ ៤០ និង ៥០ ភាគច្រើន ដោយឡែក នាយក​រដ្ឋមន្ត្រី​ទេ ដែល​មាន​អាយុ ៣២​ឆ្នាំ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា បន្ទាប់​ពី​ការ​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ចាប់ពី​ខែកញ្ញា ឆ្នាំ​១៩៨៤ គឺ​ពេល​លោក ចាន់ ស៊ី អតីត​នាយក​រដ្ឋមន្ត្រី គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​ក្រុង​ម៉ូ​ស្គូ ។ ពេល​នោះ មានការ​ប៉ុនប៉ង​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ព្រះករុណា ព្រះបាទ នរោត្តម សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) នៅ​ប្រទេស​បារាំង​។ ពេល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ហើយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុ​យ​អែ​ត បន្ទាប់​មក បាន​ទៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។

ពេល​នោះ ព្រះករុណា បាន​ចេញ​សារ​តាម​រយៈ​បណ្តាញ​ព័ត៌មាន AFP ផ្សព្វផ្សាយ​ថា «​សុំ​ឯកឧត្តម ហ៊ុន សែន អធ្យាស្រ័យ ដោយសារ​មិន​អាច​ជួប​បាន​» ហើយ​លើក​ហេតុផល​នៅ​ក្នុង​នោះ​។ អីចឹង​ទេ ត្រង់​ចំណុច​នេះ ព្រះករុណា បាន​ទទួលយក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ដៃគូ​សន្ទនា តាំងពី​សម្តេច នៅ​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ឯនោះ មិនមែន​ទើបតែ​ធ្វើ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ថា ប្រការ​នេះ​បង្ហាញ​ពី​ចរន្ត​រត់​រកគ្នា នៃ​ដំណើរការ​សន្តិភាព ព្រោះ​ពេល​នោះ អ្នក​ដែល​ត្រូវ​ចរចា គឺ​សម្តេច ហេង សំ​រិ​ន ឬ​លោក ចាន់ ស៊ី ។ ការ​ប៉ុនប៉ង​នេះ ក៏​មិន​បាន​បោះបង់​ចោល​ដែរ គឺ​ការ​ប៉ុនប៉ង​រហូត​សម្រេច​បាន ដោយ​ជំនួប​លើក​ដំបូង ហៅ​ថា ជំនួប Fère-en-Tardenois ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត «​ខ្ញុំ​គិត​ថា ហេតុ​អ្វី​បានជា​ព្រះករុណា ជ្រើសរើស​ខ្ញុំ​ជា​ដៃគូ​សន្ទនា​។ ចំណុច​មួយ ដែល​ខ្ញុំ​យក​ការ​សន្និដ្ឋាន គឺថា ខ្ញុំ​ជា​បុគ្គល​ម្នាក់ ដែល​ជា​អ្នក​ដែល​រត់​ចូល​ព្រៃ ក្រោយ​ការ​អំពាវនាវ​របស់​ព្រះករុណា តែ​ម្តង​។ សម្រាប់​បុគ្គល​ដទៃ​ទៀត នៅ​ពេល​នោះ គឺ​សុទ្ធតែ​ជា​អ្នកតស៊ូ តាំងពី​ជំនាន់​បារាំង តាំងពី​ជំនាន់ ដែល​និយាយ​តាម​មួយ​បែប​ទៀត ហៅ​ថា ខ្មែរក្រហម​ក្នុង​ព្រៃ អីចឹង​ទេ ប្រហែល​អាច​ពិបាក​និយាយ​គ្នា​។ ខ្ញុំ​ចូល​ព្រៃ​តាម​ការ​អំពាវនាវ​របស់​ព្រះករុណា អីចឹង​ទេ បើ​តាម​ខ្ញុំ​គិត​។ នេះ​ជា​ចរន្ត នៃ​ការ​ការពារ​ការ​ឈ្លានពាន​បរទេស​ផង និង​ការ​ប្រយុទ្ធ​ផ្តួលរំលំ​ខ្មែរក្រហម​ផង​…» ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា «​អីចឹង​ទេ បានជា​ខ្ញុំ​កំណត់​យក​ថ្ងៃនេះ គឺជា​ថ្ងៃ​ប្រជុំ ដើម្បី​ឲ្យ​ជួន​គ្នា ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ការ​ទទួល​បាន​ជំនឿ​ទុកចិត្ត ហើយ​ខ្ញុំ​ក៏​សូម​ជម្រាប​ថា នេះ​ជា​រឿង​អច្ឆរិយ​ខ្លាំង​ណាស់ នៅ​ពេល​បោះ​ឆ្នោត ប៉ែន សុវណ្ណ ជា​នាយក​រដ្ឋមន្ត្រី គឺ​បាត់ ៨​សំឡេង នៅ​ពេល​ជ្រើសរើស​ឯកឧត្តម ចាន់ ស៊ី ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី គឺ​បាត់ ៨​សំឡេង សម្រាប់​ករណី​ខ្ញុំ គឺជា​ករណី​ពិសេស បោះ​ឆ្នោត​សម្ងាត់ តែ​មួយ​សំឡេង​ណា ក៏​អត់​បាត់​ដែរ​។ លោក​ជំទាវ ម៉ែ​ន សំ​អន គឺជា​តំណាងរាស្ត្រ​ម្នាក់ ក្នុង​ចំណោម​តំណាងរាស្ត្រ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​។ ដូច្នេះ វា​ជា​ការ​ទទួលយក​នៅ​សមត្ថភាព ដែល​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ជាមួយ​តួអង្គ ហើយ​ពេល​នោះ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​វ័យ​ចំណាស់ នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ដឹកនាំ​ការ​តស៊ូ​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា ពេល​នោះ នៅ​ពេល​ដែល​ឡើង​ថ្លែង នៅ​ក្នុង​សភា ដោយ​គ្មាន​ការ​ព្រៀង​ទុក គឺ​បាន​និយាយ​ថា មិន​ត្រូវ​ឲ្យ​ប្រជាជន​ណា​ម្នាក់​អត់បាយ​ស្លា​.​ប់ ដែល​យើង​មិន​បានដឹង ហើយ​មិន​បាន​ដោះស្រាយ ព្រោះ នៅ​ឆ្នាំ​១៩៨៤ គ្រោះ​ទឹកជំនន់ ហើយ​រាំង​ស្ងួត​ទៀត ធ្វើ​ឲ្យ​បញ្ហា​ស្បៀង​ស្មុគស្មាញ​ខ្លាំង
ដូច្នេះ​បេសកកម្ម​ដំបូង​របស់​សម្តេច គឺ​ធ្វើ​ម៉េច​ឲ្យ​ប្រជាជន មាន​ស្បៀង​ទទួលទាន ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ឥឡូវនេះ ពេល​បើក​សម័យប្រជុំ​នៅ​ពេល​នេះ នៅ​ឯ​វាលស្រែ​របស់​យើង​កំពុង​ជោរជន់​ដោយ​ស្រូវ ហើយ​ឈាន​ដល់​វិបត្តិ​តម្លៃ​ស្រូវ បន្ទាប់​ពី​ឥណ្ឌា បាន​បញ្ចេញ​ស្រូវ​ទៅ​លើ​ទីផ្សារ ខណៈ​ពេល​ឥណ្ឌូ​នេ​ស៊ី ក៏​កាត់​បន្ថយ​ការ​នាំ​ចូល ដោយសារ​ឥណ្ឌូ​នេ​ស៊ី ក៏​ជំរុញ​ការ​ផលិត​របស់​ខ្លួន​។ បញ្ហា​នេះ ទាំង​កម្ពុជា ទាំង​វៀតណាម ទាំង​ថៃ សុទ្ធតែ​ចាល់​ដូច​គ្នា រហូត​ដល់​ប្រជាជន​កំពុង​ត្អូញត្អែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ