ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌ ៖ មិនមែន​ទៀត​ឡើយ ជនល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​សំណង​ហើយ​រួចខ្លួន​នោះ​ទេ គឺ​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា ការ​ប្រព្រឹត្តិ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ ជនល្មើស​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង ដែល​ក្នុង​នេះ មិន​អាច​យក​ថវិការ​ប្តូរ​ជាមួយ​ការ​រួចខ្លួន​ឡើយ ពោល​គឺ​ជនល្មើស​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំង​សំណង និង​បទល្មើស​ព្រហ្មទណ្ឌ​ជា​ចាំបាច់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា ការ​ប្រព្រឹត្តិ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ ជនល្មើស​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង ដែល​ក្នុង​នេះ មិន​អាច​យក​ថវិការ​ប្តូរ​ជាមួយ​ការ​រួចខ្លួន​ឡើយ ពោល​គឺ​ជនល្មើស​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំង​សំណង និង​បទល្មើស​ព្រហ្មទណ្ឌ​ជា​ចាំបាច់ ដោយ​មិន​អាច​រួចខ្លួន​នោះ​ទេ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី “​លទ្ធផល​រយៈពេល​១​ឆ្នាំ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​” នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ លោក សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា មុន​បើក​យុទ្ធនាការ​២ គឺ យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ គឺ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ១,០៤១​ករណី ត្រូវ​តុលាការ​រាជធានី​ខេត្ត​ដោះស្រាយ​រួចរាល់​១០០​ភាគរយ ចាប់​តាំង​តែ​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ចំណែក​សំណុំរឿង ដែល​ចូល​ថ្មី ក្រោយ​ប្រកាស យុទ្ធនាការ​មាន​ចំនួន​សរុប ៥,៤៧០​ករណី ត្រូវ​បាន​តុលាការ​ដោះស្រាយ​ចប់​សព្វគ្រប់​បាន​៨៧,៨៨​ភាគរយ ។ បើ​សរុប​សំណុំរឿង​ចរាចរណ៍​ទូ​ទាំង​ប្រទេស ទាំង​រឿង​ចាស់ និង​ថ្មី ៦,៥១១​ករណី ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ៥,៨៤៨​ករណី​ដែល​ស្មើនឹង​៨៩,៨២​ភាគរយ ហើយ​នៅ​សល់​ត្រឹមតែ ១០,១៨​ភាគរយ ដែល​កំពុង​ចាត់ការ ។

លោក សេង ឌី​ណា បាន​ថ្លែង​ដែរ​ថា គណៈ​បញ្ជាការ​ពិនិត្យ​ឃើញ​ថា ការ​ដោះស្រាយ​សំណង​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ជន​រង​គ្រោះ គឺ​ត្រូវ​បាន​គិតគូ​យ៉ាង​យកចិត្តទុកដាក់ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ “​ចំពោះ​ជនល្មើស ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង ក្នុង​នេះ​មិនមែន​ឱ្យ​តែ​ថា មាន​សំណង​រដ្ឋប្បវេណី​ហើយ​រួចខ្លួន​ទេ ពោល​គឺ​សង​ទាំង​សំណង​រដ្ឋប្បវេណី និង​បទល្មើស​ព្រហ្មទណ្ឌ នៅ​តែ​ទទួល​រង​មិន​អាច​ចៀស​ផុត​ឡើយ​” ។

អ្នកនាំពាក្យ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ៖ មិនមែន​បុក​គេ​ស្លាប់​ហើយ ចេញ​សំណង​ទៅ រួចខ្លួន​ទៀត​ទេ បន្ទាប់​ពី​បើក​យុទ្ធនាការ​២ គឺ​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​នេះ​មក ។

ទោះបី​យ៉ាងណា លោក​បាន​ថ្លែង​ដោយ​បញ្ជាក់​បន្ថែម​ថា ៖ យើង​ឃើញ​ថា មាន​ករណី​ច្រើន​ដែរ ជនល្មើស ដែល​បង្ក​គ្រោះថ្នាក់​ហើយ មាន​សុ​ឆ​ន្ទះ​ចេញ​សំណង​ដល់​ជន​រង​គ្រោះ​ឆាប់រហ័ស​នោះ​មាន​ច្រើន បើ​ទោះ​ដឹង​ថា មាន​សំណង​ហើយ នៅ​តែ​ទទួល​រង​បណ្តឹង​ព្រហ្មទណ្ឌ​បែប​ណា​ក៏​ដោយ ។

បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​មកនេះ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ចំនួន ២,៨៤៤​លើក ដោយ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១,៥០៩​នាក់​។ បើ​តាម​របាយការណ៍​ដដែល ចំនួន​គ្រោះថ្នាក់​ចរ​រា​ចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០២៤ បាន​ថយ​ចុះ​ចំនួន​១៤​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ ។

ប្រភព​ដដែល​នេះ បានឱ្យ​ដឹង​ដែរ​ថា មាន​មនុស្ស​ស្លា​.​ប់​ជា​មធ្យម ចំនួន​៤​នាក់​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ហេតុការណ៍​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ចំណែក​មូលហេតុ​ចម្បង​ៗ ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០២៤ ច្រើន​ជាង​មក​ពី​គឺ​កត្តា​ល្បឿន និង​ការ​មិន​គោរព​សិទ្ធិ​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​បាន​អំពាវនាវ​ឪពុក​ម្តាយ​-​អាណាព្យាបាល​អប់រំ និង​ប្រៀនប្រដៅ​ចៀសវាង​ក្លាយជា​ក្មេង​ទំនើង ដែល​នាំ​ឱ្យ​ប្រឈម​ជាប់​បទល្មើស ។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌី​ណា បាន​លើក​ឡើង​ថា នៅ​ក្នុង​សំណុំរឿង​ក្មេង​ទំនើង គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​ពិនិត្យ​ឃើញ​ថា តុលាការ​បាន​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ មក​ទល់​នឹង​ពេល​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ទូ​ទាំង​ប្រទេស បាន​ទទួល​ចាត់ការ សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង​សរុប​ចំនួន ២,៣២៤ ដែល​មាន​ជនសង្ស័យ ចំនួន ៣,៦៥០ នាក់ ជា​កម្មវត្ថុ នៃ​ការ​អនុវត្ត​វិធានការ​តាម​ផ្លូវច្បាប់ ។

លោក សេង ឌី​ណា បានឱ្យ​ដឹង​ថា ៖ សម្រាប់ វិធានការ​ម៉ឺងម៉ាត់​នេះ បាន​ចូលរួម​ចំណែក​ក្នុង​ការ ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ដោយ​យើង​សង្កេត​ឃើញ​ជា​រួម​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ក្មេង​ទំនើង នៅ​សល់​តិចតួច​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​អំពាវនាវ​ឱ្យ​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ខិតខំ​តាមដាន អប់រំ និង​ទូន្មាន ប្រៀនប្រដៅ​កូន​ៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ និង​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​ចៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ ឬ​អំពើ​ល្មើសច្បាប់ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ទោស​ពី​បទល្មើស ព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ