ទីក្រុងហាណូយ៖ ខ្យល់ព្យុះកាល់មេហ្គីបង្កជាភ្លៀងលាយខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លានៅវៀតណាមភាគកណ្ដាល។ ពោលគឺបន្ទាប់ពីវាបានបោកបក់ទៅលើប្រទេសហ្វ៊ីលីពីនបណ្ដាលឱ្យស្លាប់មនុស្សជិត២រយនាក់ និងបាត់ខ្លួនជាច្រើននាក់។ មានសេចក្ដីរាយការណ៍ថាតំបន់ទាំងឡាយនៅវៀតណាមកណ្ដាលចាប់ផ្ដើមខូចខាតអគារជាច្រើនខ្នង បាក់បង្គោលភ្លើង និងបាក់ដើមឈើ។

សារព័ត៌មានជាផ្លូវរដ្ឋរបស់វៀតណាមផ្សាយថាមនុស្ស២នាក់ស្លាប់នៅខេត្តយ៉ាឡាយ និងដាក់ឡាក់។ ខ្យល់ព្យុះនឹងបន្តបក់ទៅប្រទេសឡាវ និងប្រទេសថៃភាគឦសាននៅល្ងាចថ្ងៃសុក្រ។ ក្រសួងឧតុនិយមថៃបានអំពាវនាវឱ្យប្រជាជននៅតំបន់ទាំងនេះបង្កើនការប្រុងប្រយ័ត្នព្រោះកម្រិតភ្លៀងធ្លាក់ចាប់ពីខ្លាំងរហូតដល់ខ្លាំងបំផុត។ ដូច្នេះនឹងមានទឹកជំនន់ និងការហក់ឡើងខ្ពស់នៃទឹកទន្លេ។
នៅវៀតណាម មានសេចក្ដីរាយការណ៍ថាអ្នកនេសាទ៣នាក់ (ក្រៅពីអ្នកស្លាប់២នាក់ដូចរៀបរាប់ខាងលើ) បន្តបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេរសាត់ទៅតាមខ្សែទឹក។ ហេតុការណ៍នេះកើតឡើងនៅលីសន (Ly Son) ជាកោះមួយនៅខេត្តក្វាងង៉ាយ (Quang Ngai)។ មុនដំបូង គេបានចាត់កម្លាំងស្វែងរកអ្នកទាំងនោះដែរ។ ប៉ុន្តែក្រោយមកត្រូវបោះបង់ចោលវិញព្រោះស្ថានភាពកាន់តែអាក្រក់ជាងមុន។

អាជ្ញាធរវៀតណាមអះអាងថាគេបានជម្លៀសប្រជាជនជាងកន្លះលាននាក់ពីតំបន់គ្រោះថ្នាក់។ ភាគច្រើនជម្លៀសខ្លួនតាមទូកនៅពេលមានសញ្ញាថាអាចនឹងមានជំនន់ទឹកភ្លៀង និងការបាក់ដី។ តាំងពីមុនខ្យល់ព្យុះនេះទៅដល់ វៀតណាមភាគកណ្ដាលបានរងគ្រោះយ៉ាងធ្ងន់ធ្ងររួចទៅហើយដោយសារគ្រោះទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ គេព្យាករថានៅតំបន់ខ្លះនឹងទទួលបានរបបទឹកភ្លៀងជាង៦០០មិល្លីម៉ែត្រដែលជាអត្រាទឹកភ្លៀងដ៏ច្រើនលើសលប់។

កាល់មេហ្គីត្រូវគេចាត់ទុកថាជាព្យុះដែលមានកម្លាំងបោកបក់មិនធម្មតាជាមួយនឹងល្បឿន២៨៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ពេលខ្លះ វាបង្កើនល្បឿនដល់២២០គីឡូម៉ែត្រក្នុងមួយម៉ោងនៅសមុទ្រចិនខាងត្បូងមុននឹងបក់ទៅដល់តំបន់មាត់សមុទ្រប្រទេសវៀតណាម។ នៅទីក្រុងមាត់សមុទ្រខ្លះ រលកសមុទ្រហក់ឡើងដល់កម្ពស់៣ម៉ែត្រដូចជានៅទីក្រុងដាណាងជាដើម។ នៅខេត្តដាក់ឡាក់ ខ្យល់ព្យុះគាស់រំលើងដើមឈើទាំងឫសខណៈដែលនៅទីក្រុងមាត់សមុទ្រខ្លះដាច់ភ្លើងជាច្រើនម៉ោង។
ក្រឡេកទៅមើលស្ថានភាពនៅទីក្រុងហូជីមិញឯណេះវិញ ទីនេះក៏ប្រឈមនឹងការលិចលង់សម្បើមណាស់ដែរ។ គេព្យាករថាទឹកទន្លេសៃហ្កននឹងហក់ឡើងខ្ពស់។ អាជ្ញាធរព្យាករថាទីនេះអាចនឹងទទួលបានរបបទឹកភ្លៀង១០០មិល្លីម៉ែត្រ ហើយអាចនឹងមានគ្រោះទឹកជំនន់នៅតំបន់ទំនាប។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ