រាជធានីភ្នំពេញ ៖ ថ្លែងក្នុងសម័យប្រជុំពេញអង្គ ព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ «ខ្ញុំសូមជូនដំណឹងទៅដល់សមាជិកព្រឹទ្ធសភារបស់យើង តាមការគិត និងការប្រជុំគណៈអចិន្ត្រៃយ៍ ប៉ុន្មានថ្ងៃមុននេះ គឺនៅក្នុងអាណិត្តនេះ យើងអាចមានសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលកំពុងតែពិភាក្សារវាងអគ្គលេខាធិការព្រឹទ្ធសភា និងអគ្គលេខាធិការរដ្ឋសភា ដើម្បីឈានទៅដល់ការរៀបចំសមាជរវាងព្រឹទ្ធសភា និងរដ្ឋសភាដូចរដ្ឋធម្មនុញ្ញ បានចែង ហើយដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាជ ហើយយើងនឹងជ្រើសរើស ប្រធានបទ ទាក់ទងជាមួយនឹងការពិភាក្សា ដែលត្រូវធ្វើក្នុងពេលសមាជនោះ» ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះគឺជាការរួមចំណែករបស់អង្គនិតិបញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។ យោងតាមច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រង់មាត្រា២ បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នា នៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្នុងករណីចាំបាច់ ។
ក្នុងមាត្រា៣ នៃច្បាប់រដ្ឋធម្មនុញ្ញា បានលើកឡើងផងដែរថា បញ្ហាសំខាន់ៗរបស់ប្រទេសមាន ៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ករណីមានប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ ។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែល ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ តែមួយ គឺពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាកម្ពុជា ដោយសំឡេងគាំទ្រចំនួន ៥៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។
សេចក្តីប្រកាសឱ្យដឹងទៀតថា ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប ។
ក្នុងអង្គប្រជុំព្រឹទ្ធសភានាថ្ងៃនេះ បានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាកម្ពុជា។ ក្នុងនោះបានអនុលោមតាមប្រការ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្រប ទៅនឹងតួនាទីរបស់ព្រឹទ្ធសភា ដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំង រចនាសម្ព័ន្ធ និងយន្តការនានា នៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន»។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិ មួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត ។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដើម្បីធានានូវការអនុវត្តមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទ នៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចសង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយ របស់ព្រឹទ្ធសភានីតិកាលទី៥ ។
ការអនុម័តសេចក្តីស្នើវិសោធនកម្មនេះ ក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រកម្ពុជា ដោយហេតុថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ កាលពី៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ (ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា) ៕
ចែករំលែកព័តមាននេះ