ទីក្រុងម៉ូស្គូ៖ រុស្ស៊ីអំពាវនាវឱ្យភាគីជម្លោះអាមេរិក និងវេណេហ្ស៊ូអេឡាប្រើប្រាស់ការអត់ធ្មត់ជាអតិបរមា និងជៀសវាងការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ។ ការថ្លែងដូច្នេះស្របពេលដែលអាមេរិកបញ្ជូនកងទ័ព និងអាវុធទំនើបៗហ៊ុមព័ទ្ធវេណេហ្ស៊ូអេឡា។ ក្រសួងការបរទេសរុស្ស៊ីសង្ឃឹមថារដ្ឋាភិបាលរបស់លោកត្រាំនឹងមិនធ្វើរឿងដ៏គ្រោះថ្នាក់ទេ និងថារដ្ឋាភិបាលរុស្ស៊ីកំពុងតែព្រួយបារម្ភដែលអាមេរិកសម្រេចចិត្តបិទខ្ទប់ដែនសមុទ្រវេណេហ្ស៊ូអេឡាអាចប៉ះពាល់ការដឹកជញ្ជូនទំនិញជាអន្តរជាតិ។

កាលពីថ្ងៃអង្គារ លោកត្រាំបានបញ្ជាឱ្យបិទខ្ទប់នាវាដឹកប្រេងទាំងអស់ដែលជាប់ទណ្ឌកម្មមិនអនុញ្ញាតឱ្យចេញចូលដែនសមុទ្រវេណេហ្ស៊ូអេឡាទេ។ ទន្ទឹមនឹងនោះ អាមេរិកបន្តគាបសង្កត់រដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូកាន់តែខ្លាំងឡើងៗ។ យោធាអាមេរិកចុះចាប់នាវាដឹកប្រេងមួយគ្រឿងដែលប្រុងបើកចេញពីវេណេហ្ស៊ូអេឡាកាលពីសប្ដាហ៍មុន។ ឥឡូវនេះ កប៉ាល់ដែលដឹកប្រេងរាប់លានបារ៉ែលកំពុងជាប់គាំងនៅដែនសមុទ្រវេណេហ្ស៊ូអេឡាព្រោះពួកគេមិនហ៊ានបើកចេញពីទីនោះទេខ្លាចអាមេរិកចាប់ទៀត។

ក្រសួងការបរទេសរុស្ស៊ីកត់សម្គាល់ថាភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំងនៅវេណេហ្ស៊ូអេឡាដែលរុស្ស៊ីចាត់ទុកប្រទេសជាមិត្តរបស់ខ្លួន។ អ្វីដែលជាបញ្ហាកង្វល់នោះគឺការសម្រេចចិត្តជាឯកតោភាគី (របស់អាមេរិកក្នុងការបិទខ្ទប់) ដែលអាចជាការគំរាមកំហែងចំពោះការដឹកជញ្ជូនទំនិញជាអន្តរជាតិ។ ក្រសួងការបរទេសរុស្ស៊ីសង្ឃឹមថារដ្ឋបាលរបស់លោកត្រាំបើពិតជាប្រើនយោបាយហេតុផលនិយម និងប្រតិបត្តិនិយមពិតមែនសូមកុំប្រព្រឹត្តកំហុសឆ្គងដ៏គ្រោះថ្នាក់ឱ្យសោះ។

រុស្ស៊ីថ្លែងថាខ្លួនចង់ឃើញការសន្ទនាគ្នាតាមសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងការ៉ាកាស់ ហើយរុស្ស៊ីសង្ឃឹមថាអាមេរិកនឹងមិនធ្វើឱ្យសភាពការណ៍នេះមានផលវិបាកធ្ងន់ធ្ងរហួសពីការស្មាននៅអឌ្ឍគោលខាងលិចទេ។ រុស្ស៊ីថាខ្លួនគាំទ្ររដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។ នៅក្នុងការចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត វិមានក្រឹមឡាំងអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់។

ក្រឹមឡាំងថាភាពតានតឹងចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងនៅក្នុងតំបន់។ ក្រឹមឡាំងចាត់ទុកថាសភាពការណ៍ពោរពេញដោយគ្រោះថ្នាក់បំផុត។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងថាលោកពូទីនទើបតែទាក់ទងតាមទូរស័ព្ទជាមួយលោកម៉ាឌូរ៉ូ។ លោកថ្លែងបន្តទៀតថាយើងសូមអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់ដើម្បីកុំឱ្យមានផលវិបាកធ្ងន់ធ្ងរដែលយើងនឹកស្មានមិនដល់។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ