ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​គ្រប់​ទិស​ទី ចូលរួម​ដើរ​ព្យុហយាត្រា ដើម្បី​សន្តិភាព

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី ព្យុហយាត្រា «​ដើរ​ដើម្បី​សន្តិភាព​» នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី ព្យុហយាត្រា «​ដើរ​ដើម្បី​សន្តិភាព​» នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ។

ព្រឹត្តិការណ៍​ធំ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ស្មារតី​ស្រលាញ់​សន្តិភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ជំរុញ​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀម​សំដៅ​សម្រេច​បាន​សន្តិភាព​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ។

ព្យុហយាត្រា «​ដើរ​ដើម្បី​សន្តិភាព​» របស់​មហា​គ្រួសារ​ខ្មែរ បាន​ចាប់ផ្ដើម​ចេញដំណើរ​ពី​បរិវេណ​ផ្សារ​រាត្រី​មាត់ទន្លេ ឆ្ពោះទៅ​កាន់​សួនច្បារ​វិមាន​ឯករាជ្យ ក្នុង​បរិយាកាស​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម ក្ដី​ជឿជាក់ និង​ស្មារតី​សាមគ្គីភាព​ជាតិ​។

«​សំឡេង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​គ្រប់​ទិស​ទី ពិតជា​មាន​ទម្ងន់​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ដ៏​មុត​ស្រួច​ថា យើង​ចង់បាន​សន្តិភាព​សម្រាប់​ប្រជាជាតិ​កម្ពុជា ថៃ និង​សម្រាប់​ប្រជាជាតិ​ទូ​ទាំង​ប្រទេស​!» នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី «​ដើរ​ដើម្បី​សន្តិភាព​» នៅ​បរិវេណ​សួនច្បារ​វិមាន​ឯករាជ្យ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ព្យុហយាត្រា «​ដើរ​ដើម្បី​សន្តិភាព​» ដែល ស​.​ស​.​យ​.​ក​. បាន​រៀបចំ​ឡើង​នា​ពេល​នេះ មាន​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ រួម​ទាំង​ប្រជាជន​ថៃ ផង​ដែរ ថា កម្ពុជា​មិន​ត្រូវការ​សង្គ្រាម កម្ពុជា​ចង់បាន​សុខ​សន្តិភាព ត្រូវការ​ការ​ផ្សះផ្សារ ដើម្បី​កសាង​ជំនឿ​ទុកចិត្ត​សារ​ជា​ថ្មី និង​បញ្ចប់​វិនាសកម្ម​ទាំងឡាយ​លើ​ប្រជាជាតិ​ប្រទេស​ទាំង​ពីរ​។ ទន្ទឹម​នឹង​នេះ វត្តមាន​ជនរួមជាតិ​ទាំងអស់ និង​ឆន្ទៈ​ដ៏​មោះមុត​របស់​បងប្អូន​ខ្មែរ​យើង ជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ថា ខ្មែរ​តែង​រួមសុខ រួមទុក្ខ និង​រួម​ទទួលខុសត្រូវ​លើ​ជោគវាសនា​ជាតិ​ខ្លួន ។

ក្នុង​ឱកាស​នោះ ឯកឧត្តម បាន​បង្ហាញ​ពី​មនោសញ្ចេតនា​គោរព​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​គ្រប់ពេលវេលា គ្រប់​វិនាទី ពី​ស្ថានភាព​នៅ​សមរភូមិ ព្រមទាំង​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ជនភៀសសឹក និង​គោរព​នូវ​វី​ភាព​របស់​កងទ័ព​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ធ្វើ​ជា​ខែល​ការពារ​ជាតិ​កម្ពុជា​ដ៏​រឹង​មាំ​។ ឯកឧត្តម ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង បន្ត​ផ្ដល់​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​យើង ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​នាំ​មក​នូវ​សុខ​សន្តិភាព​សម្រាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ