ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើទ្រនំខ្ពស់មួយខ្នងធ្វើពីឈើដំបូលប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង នាវលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ អ៊ុន គឹមហេង ជាស្ត្រីមេម៉ាយ អាយុ៨៨ឆ្នាំ រស់នៅតែម្នាក់ឯង ដោយកូនបែកទៅមានប្រពន្ធប្ដីអស់ ។ ប្រភពដដែលបានបន្តថាផ្ទះរងគ្រោះខាងលើមានទំហំ៨គុណនឹង១៦ ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីត្រូវបានអគ្គិភ័យឆេះឃើញនៅសល់តែឆ្អឹងមិនអាចជួយសង្គ្រោះបាន ។

ក្នុងពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគរបាលស្រុកបានប្រើប្រាស់រថយន្តចំនួន៦គ្រឿង និងប្រើទឹកអស់ចំនួន៩ រថយន្ត ទើបទប់ទល់សភាពការណ៍មិនរាលដាលទៅផ្ទះអ្នកដ៏ទៃ ប៉ុន្តែដោយស្ថានភាពផ្ទះឈើធ្វើយូរឆ្នាំ ងាយនឹងឆេះលឿន ទើបការជួយសង្គ្រោះមិនអាចធ្វើទៅបាន ។ ចំពោះមូលហេតុតាមប្រភពព័ត៌មានពីសាច់ញាតិថាបណ្ដាលមកពីអុជភ្លើងធូបចោលនៅលើអាសនៈនៅក្នុងបន្ទប់ ។ ទោះយ៉ាងណាពុំមាននរណារងគ្រោះក្នុងហេតុការណ៍ខាងលើនោះទេ ។

គួររំលឹកដែរថា ខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុនធ្លាប់មានអគ្គិភ័យឆេះតាមដងផ្លូវទៅផ្សារក្រោមចំនួន២ទៅ៣លើក និងការឆេះចុងក្រោយគឺឆេះនៅផ្សារឆ្នាំងចំណុចទំនប់បារាំងដែលការឆេះម្ដងៗអស់ផ្ទះច្រើនខ្នង ។

ប៉ុន្តែដោយឡែក រយៈពេលមួយឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ២០២៥នេះអគ្គិភ័យឆាបឆេះធំៗមានចំនួនតែ២ករណីប៉ុណ្ណោះ ក្នុងនោះ គឺឆេះនៅកន្លែងចម្រាញ់ប្រេងខ្មៅ មួយកន្លែង ក្នុងភូមិប៉ាហ៊ី ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រៅពីនោះឆេះតិចតួចដូចជាឆេះកញ្ជាំងស្រូវ និងពំនូកចំបើងជាដើម ៕






ចែករំលែកព័តមាននេះ