រាជធានីភ្នំពេញ ៖ ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែលពលករទេសន្តរប្រវេសន៍ គឺជា «វីរបុរស (Hero)» សម្រាប់គ្រួសារ និងសង្គមជាតិ ។ នេះជាប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ផ្ដល់តម្លៃដល់ពលករទេសន្តរប្រវេសន៍ និងគាំទ្រដល់ការវិលត្រឡប់ និងសមាហរណកម្មដោយជោគជ័យ» នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ។

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងសហភាពអឺរ៉ុប (EU) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហជីព សមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិជាដៃគូ និងអតីតពលករទេសន្តរប្រវេសន៍ សរុបប្រមាណ ២០០នាក់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាការរំលឹកឡើងវិញអំពីសារសំខាន់ក្នុងការបន្តលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងអត្ថប្រយោជន៍គាំពារសង្គមជូនដល់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការធ្វើឱ្យតួអង្គសំខាន់ទាំង ៥ (ពលករទេសន្តរប្រវេសន៍ផ្ទាល់, ក្រុមគ្រួសាររបស់ពលករទេសន្តរប្រវេសន៍, និយោជកនៃប្រទេសទទួល, ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសបញ្ជូននិងប្រទេសទទួល និងរដ្ឋាភិបាលនៃប្រទេសបញ្ជូននិងប្រទេសទទួល) នៃយន្តការទេសន្តរប្រវេសន៍ការងារមានភាពរីករាយនិងសប្បាយចិត្ត ។

ការធ្វើទេសន្តរប្រវេសន៍ការងារត្រូវតែមានសុវត្ថិភាព ដែលនេះជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដោយផ្តោតទាំងការផ្សព្វផ្សាយអំពីនីតិវិធីក្នុងការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ ការពង្រឹងយន្តការអធិការកិច្ចទីភ្នាក់ងារជ្រើសរើសឯកជន ការសម្រួលបន្ទុកចំណាយលើកម្រៃសេវាបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ការគាំពារនិងអន្តរាគមន៍របស់អនុព័ន្ធការងារជូនពលករទេសន្តរប្រវេសន៍នៅប្រទេសទទួល និងយន្តការនៃការធ្វើមាតុភូមិនិវត្តន៍និងសមាហរណកម្មរបស់បងប្អូនពលករទេសន្តរប្រវេសន៍ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវខកចិត្តចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលប្រទេសថៃ ដែលមិនបានផ្តល់ការឆ្លើយតប និងគាំពារពេញលេញដល់ពលករខ្មែរពីអំពើហិង្សា និងការបំពានលើរូបរាងកាយ ដែលបានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ជាពិសេសការចូលរួមក្នុងការកំណត់ និងផ្សព្វផ្សាយគោលការណ៍ណែនាំក្នុងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ ៕



ចែករំលែកព័តមាននេះ