ទីក្រុងប៉េកាំង៖ បន្ទាប់ពីអាមេរិកបញ្ជាឱ្យបិទខ្ទប់នាវាដឹកប្រេងដែលជាប់ទណ្ឌកម្មមិនឱ្យចេញចូលដែនសមុទ្រវេណេហ្ស៊ូអេឡា ប្រទេសចិនចាប់ផ្ដើមចេញអន្តរាគមន៍ជាបណ្ដើរៗហើយ។ ចិនយល់ថានេះជាទង្វើសម្លុតគំរាមកំហែង (វេណេហ្ស៊ូអេឡា) ដែលប្រព្រឹត្តឡើងជាឯកតោភាគីដោយអាមេរិក។ ទោះជាប្រកាសបែបនេះក្ដី ប្រទេសចិនមិនទាន់បង្ហើបឱ្យដឹងថាខ្លួននឹងជួយវេណេហ្ស៊ូអេឡាតាមវិធីណា ហើយក៏មិនបាននិយាយថានឹងត្រៀមទទួលយកប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកម៉ាឌូរ៉ូ ដើម្បីស្នាក់អាស្រ័យនោះទេ។

កាលពីដើមសប្ដាហ៍នេះ លោកដូណាល់ត្រាំបានបញ្ជាឱ្យបិទខ្ទប់នាវាដឹកប្រេងដែលជាប់ទណ្ឌកម្មទាំងអស់មិនឱ្យចេញ ឬចូលដែនសមុទ្រវេណេហ្ស៊ូអេឡាទេ។ ទន្ទឹមនឹងនោះ អាមេរិកបញ្ជូនកងទ័ព និងយុទ្ធោបករណ៍កាន់តែច្រើនឡើងៗទៅសមុទ្រការីប៊ីន។ ប្រទេសចិនទិញប្រេងឆៅពីវេណេហ្ស៊ូអេឡាច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅខែធ្នូនេះ ប្រទេសចិនដឹកប្រេងពីវេណេហ្ស៊ូអេឡាក្នុងមួយថ្ងៃៗជាង៦សែនបារ៉ែល (១បារ៉ែលស្មើនឹង១៥៩លីត្រ)។

ប្រទេសចិនជំទាស់គ្រប់ទម្រង់នៃការសម្លុតគំរាមកំហែងជាឯកតោភាគី ហើយចិនគាំទ្របណ្ដាប្រទេសនានាក្នុងការការពារអធិបតេយ្យភាពជាតិ និងកិត្យានុភាពជាតិរបស់ពួកគេ។ ខាងលើនេះជាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ទៅកាន់សមភាគីវេណេហ្ស៊ូអេឡារបស់លោកនៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ។ លោកវ៉ាងមិនបានបញ្ចេញឈ្មោះអាមេរិក ឬលោកត្រាំទេនៅក្នុងការសន្ទនាគ្នានោះ។ លោកក៏មិនបានបរិយាយលម្អិតថាចិននឹងផ្ដល់ការគាំទ្រវេណេហ្ស៊ូអេឡាបែបណា និងកម្រិតណាដែរ។ កាលពីពេលកន្លងមក ប្រទេសចិនប្រកាសពីការរឹតចំណងមិត្តភាពជាមួយវេណេហ្ស៊ូអេឡាប្រៀបបាននឹងមិត្តដែកថែប។

អាមេរិកកំពុងព្យាយាមកាត់ផ្ដាច់ប្រភពចំណូលរបស់វេណេហ្ស៊ូអេឡាដោយចាត់វិធានការទៅលើក្រុមភេរវកម្ម ក្រុមជួញដូរគ្រឿងញៀន និងក្រុមរត់ពន្ធមនុស្ស។ កាលពីសប្ដាហ៍មុន អាមេរិកចាប់កប៉ាល់ដឹកប្រេងមួយគ្រឿងនៅដែនសមុទ្រវេណេហ្ស៊ូអេឡា។ លោកម៉ាឌូរ៉ូអះអាងថាគោលបំណងពិតប្រាកដរបស់អាមេរិកគឺគ្រប់គ្រងប្រេងរបស់វេណេហ្ស៊ូអេឡា និងផ្ដួលរំលំរបបដឹកនាំរបស់គាត់។ នៅក្នុងបទសម្ភាសជាមួយប៉ូលីទីកូ (Politico) លោកត្រាំក៏ទទួលស្គាល់ផងដែរថាលោកម៉ាឌូរ៉ូជិតដល់ថ្ងៃទន្សាហើយ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ