រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃ ជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ!
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួន បាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះ គឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាម ដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ។
ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ ចំពោះស្រូវដែលធ្វើលក់ OM នេះដែរ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវ ដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះ គឺមានមនុស្សតិចតួចទេ ដែលបានដឹង ។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថា ស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថា ស្រូវទាំងអស់ គឺធ្លាក់ថ្លៃទាំងអស់។ ដោយឡែក ជាក់ស្តែងកសិករ ដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើង ពុំមានជួបបញ្ហាទាំងអស់នេះទេ។ សម្រាប់ស្រូវប្រាំងពេលនេះមានបញ្ហាដោយសារយើងសម្រុកធ្វើចង់ចំណេញច្រើន។ បើតាមស្ថិតិការធ្វើស្រូវប្រាំងនាឆ្នាំនេះ គឺជាង៧០ម៉ឺនហិកតា ក្នុងទំហំការដាំដុះជាង៧០ម៉ឺនហិកតានេះ ទម្រាំយើងប្រមូលផល គឺជិត៥លានតោន។ សម្រាប់ជិត៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អ៊ីចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះ បើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះ សុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។ អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះ មិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាម OM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថា ស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន ។
ឯកឧត្តមរដ្ឋមមន្ត្រី បានថ្លែងដោយបញ្ជាក់ថា សម្រាប់ស្រូវប្រភេទអង្ករខ្មែរយើង អាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវ ក្នុងស្រុករបស់យើងគេត្រូវការស្រូវប្រភេទបែបនេះ សម្រាប់តម្រូវតាមទីផ្សារ។ ដោយឡែកសម្រាប់ប្រភេទស្រូវ OM ដូចយើងដឹងស្រាប់ហើយ គឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្ងួត គឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្ត្រីរបស់យើង បានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូបក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវ OM វិញ។ យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើអាស្រ័យតាមពួកគាត់ដោយ ក្នុងនេះបើគាត់ត្រូវការទឹកយើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថាបញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចង់រដូវកាលប្រមូលផល ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា អញ្ចឹងយើងត្រៀមជួយទៅតាមលក្ខខណ្ឌមួយចំនួន តែយ៉ាងណាយើងក៏មិនអាចជួយឱ្យដូចស្រូវខ្មែរយើងដែលមានទីផ្សារ ស្រាប់ដូចសព្វថ្ងៃនេះបានដែរ។ យ៉ាងណាក្រសួង ក៏គិតគូរជួយរយៈពេលវែង ហើយក៏ចង់ពិភាក្សាជាមួយប្រជាកសិករផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ក្នុងនេះ ចង់សួរថា បងប្អូនយើងចង់ក្លាយខ្លួនជាសហគមន៍ទំនើប ដែរឬក៏អត់ ? សម្រាប់សហគមន៍កសិកម្មទំនើបនេះ យើងនឹងជួយដល់បងប្អូនប្រជាកសិករយើង ឱ្យត្រឡប់មកធ្វើស្រូវសែនក្រអូប។ ឆ្នាំនេះ បងប្អូនខាតជាមួយស្រូវ OM ហើយពិសេសអ្នក ដែលជួលដីគេធ្វើស្រូវទាំងនេះ គឺដឹងតែខាតហើយ តែសម្រាប់អ្នកមិនបានជួលដីគេទេ គឺអាចទប់ទល់ និងអ្នក ដែលមានប្រភពទឹកល្អថែមទៀតអាចចំណេញខ្លះៗបាន។ ប៉ុន្តែបើរដូវថ្មី ពួកគាត់ចូលរួមជាមួយសហគមន៍កសិកម្មទំនើប គឺពួកគាត់មិនចាំបាច់ចំណាយលើស្រូវថ្មីទៀតទេ។ ដោយក្នុងនេះមានន័យថា ក្រសួងកសិកម្ម នឹងផ្តល់នូវកម្ចីដល់កសិករ ក្នុងការធ្វើស្រែតែម្តង។ ខ្ចីហើយកសិករដាំដុះ នៅពេលប្រមូលផលហើយទើបកាត់ថ្លៃកម្ចីទាំងនេះ សងដល់ក្រសួងវិញ នោះយើងនឹងឃើញប្រាក់ចំណេញតែម្តង។ អត់មានខាតទេ លើកលែងតែអាកាសធាតុអាក្រក់រាំងស្ងួតខ្លាំង តែក៏មានដល់ថ្នាក់បែបនេះដែរ ។
យ៉ាងណាក្តី បើតាម ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ពេលនេះសហគមន៍កសិកម្មទំនើប មានដើមទុនឱ្យកសិករខ្ចីដោយកសិករមិនព្រួយបារម្ភពីការគ្មានទុនសម្រាប់ដាំដុះស្រូវទៀតទេ។ ការធ្វើកសិកម្មនេះដែរ បើឱ្យខាតគឺមិនខាតទេ គ្រាន់តែចំណេញតិច ឬច្រើនប៉ុណ្ណោះ។ ពេលដែលយើងធ្វើម្នាក់ឯងពេលខ្លះចំណេញក៏ចំណេញកប់ក្តោង តែនៅពេលខាតក៏ខាតធ្ងន់ដែរ។ សម្រាប់នៅខែវស្សាក្រោយយើងធ្វើផ្ការំដួលទាំងអស់គ្នា ក្រសួងត្រៀមថវិកាសម្រាប់ជួយសហគមន៍កុំឱ្យពិបាកដាក់លុយខ្លួនឯង គ្រាន់តែនៅពេលលក់វិញត្រូវកាត់សងកម្ចីហ្នឹងមកវិញ ៕
ចែករំលែកព័តមាននេះ