ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​នៅ​វៀតណាម​រង​ផល​ប៉ះ​ពាល់ ព្រោះ​គោលនយោបាយ​រឹត​បន្តឹង​របស់រដ្ឋាភិបាល

2 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ ផលិតកម្ម​ស្រា​បៀរ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ ៤% នៅ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ព្រោះតែ​បណ្តា​ក្រុមហ៊ុនផលិតស្រាបៀរ​ជា​ច្រើន​កំពុង​តស៊ូ​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress…

ប្រទេស​វៀតណាម ៖ ផលិតកម្ម​ស្រា​បៀរ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ ៤% នៅ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ព្រោះតែ​បណ្តា​ក្រុមហ៊ុនផលិតស្រាបៀរ​ជា​ច្រើន​កំពុង​តស៊ូ​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក ង្វៀ​ន វ៉ា​ន់ វៀត (Nguyen Van Viet) ប្រធាន​សមាគម​ស្រា​បៀរ និង​ភេសជ្ជៈ​របស់​ប្រទេស​វៀតណាម​បាន​ថ្លែង​ថា ឧស្សាហកម្ម​ស្រា​បៀរ​បាន​រង​ផល​ប៉ះពាល់​ដោយ​គោលនយោបាយ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល ពិសេស​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ​។ ហើយ​កត្តា​នេះ​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ និង​ឧស្សាហកម្ម​ផ្សេង​ទៀត ដែល​ផ្គត់ផ្គង់​សម្ភារៈ និង​សេវាកម្ម​ដល់​បណ្តា​ក្រុមហ៊ុនផលិតស្រាបៀរ​។ តួយ៉ាង នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ឧស្សាហកម្ម​ស្រា​បៀរ​វៀតណាម​បានឃើញ​ការ​ធ្លាក់​ចុះ​ប្រចាំឆ្នាំ​ចាប់ពី ៦-១២% នៃ​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​។

ក្រុមហ៊ុនស្រា​បៀរ​ហូ​ឡង់ Heineken បាន​ប្រកាស​ថា ការ​ផលិត​ស្រា​បៀរ​នៅ​ជុំវិញ​ពិភពលោក​របស់​ខ្លួន​បាន​ធ្លាក់​ចុះ ៤.៧% ភាគច្រើន​ដោយសារ​តែ​ទីផ្សារ​ប្រទេស​វៀតណាម និង​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​បិទ​រោងចក្រ​របស់​ខ្លួន​នៅ​ខេត្ត​ក្វា​ង​ណា​ម ប្រទេស​វៀតណាម កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​។

ក្រុមហ៊ុនស្រា​បៀរ​ផ្សេង​ទៀត​ក៏​បាន​រាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ក្នុង​ឆមាស​ទី​មួយ​របស់​ពួក​គេ​ផង​ដែរ​។ ក្រុមហ៊ុន​ក្នុងស្រុក Saigon – Western Beer បានឃើញ​ការ​ធ្លាក់​ចុះ​រហូត​ដល់ ១៨% ខណៈ​ដែល Saigon – Phu Tho Beer បាន​ខាតបង់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុ​ង ស្មើនឹង ៤០,៧០០​ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​ប្រាក់​ចំណេញ ២៦០​លាន ស្មើនឹង ១០,៦០០​ដុល្លារ​អា​មេ​រិ​ក​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន អ្នកស្រី លី គី​ម​ជី (Ly Kim Chi) ប្រធាន​សមាគម​ចំណីអាហារ និង​ចំណីអាហារ​របស់​ទីក្រុង​ហូ​ជី​មិ​ញ បាន​និយាយ​ថា ការ​ទទួលទាន​ភេសជ្ជៈ រួម​ទាំង​ស្រា​បៀរ និង​ស្រា​បាន​ថយ​ចុះ ដោយសារ​បទ​ប្បញ្ញត្តិ​ដ៏​តឹង​រឹង​របស់​រដ្ឋាភិបាល និង​ការ​រឹត​បន្តឹង​ខ្សែក្រវាត់​អ្នក​ទទួលទាន​ផង​ដែរ​។ អ្នកស្រី​បន្ត​ថា បណ្តា​ក្រុមហ៊ុនផលិតស្រាបៀរ​កំពុង​ដោះស្រាយ​ការ​កើនឡើង​ថ្លៃដើម និង​ដំណើរការ​ផលិត​ហួស​សម័យ ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​។

អ្នកស្រី​បាន​កត់​សម្គាល់ថា ដើម្បី​កែ​លម្អ​ដំណើរការ​ឧស្សាហកម្ម​ស្រា​បៀ​ក្នុងស្រុក បណ្តា​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍ​ផលិតផល ដែល​ស្រប​តាម​និន្នាការ​អ្នក​ទទួលទាន​សម័យ​ទំនើប និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ផលិត​របស់​ពួក​គេ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ង្វៀ​ន វ៉ា​ន់ វៀត បាន​អំពាវនាវ​ឱ្យ​មាន​គោលនយោបាយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ស្រា​បៀរ​ក្នុងស្រុក ដោយ​លោក​លើក​ឡើង​ថា «​ខ្ញុំ​គាំទ្រ​ការ​រឹត​បន្តឹង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ប៉ុន្តែ​បទ​ប្បញ្ញត្តិ​ចាំបាច់​ត្រូវ​តែ​កែសម្រួល​ឱ្យ​សម​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​ប្រទេស​វៀតណាម​»៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ