ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ ស ថេ​ត ចង់​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍ អប់រំ​អ្នកបើកបរ​ល្មើសច្បាប់ ជា​ជាង​ចាប់​ផាកពិន័យ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ យល់​ឃើញ​ថា កម្លាំង​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ យល់​ឃើញ​ថា កម្លាំង​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវ​បង្កើន​ការ​អប់រំ​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព ជា​ជាង​ឃាត់​ចាប់​ផាកពិន័យ ព្រោះថា ការ​ផាកពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​មិន​គោរព​ច្បាប់ ហាក់​មិន​ជោគជ័យ​ដើម្បី​ឲ្យ​មនុស្ស​គោរព​ច្បាប់​ឡើយ ការ​ធ្វើ​បែប​នេះ ដូច​ធ្វើបាប​ប្រជាពលរដ្ឋ​ទៅ​វិញ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បង្ហាញ​ការ​យល់​ឃើញ​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកបើកបរ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​អាហារ ព្រមទាំង​ផ្តល់​ប័ណ្ណ​ថ្លែងអំណរគុណ និង​មួក​សុវត្ថិភាព​ជា​អនុស្សាវរីយ៍ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​ត្រឹមតែ​យើង​ម្នាក់​ៗ ដែល​ប្រើប្រាស់​ផ្លូវ យើង​មិន​គោរព​ច្បាប់ យើង​ខ្លាច​តែ​នគរបាល យើង​អត់​គោរព​ច្បាប់​..​។ ច្បាប់​នោះ គោលការណ៍​នោះ ការ​អនុវត្ត​នោះ យន្ដការ​ផ្សេង​ៗ មិន​ជោគជ័យ​ទេ ច្បាស់​ណាស់​! ឥឡូវ ឧទាហរណ៍​ថា មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ​០១​លាន​រៀល ក៏​នៅ​តែ​មិន​ជោគជ័យ បែរជា​ធ្វើបាប​ពលរដ្ឋ​វិញ នេះ​មិនមែន​ជា​ចំណុច​មួយ​កែ​ឲ្យ​មនុស្ស​ទាំងអស់​គោរព​ច្បាប់​នោះ​ទេ​» ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​បន្ត​ថា ការងារ​នេះ ត្រូវ​ប្រើប្រាស់​ពេលវេលា ហើយ​ទាមទារ​ឲ្យ​គ្រប់​អ្នក​ពាក់ព័ន្ធ ចូលរួម​សហការ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព​ទាំងអស់​។ យូរ​ៗ​ទៅ នៅ​ពេល​ប្រជាពលរដ្ឋ​មាន​ស្មារតី​គោរព​ច្បាប់​ហើយ​នោះ ស្ទើរតែ​តាម​ដងផ្លូវ មិន​ចាំបាច់​មាន​ភ្លើងស្ដុប ឬ​មន្ត្រី​នគរបាល​ចរាចរណ៍ ទៀត​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្ត​ទៀត​ថា អ្នកបើកបរ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​អាហារ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស កុំ​ទទួល​របស់​បញ្ញើ ដែល​ខុសច្បាប់ ដូច​ជា​គ្រឿងញៀន និង​អាវុធ​ជាតិ​ផ្ទុះ​ជាដើម ដើម្បី​កុំឱ្យ​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ទាំងអស់​នេះ ពីព្រោះ​ថា ជា​អំពើ​ខុសច្បាប់ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​អ្នក​ដឹក​ជញ្ជូន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ និង​សាកសួរ នូវ​ប្រភព​ទំនិញ​ទាំងឡាយ​ណា ដែល​មានការ​សង្ស័យ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​ទៅ​នឹង​ការ​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ដូច​ជា គ្រឿងញៀន អាវុធ​ជាតិ​ផ្ទុះ និង​របស់​បញ្ញើ​ផ្សេង​ៗ ដែល​ខុសច្បាប់​។ ពីព្រោះ​ថា ការ​ដឹក​ជញ្ជូន​របស់​ប​ញ្ជើ ដែល​ខុសច្បាប់ វា​អាច​នាំ​ឱ្យ​អ្នក​ដឹក​ជញ្ជូន មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​នោះ​ដែរ​» ។

ទន្ទឹម​នឹង​នេះ នាយ​ឧត្តមសេនីយ៍ ស ថេ​ត ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន និង​អ្នក​ដឹក​ជញ្ជូន​ទាំងអស់ ត្រូវ​រាយការណ៍​មក​ខាង​សមត្ថកិច្ច នៅ​ក្នុង​ករណី ដែល​សង្ស័យ​ថា មានការ​ដាក់​បញ្ញើ​ខុសច្បាប់ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​នៅ​មុខសញ្ញា​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍ ដោយ​ពិនិត្យ​ឃើញ​ថា កន្លង​មក បងប្អូន​អ្នក​ប្រកប​របរ​ដឹក​ជ​ញ្ចូ​ន​ទំនិញ និង​ម្ហូបអាហារ​មួយ​ចំនួន តែង​ឧស្សាហ៍​បើកបរ​លឿន​ៗ វ៉ា​ជែង​ល្មើស​ល្បឿន និង​បំពាន​សិទ្ធិ​អាទិភាព​អ្នកបើកបរ​ដទៃ ដែល​កត្តា​ទាំងនេះ បាន​ជះ​នូវ​ឥទ្ធិពល​អាក្រក់​ដល់​របៀបរៀបរយ​លើ​ដងផ្លូវ​សាធារណៈ ពិសេស​ទទួល​រង​នូវ​ការ​រិះគន់​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បានឃើញ​ផ្ទាល់ និង​តាម​បណ្តាញ​សង្គម​ជាដើម ។

ក្នុង​ន័យ​នេះ នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ណែនាំ​ឱ្យ​បងប្អូន​គោរព​ច្បាប់ និង​គិត​ពី​អាយុជីវិត​ផ្ទាល់ខ្លួន​ជា​រឿង​សំខាន់ និង​អាទិភាព​ចំពោះ​មុខ ។ សូម​បងប្អូន​កុំ​គិតតែ​ការ​ចង់​បំពេញ​ឱ្យទាន់​ចិត្ត​ចង់បាន​របស់​អតិថិជន ហើយ​ភ្លេច​គិត​ពី​ផល​ប៉ះពាល់​ដល់​ខ្លួនឯង ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែនការ​ងារ​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យ​ដឹង​ថា ក្នុង​០៨​ខែ​ដើម ឆ្នាំ​២០២៤​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ កើតឡើង​ដល់ ៥៩១​ករណី ដែល​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​សរុប ១៧៣​នាក់ ។ ក្នុង​ចំនួន​៥៩១​ករណី​នេះ មាន​៦០​ភាគរយ កើតឡើង​ដោយសារ​ការ​ល្មើស​ល្បឿន និង​៤០​ភាគរយ បើកបរ​ដោយ​ធ្វេសប្រហែស មិន​គោរព​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ