ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្ពុជា នៅ​UN ៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​ព្រឹត្តិការណ៍​ផ្លូវច្បាប់ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន និង​កសាង​ទំនុកចិត្ត​សាធារណៈ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​ព្រឹត្តិការណ៍​ផ្លូវច្បាប់ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​ព្រឹត្តិការណ៍​ផ្លូវច្បាប់ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន និង​កសាង​ទំនុកចិត្ត​សាធារណៈ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា មានការ​រំខាន​យ៉ាង​ខ្លាំង ដោយ​សេចក្តីថ្លែងការណ៍​បំភ័ន្ត និង​រើសអើង​ពី​សំណាក់​អ្នកជំនាញ​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ឱ្យ​ប្រើ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ។

ថ្លែងការណ៍​បាន​លើក​ឡើង​ទៀត​ថា ការ​អំពាវនាវ​ឱ្យ​ព្យួរ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ពី​សំណាក់​អ្នកជំនាញ​សិទ្ធិ​មនុស្ស គឺជា​ការ​មាក់ងាយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ បាល​ក្នុង​ការ​លើកកម្ពស់​ក្រមសីលធម៌ និង​ស្តង់ដា​អ្នក​សារព័ត៌មាន​គ្រប់​ទម្រង់ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ធម្មនុញ្ញ​នេះ បម្រើ​ជា​ស្តង់ដា អនុវត្ត​ជាតិ ដែល​បង្ហាញផ្លូវ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ទន្ទឹម​នឹង​ការ លើកកម្ពស់​សេរីភាព សារព័ត៌មាន និង​សេរីភាព នៃ​ការ បញ្ចេញមតិ ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ផ្លូវច្បាប់ ដែល​ការពារ​អ្នក​សារព័ត៌មាន និង​កសាង​ទំនុកចិត្ត​សាធារណៈ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ប្រភព​បាន​បន្ត​ថា ការ​ចោទប្រកាន់​ថា ធម្មនុញ្ញ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​គ្មាន “​ការ​ប្រឹក្សា យោបល់​ឱ្យ បាន​ទូលំទូលាយ គឺ​គ្មាន​ហេតុផល​ទាល់តែ​សោះ​។ ជាក់ស្តែង ធម្មនុញ្ញ​នេះ ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ផ្អែក​លើ​កិច្ច​ពិគ្រោះ​យោបល់ និង​វាយតម្លៃ​យ៉ាង​ទូលំទូលាយ ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​មាន អ្នក​សារព័ត៌មាន សមាគម​ប្រព័ន្ធ ផ្សព្វផ្សាយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាង​៣០០​នាក់​។ ដើម្បី​ធានា​បាន នូវ​បរិយាកាស​អំណោយផល​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​មតិយោបល់​របស់​សមាគម​សារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​នានា ត្រូវ​បាន​យក​មក​ពិចារណា និង​ដាក់​បញ្ចូល​យ៉ាង​យកចិត្តទុកដាក់​។ ធម្មនុញ្ញ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ អ្នក​សារព័ត៌មាន និង​សម្រាប់​អ្នក​សារព័ត៌មាន ដើម្បី​បម្រើ​ប្រយោជន៍​វិជ្ជាជីវៈ និង​រក្សា​ទំនុកចិត្ត​សាធារណៈ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ទៀត​ថា ការ​ចោទប្រកាន់​ថា ធម្មនុញ្ញ​មិន​បាន​បញ្ចូល «​ការ​បដិសេធ នូវ​ផលប្រយោជន៍​សាធារណៈ និង​ការ​បង្កើត​«​ឧ​បា​ស្រាយ​ចាំបាច់​»​ឱ្យ​បាន​សម​ស្រប គឺជា​ការ​ភាន់ច្រឡំ​ទាំងស្រុង​។ កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រប​តាម​ច្បាប់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សេរីភាព​នេះ មិន​អាច​ពង្រីក​វិសាលភាព​ដល់​សេរីភាព​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ និង​ព័ត៌មាន​ភាន់ ច្រឡំ​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​បាន​បន្ថែម​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បែប​នេះ ត្រូវ​អនុលោម​តាម រដ្ឋធម្មនុញ្ញ និង​ច្បាប់​សារព័ត៌មាន​។ ដូច្នេះ ធម្មនុញ្ញ​នេះ ត្រូវ​បាន​បង្កើត​ឡើង​សំដៅ​ធានា​សន្តិសុខ​ព័ត៌មាន ដើម្បី​បម្រើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​គោលបំណង សិទ្ធិ​មនុស្ស និង​ធានា​នូវ​សិទ្ធិ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​ការ​ពិត ។

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​ថា ការ​ប្រកាស​ឱ្យ​ប្រើ​ធម្មនុញ្ញ​នេះ ធ្វើ​ឡើង​ទាន់​ពេលវេលា​ចាំបាច់ ក្នុង​គោលបំណង​លើកកម្ពស់ សណ្តាប់ធ្នាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពង្រឹង​ក្រមសីលធម៌​សារព័ត៌មាន​។ ស្រប​នឹង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​បណ្តាញសារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ជាង ២.០០០ និង អ្នក​សារព័ត៌មាន​ជាង ១០.០០០​នាក់ ការ​បង្កើត ស្តង់ដា​ប្រតិបត្តិការ​ច្បាស់លាស់​សម្រាប់ ក្រមសីលធម៌ អ្នក​សារព័ត៌មាន ស្រប​តាម​ច្បាប់ និង​ស្តង់ដា​អប្បបរមា គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​លើកកម្ពស់ និង​ការពារ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ផលប្រយោជន៍​សាធារណៈ ។

ប្រភព​បន្ថែម​ថា ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នកជំនាញ​សិទ្ធិ​មនុស្ស តាម​មាត្រា​១៩ កថា​ខ័​ណ្ឌ ៣ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ បញ្ជាក់​ថា ការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ ត្រូវ​ភ្ជាប់​ជាមួយ នូវ​កាតព្វកិច្ច ទំនួល​ខុស​ត្រូវ និង​ដែន​កំណត់​ពិសេស ដែល​កំណត់​ដោយ​ច្បាប់ និង​ភាព​ចាំបាច់​ក្នុង​កិច្ច ការពារ​សិទ្ធិ​អ្នក​ដ៏​ទៃ សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ សាធារណៈ ឬ​សីលធម៌​។ អនុលោម​តាម​កតិកាសញ្ញា​អន្តរជាតិ​នេះ ធម្មនុញ្ញ​នេះ​មិន​បាន បំពាន​សេរីភាព នៃ​ការ​បញ្ចេញមតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​បង្កើត បរិយាកាស​អំណោយ ផល​សម្រាប់​វិជ្ជាជីវៈ សារព័ត៌មាន ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​លើកកម្ពស់​សេរី ភាព​សារព័ត៌មាន ទៅ​វិញ​នោះ​ទេ ។

ការ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ការពារ និង​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរី និង​កំណែទម្រង់​ច្បាប់ និង​គោលនយោបាយ គឺ​គ្មាន​ហេតុផល​។ សេរីភាព ឯករាជ្យ​ភាព និង​កិច្ច​ការពារ​ស្របច្បាប់ ត្រូវ​បាន​ធានា​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ពិតប្រាកដ​។ ការ​អនុម័ត ធម្មនុញ្ញ​នេះ បាន​គូសបញ្ជាក់ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជម្រុញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​លើកកម្ពស់​ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ នៅ​ទូ​ទាំង​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ធានា​ថា សេរីភាព នៃ​ការ​បញ្ចេញមតិ​ត្រូវ​បានការ​ពារ ខណៈ​ដែល​សិទ្ធិ​អ្នក​ដទៃ ក៏​ត្រូវ​បាន​លើកកម្ពស់ ការ​អនុវត្ត​សេរីភាព​ទាំងនេះ គួរតែ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់ នៃ​ច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ ទទូច​ឱ្យ​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ទាំង​អស់នោះ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​ក្រមសីលធម៌ សម្រាប់​អ្នក​កាន់​អាណត្តិ នៃ​នីតិវិធី​ពិសេស ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន រួម​ទាំង​ការ​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ ដែល​អាច​បកស្រាយ​បាន​ថា ជា​ការ​ជ្រៀតជ្រែក​យុ​ត្តិ​ធិ​ការ​ក្នុងស្រុក​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ