ប្រេងឆាក្លែងក្លាយ ៥យីហោ ដែលសារព័ត៌មានវៀតណាមចុះផ្សាយ កាលពីពេលថ្មីៗនេះ ត្រូវបានអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មអះអាងថា មិនទាន់បង្ហាញវត្តមាននៅតាមគោលដៅមួយចំនួន ជាពិសេស គឺនៅរាជធានីឡើយ ។

ប្រភពដដែលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកទាំង៥ ពោល គឺ CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD ។
ស្ថាប័ននេះ បានអះអាងនៅថ្ងៃទី១៨ ខែតុលាថា ក្រោយពេលដែលទទួលព័ត៌មាននេះ មន្ត្រីជំនាញរបស់ខ្លួនបានបន្តចុះពិនិត្យ និងស្រាវជ្រាវស្វែងរកផលិតផលទាំងនោះជាបន្តបន្ទាប់នៅតាមបណ្តាគោលដៅចំនួន៣៦ទីតាំង ទាំងផ្សាររដ្ឋ ទាំងផ្សារឯកជន ផ្សារបោះដុំ ផ្សារទំនើបម៉ាតជាដើម ស្ថិតក្នុងភូមិសាស្ត្ររាជធានី ប៉ុន្តែមិនទាន់បានរកឃើញវត្តមានប្រេងឆាទាំងនោះនៅឡើយទេ ។

ប្រភពដដែលបានអះអាងថា មន្ត្រីជំនាញ នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។
ប្រភពដដែលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញលក់ ឬប្រើប្រាស់ផលិតផលប្រេងឆា ដែលមានម៉ាកទាំង៥ ពោល គឺ CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD ។

ប្រភពដដែលបានបន្តថា នៅក្នុងករណីពើបប្រទះ សូមធ្វើការទំនាក់ទំនងមកមន្ត្រីជំនាញជាបន្ទាប់ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា ។
ថ្មីៗនេះសារព័ត៌មានវៀតណាមបានចុះផ្សាយថា រដ្ឋបាលសុវត្ថិភាពម្ហូបអាហារ វៀតណាម បានរកឃើញផលិតផលប្រេងឆាខាងលើផលិតដោយ ក្រុមហ៊ុន GF Vietnam Food Co., Ltd. ដែលមាន អាសយដ្ឋាន ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ជាផលិតផលក្លែងក្លាយ ៕
ចែករំលែកព័តមាននេះ