ខេត្តបាត់ដំបង ៖ ភ្លៀងធ្លាក់មិនខ្លាំងទេ តែបង្កឲ្យមានខ្យល់កន្ត្រាក់វាយប្រហារយ៉ាងខ្លាំងក្លាទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតអស់ជាង២០ខ្នង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ មេសា ដែលប៉ះទៅលើឃុំចំនួន០៤ ក្នុងស្រុកថ្មគោល ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ឃុំចំនួន០៤ ក្នុងស្រុកថ្មគោល ដែលរងការប៉ះទង្កិចដោយខ្យល់កន្ត្រាក់ គឺឃុំជ្រោយស្ដៅ ឃុំបឹងព្រីង ឃុំតាម៉ឺន និងឃុំគោកឃ្មុំ ។ លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន២១ខ្នង នៅក្នុងឃុំទាំង០៤នាក់ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ត្រឹមមួយដង្ហើមចង្រិត ដែលភាគច្រើនរបើកដំបូល ហើយក៏បង្កឲ្យគ្រោះថ្នាក់កម្មកររោង
ម៉ាស៊ីនកិនស្រូវម្នាក់ផង ។ នេះបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋាន ។

ជុំវិញករណីគ្រោះធម្មជាតិខាងលើនេះ អធិការស្រុកថ្មគោល លោក សេង លុច បានបញ្ជាក់បន្ថែមថា «កាលពីម្សិលមិញនេះ មានឃុំចំនួន០៤ នៅស្រុកថ្មគោល បានរងផលប៉ះពាល់ ដោយខ្យល់
កន្ត្រាក់ និងលាយឡំជាមួយភ្លៀងធ្លាក់បន្តិចបន្តួចផង ។ ប៉ុន្តែភ្លៀងមិនខ្លាំងទេ ខ្លាំងនឹងខ្យល់
កន្ត្រាក់ដែលវាយប្រហារលើផ្ទះប្រជាពលរដ្ឋត្រឹមមួយប៉ព្រិចភ្នែក ធ្វើឲ្យខូចខាតផ្ទះអស់ជាង២១ខ្នង របួសមនុស្សម្នាក់តែស្រាល»។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គមរបស់ខ្លួន ក្រោយមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ប៉ះទង្កិចទៅលើតាមបណ្ដាស្រុកមួយចំនួនក្នុងទឹកដីខេត្តបាត់ដំបង ។ មន្ទីរជំនាញនេះ បានផ្សព្វផ្សាយថា «នៅរសៀលថ្ងៃទី១៧ មេសា នេះ នៅក្នុងភូមិសាស្ត្រខេត្តបាតដ៉បង មានភ្លៀងធ្លាក់ក្នុងកំរិតខ្សោយ ទៅកំរិតមធ្យម ដែលប៉ះទៅលើស្រុកថ្មគោល ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងប្ញស្សី» ប៉ុន្តែមន្ទីរនេះ គេមិនបាននិយាយពីលផលប៉ះពាល់ទេ។

របាយការណ៍ដែលកោះសន្តិភាពទទួលបានមានតែស្រុកថ្មគោលមួយទេ នៅក្នុងចំណោមស្រុកខាងលើនេះ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ នាដើមរដូវវស្សា។ ប៉ុន្តែយ៉ាងណា ពាក់ព័ន្ធនឹងបាតុភូមិគ្រោះធម្មជាតិនេះ គេសង្កេតឃើញមន្ទីរធនធានទឹក និងឧតុនិយមខេត្តតែងតែប្រកាសជូនដំណឹងជាបន្តបន្ទាប់ តាមបណ្ដាញសង្គមរបស់ខ្លួន ស្ដីពីការបម្រែបម្រួល«អាកាសធាតុ»នេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាមុន និងត្រៀមលក្ខណៈប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ