ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង កំពុង​ជន់​លិច​ផ្ទះសម្បែង ក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ ឃុំ​ចំនួន​ពីរ នៅ​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង ហើយ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង បាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច បាន​ជម្លៀស​ប្រជាពលរដ្ឋ…

ខេត្តមណ្ឌលគិរី ៖ ឃុំ​ចំនួន​ពីរ នៅ​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង ហើយ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង បាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច បាន​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​កាន់​ទីទួល​សុវត្ថិភាព​អស់ហើយ ។

លោក សាន គឹ​ម​អ៊ា​ប អភិបាលស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង បាន​ជន់​ឡើង​នៅ​វេលា​ទៀប​ភ្លឺ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ដែល​ឃុំ​ទាំង​ពីរ​ស្ថិត​នៅ​ក្បែរ​គ្នា​។ ក្នុង​នោះ ឃុំ​មេ​ម៉​ង មានការ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ​ប្រមាណ ៥​ទៅ​៦​ភូមិ ចំណែក​ឃុំ​ចុង​ផ្លាស់ ប៉ះពាល់​ប្រមាណ ២​ភូមិ​។ ក្នុង​ករណី​នេះ កម្លាំង​សមត្ថកិច្ច​ក្នុង​តំបន់ បាន​ធ្វើការ​ជម្លៀស​ពលរដ្ឋ ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ហើយ ។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​ក្នុង​តំបន់​ជន​លិច បាន​បញ្ជាក់​ថា ផ្នែក​ខ្លះ នៃ​ឃុំ​ទាំង​ពីរ កំពុង​ជន​លិច​ខ្លាំង គឺ​ទឹកបាន​ហក់​ឡើង​ខ្ពស់ រហូត​កន្លែង​ខ្លះ​ត្រឹម​ទ្រូង ឬ​ឡើង​ខ្ពស់​ផុត​ក្បាល​ទៅ​ទៀត​។ ផ្លូវ​សំខាន់​ៗ ដើម្បី​ធ្វើ​ដំណើរ​ពី​ទីរួមខេត្ត​ទៅ​កាន់​ឃុំ​មេ​ម៉​ង់ បាន​ជន​លិច​ខ្លាំង​នៅ​ពេល​ព្រឹក ត្រង់​ចំណុច​អូរ​ឆាង ប៉ុន្តែ​គិត​រហូត​ដល់​ថ្ងៃត្រង់ ទឹកបាន​ស្រក​ទៅ​វិញ​បន្តិច រថយន្ត​អាច​ធ្វើ​ដំណើរ​បាន ។

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​កោតសរសើរ និង​អរគុណ​ដល់​លោក​មេ​ប៉ុស្តិ៍ ព្រមទាំង​មន្ត្រី​នគរបាល​ទាំងអស់ នៃ​ស្រុក​កែវ​សីមា ដែល​បាន​ស្ម័គ្រចិត្ត​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​ជាប់​គាំង និង​លេចលង់​ដោយ​គ្រោះ​ទឹកជំនន់ ។

យ៉ាងណា​ក៏​ដោយ ចំពោះ​ឃុំ​ទាំង​ពីរ ជា​រៀង​រាល់​ឆ្នាំ តែង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ប្រសិនបើ​រាំងភ្លៀង ទឹក​ក៏​ឆាប់​ស្រក់​ទៅ​វិញ លឿន​ផង​ដែរ ។

ជា​ទូទៅ​ភូមិសាស្ត្រ​ឃុំ​ទាំង​ពីរ ត្បិត​មិន​ស្ថិត​ជាប់​ដង​ទន្លេ ប៉ុន្តែ​មាន​ខ្សែ​អូរ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ហក់​ឡើង​ពី​អូរ​ទាំងនោះ បណ្ដាល​ឲ្យ​ជន​លិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ