ខេត្តកំពង់ឆ្នាំង ៖ អាជីវករលក់ដូរក្នុងផ្សារពន្លៃ ស្រុកបរិបូណ៌ បានត្អូញត្អែរពីប្រព័ន្ធទឹកលូនៅក្នុងផ្សារមិនបានល្អធ្វើឲ្យលិចលង់ពេលភ្លៀងខ្លាំងម្ដងៗ ។ ជាក់ស្ដែង កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ភ្លៀងបានធ្លាក់មួយមេ បង្កឲ្យលិចក្នុងផ្សារត្រឹមក្បាលជង្គង់ ។
អាជីវករលក់ដូរក្នុងផ្សារពន្លៃ នៅព្រឹកថ្ងៃទី១៨ កញ្ញា បានបញ្ជាក់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ថ្ងៃនេះទឹកបានស្រកទៅវិញ បន្ទាប់លិចអស់មួយយប់ ។ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងម្ដងទៀត វានឹងលិចដូចដើមវិញ ហើយបញ្ហានេះកើតឡើងជាដដែលៗក្នុងមួយរដូវវស្សានេះលេចបួនប្រាំដងហើយ ។
ពួកគាត់ជាអាជីវករសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកបរិបូណ៌ សូមមេត្តាជួយជំរុញឲ្យអ្នកម៉ៅការភាស៊ីផ្សារជួយស្ដារប្រព័ន្ធលូរំដោះទឹកឲ្យពួកគាត់លក់ដូរបានស្រួលផង ។ ព្រោះបើពុំដូច្នោះទេ របស់របរពួកគាត់មួយចំនួនត្រូវខូចខាតដោយសារលិចទឹកអស់ហើយ ជាក់ស្ដែង ដូចកាលពីថ្ងៃម្សិលមិញនេះជាដើម ពួកគាត់រើអីវ៉ាន់ស្ទើរមិនទាន់ ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍បានបញ្ជាក់ថា ជុំវិញបញ្ហាផ្សារនេះ ដោយសារស្ថានភាពធ្វើផ្លូវជាតិលេខ៥ ដែលមានប្រព័ន្ធលូនៅខ្ពស់ជាងកម្ពស់ផ្សារមិនអាចលូចេញទៅបាន ។ កន្លងមក អ្នកម៉ៅការភាស៊ីផ្សារ ក៏ធ្លាប់ស្ដារលូជាញឹកញាប់ដែរ ។ តែបងប្អូនជាអាជីវករខ្លះទៀត មិនយកចិត្តទុកដាក់យកសំរាម ឬរបស់ផ្សេងៗញាត់ចោលក្នុងលូទើបបង្កឲ្យផ្ទះបែបនេះ ។
លោកក៏បានបញ្ជាក់ថា ផ្សារនេះបើមិនចង់ឱ្យទឹកលិច លុះត្រាលើកផ្សារឲ្យខ្ពស់។ តែកន្លងមក ធ្លាប់សាកល្បងសួរអាជីវករ ហើយគាត់ថា ធ្វើយ៉ាងដូច្នេះ គឺខាតពេលវេលាលក់ដូរ ។ ម្ល៉ោះហើយ ជម្រើសចុងក្រោយ មានតែពេលស្ទះម្ដងៗ ឲ្យម្ចាស់អាជីវកម្មទារភាស៊ី ស្ដារលូឬដាក់ម៉ាស៊ីនបូមទឹកចេញតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ